កែម ឡី៖ ១៥ចំនុច ដើម្បី​ស្រាយ​បញ្ហា​អន្តោប្រវេសន៍ និង​ព្រំដែន

ដោយស្ថានភាពឡើងកំដៅខ្លាំង ពាក់ព័ន្ធនឹង បញ្ហាព្រំដែនកម្ពុជា-វៀតណាម ក្នុងប៉ុន្មានថ្ងៃនេះ អ្នកស្រាវជ្រាវ​ផ្នែក​នយោបាយ និង​សង្គម លោក កែម ឡី បានផ្តល់យុទ្ធសាស្ត្រចំនួន១៥ ដល់រាជរដ្ឋាភិបាល ក៏​ដូច​ជា​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន និងជនអន្តោប្រវេសន្ត (ខុសច្បាប់) យ៉ាងមានប្រសិទ្ឋិភាព និងនិរន្តភាព។
កែម ឡី៖ ១៥ចំនុច ដើម្បី​ស្រាយ​បញ្ហា​អន្តោប្រវេសន៍ និង​ព្រំដែន
ខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម។ (រូបថតឯកសារ)
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី៣ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 04, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក កែម ឡី អ្នកវិភាគផ្នែកនយោបាយ និងសង្គមដ៏ល្បីម្នាក់នៅកម្ពុជា បានរៀបរាប់លើជញ្ជាំង ទំព័រ​ហ្វេសប៊ុក​​របស់លោក នូវគោលការណ៏ទាំង១៥ ចំណុច ដើម្បីដោះស្រាយបញ្ហា «ព្រំដែន» និង​«ជន​អន្តោ​ប្រវេសន៍» នៅកម្ពុជា ឲ្យមានប្រសិទ្ឋិភាព និងនិរន្តភាព។ តើគោលការណ៍ទាំង១៥ ជាអ្វីខ្លះ? សូមតាមដាន ការ​លើក​ឡើង របស់លោក កែម ឡី ដូចខាងក្រោម៖

០១- កម្ពុជាត្រូវដកខ្លួន ចេញពីចលនា ស.ស.ឥ (សាធារណរដ្ឋសង្គមនិយមឥណ្ឌូចិន ដែលបច្ចុប្បន្ន​ ជាកិច្ច​សហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ ហៅជាភាសាអង់គ្លេស៖ CLV Cooperation) និងដកខ្លួនចេញ ពី​កិច្ច​អភិវឌ្ឍន៏តំបន់កន្ទុយនាគ ដែលមានលក្ខណៈមិនស្មើភាព និងមិនមានតម្លាភាព។

០២- ប្រមុខរដ្ឋ គួរបង្កើតគណកម្មការព្រំដែន ថ្នាក់ជាតិ១ ដែលមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ឋ (រដ្ឋាភិបាល គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងអ្នកជំនាញព្រំដែន)។

០៣- សិក្សាស្រាវជ្រាវ និងចងក្រងឯកសារ ពីបច្ចុប្បន្នភាពព្រំដែនទាំងផ្លូវច្បាប់, ផ្លូវនយោបាយ, ភូមិសាស្រ្ត, ប្រជាសាសន៏, វិទ្យាសាស្រ្ត និងវប្បធម៌។ និងដាក់របាយការណ៏ស្រាវជ្រាវ ឲ្យមានការពិគ្រោះយោបល់ ទូលំ​ទូលាយ ពីអ្នកជំនាញ និងសាធារណៈជន សម្រាប់គណកម្មការព្រំដែន«ថ្មី»ប្រើប្រាស់។

០៤- រៀបចំមេធាវីល្បីៗទាំងជាតិ និងអន្តរជាតិសម្រាប់ គ្រប់ដំណាក់កាល នៃការប្តឹងតវ៉ាជាមួយភាគី ប្រទេស​ជិតខាង។

០៥- រៀបចំប្តឹងតវ៉ា ទៅយន្តការតំបន់ (ASEAN) យន្តការ អន្តរជាតិ (Paris Peace Agreement ១៩៩១) និង​តុលាការ​យុត្តិធម៌ អន្តរជាតិ (ICJ)។

០៦- ផ្តល់អាទិភាពខ្ពស់បំផុត លើការរៀបចំផែនការ កសាងផ្លូវតាមព្រំដែន និងហេដ្ឋារចនាសម្ព័ន្ឋរូបវន្ត តាម​ខ្សែបន្ទាត់ព្រំដែន។

