ផៃ ស៊ីផាន ថា អ៊ុំ សំអាន មានចេតនាយកជើងជាន់ផែនទីព្រំដែន
- ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី០៤ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 04, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្គ្រាមពាក្យសម្ដី ជុំវិញរឿងព្រំដែន កម្ពុជា-វៀតណាម នៅបន្តទៅមុខ មិនចេះដាច់។ ហើយការឆ្លើយឆ្លង ទាក់ទងនឹងការយកជើង «ជាន់»ផែនទីផ្លូវការ ក៏ដូចជានៅទាន់ស្ងាត់នៅឡើយដែរ។ លើកនេះ ដល់វេនលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រីម្ដង ដែលបានសរសេរចោទ ដោយត្រង់ៗ តំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ថាមានចេតនាយកជើងជាន់ផែនទីផ្លូវការ ដែលត្រូវបានទេសរដ្ឋមន្ត្រីទទួលបន្ទុកខាងព្រំដែន លោក វ៉ា គឹមហុង យកមកបង្ហាញ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២ ខែកក្កដា។
នៅលើគណនេយ្យហ្វេសប៊ុក «អង្គភាពប្រតិកម្មរហ័ស» ដែលគេស្គាល់ថា ជារបស់លោក ផៃ ស៊ីផាន នោះ មានសរសេរថា៖ «អ្នកតំណាងរាស្រ្ត អ៊ុំ សំអាន មណ្ឌលសៀមរាប របស់គណបក្សសង្រ្គោះជាតិ បានយកជើងជាន់ដោយចេតនា លើផែនទីផ្លូវការ ដែលជាមរតករបស់ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ជាមួយនិង(សេច)ក្ដីប្រកាស មិនទទួលស្គាល់ផែនទីផ្លូវការ ដែលបានតម្កល់នៅអង្គការ សហប្រជាជាតិ ដោយអះអាងបន្ថែមថា ផែនទីជាផ្លូវការនេះ គូសដោយភាគីវៀតណាម»។
មន្ត្រីអ្នកនាំពាក្យ របស់រដ្ឋាភិបាលជាន់ខ្ពស់ បានបន្តសរសេរទៀតថា៖ «ខ្ញុំប្រាកដមិនអាចទទួលយកបាន នូវសកម្មភាព និងពាក្យសម្ដីគ្មានការទទួលខុសត្រូវ ស្ដែងជាសាធារណៈ របស់អ្នកតំណាងរាស្រ្តរូបនេះ ដែលប្រមាថ និងវាយប្រហារលើដែនសមត្ថកិច្ច និងការ ទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដែលអាចធ្វើអោយមាន ឧបសគ្គចំពោះការងារព្រំដែន រវាងប្រទេសទាំងពីរ ដែលបានប្រឌិតចោទថា “រាជរដ្ឋាភិបាលប្រើប្រាស់ផែនទី ផលិតដោយភាគី វៀតណាម”»។
ប៉ុន្តែអ្នកតំណាងរាស្ត្រខ្លួនឯង លោក អ៊ុំ សំអាន បានប្រតិកម្មករណីនេះរួចហើយ កាលពីថ្ងៃទី៣ ខែកក្កដាម្សិលម៉ិញ ទៅនឹងសារព័ត៌មានក្នុងស្រុកមួយ ដែលបានធ្វើរបាយការណ៍ ពីករណីនេះ ភ្លាមៗ នៅក្រោយសន្និសីទសារព័ត៌មាន របស់លោក វ៉ា គីមហុង។ នៅក្នុងលិខិតមួយ ផ្ញើរទៅសារព័ត៌មានក្នុងស្រុកនោះ លោក អ៊ុំ សំអាន បានបដិសេធថា លោកមិនបានយកជើង ជាន់លើផែនទីព្រំដែនទាំងនោះទេ។ រីឯការប្រកាស របស់លោកទេសរដ្ឋមន្ត្រី ថាប្រយ័ត្នកុំជាន់ផែនទី ព្រោះមានតែមួយសន្លឹកនោះ ជាការប្រកាសមិនចំពោះ ទៅកាន់នរណាម្នាក់ឡើយ។ (សូមអានលិខិតសិទ្ធិឆ្លើយតប របស់លោក អ៊ុំ សំអាន នៅខាងក្រោមអត្ថបទនេះ)
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន នៅមិនទាន់អស់ចិត្តទេ បើទោះជាលោកបានសរសេរ ចោទប្រកាន់តំណាងរាស្ត្រ មកពីគណបក្សប្រឆាំង ហើយក៏ដោយ។ នៅប្រមាណជា កន្លះម៉ោងក្រោយមក លោក ផៃ ស៊ីផាន បានសរសេរបន្ថែម នៅលើជញ្ជាំង គណនេយ្យហ្វេសប៊ុក លោកទៀតថា៖ «សូមអ្នកនយោបាយទាំងឡាយ មេត្តាកុំយកគំរូតាម អ្នកនយោបាយទាំងពីររូបនេះ ព្រោះទង្វើពួកគាត់ នឹងនាំមកអន្តរាយ ដល់ប្រទេសជាតិ។ (...) អ្នកតំណាងរាស្រ្ត អ៊ុំ សំអាន មណ្ឌលសៀមរាប របស់គណបក្សសង្រ្គោះជាតិ ជាអ្នកជំនាញខាងញុះញង់ រឿងព្រំដែន