០៧- រៀបចំផែនការអភិវឌ្ឍន៏ភូមិ តាមព្រំដែន ជាលក្ខណៈពិសេស និងជាក់ស្តែង លើគម្រោងវិនិយោគឃុំ និង​សង្កាត់។

០៨- ពង្រាយកងកំលាំងប្រដាប់អាវុធ គ្រប់ច្រកតាមព្រំដែន និងយន្តការល្បាត តាមព្រំដែនជាប្រចាំ និង​តឹង​តែងបំផុត ក្នុងការទប់ស្កាត់ការឈ្លានពាន ពីសំណាក់ប្រទេសជិតខាង។ ការលើកទឹកចិត្តដល់កងកំលាំង និង​ក្រុមគ្រួសារពួកគាត់ ឲ្យរស់នៅក្នុងសេចក្តីថ្លៃថ្នូរ ជាការចាំបាច់ក្នុងការការពារព្រំដែន និងទប់ស្កាត់ជន​អន្តោ​ប្រវេសន្ត ហូរចូលកម្ពុជា។

០៩- រឹតបណ្តឹងការចេញចូលរបស់ជនបរទេសជាពិសេស ជនជាតិយួនដែលបន្លំជាជនភៀសខ្លួន និងជាជន​អន្តោប្រវេសន្តខុសច្បាប់មកលើទឹកដីប្រទេសកម្ពុជា។

១០- បញ្ជូនជនអន្តោប្រវេសន្តខុសច្បាប់ទាំងអស់ ទៅប្រទេសដើមវិញ ដោយមានការសហការ ជាមួយ​អង្កការ​សហប្រជាជាតិ និងប្រទេសជិតខាងខ្លួន និងរៀនសូត្រមេរៀនពីប្រទេសថៃ ដែលបានបញ្ជូនកម្មករខ្មែរ​មក​កម្ពុជា នៅឆ្នាំ២០១៤។ ប៉ុន្តែត្រូវគោរពគោលការណ៏ សិទ្ឋិមនុស្សអន្តរជាតិ ជាចាំបាច់។

១១- លុបចោល និងរឹបអូសមកវិញ នូវដីសម្បទានសេដ្ឋកិច្ច ដែលមានហានិភ័យ ដល់បូរណភាណទឹកដីខ្មែរ។ និងរឹបយកមកវិញនូវការទិញ និងជួលដីតាមព្រំដែន ដោយខុសច្បាប់ និងរំលោភលើដែនដី នៃប្រទេស​កម្ពុជា។

១២- ពង្រឹងការគ្រប់គ្រងប្រព័ន្ឋទិន្នន័យភូមិ ឃុំ និងវិមជ្ឈការការងារគ្រប់គ្រង វិភាគទិន្នន័យ ជាពិសេស​ទិន្នន័យ ប្រជាសាស្ត្រ តាមភូមិនិងឃុំ សង្កាត់នីមួយៗ។

១៣- រៀបចំគោលការណ៏វិមជ្ឈការដោយផ្ទាល់ (ប្រជាធិបតេយ្យដោយផ្ទាល់) តាមរយៈការផ្តល់សិទ្ឋិ​រស់​នៅ​ស្របច្បាប់ និងសញ្ជាតិ ដោយមានការបោះឆ្នោត ពីប្រជាពលដ្ឋ តាមភូមិនីមួយៗ។ និងស្មើទៅរដ្ឋាភិបាល និង​ព្រះមហាក្សត្រ ជាអ្នកផ្តល់សញ្ជាតិ ដល់ជនបរទេសណាម្នាក់។

១៤- ពង្រឹងគុណភាព និងតម្លាភាពនៃការគ្រប់គ្រង ប្រព័ន្ឋទិន្នន័យ (Database system) សម្រាប់ភ្ញៀវ​ទេស​ចរណ៏ ឲ្យមានប្រសិទ្ឋិភាព និងមានការចូលរួមពេញលេញ ពីអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង។

១៥- បង្កើតដៃគូរជាយុទ្ឋសាស្រ្ត ជាមួយសហរដ្ឋអាមេរិច គ្រប់ជ្រុងជ្រោយ ជាពិសេសភូមិសាស្រ្តនយោបាយ (Strategic & Institutionalized Partnership between Cambodia and USA) និង​បង្កើន​កិច្ច​សហការ ជា​មួយ​ប្រទេសនានា លើសកលលោក ក្នុងយន្តការតំបន់ (ASEAN, ASEAN+ ) និង​យន្តការ​សកល (Global Partnership Mechanisms)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...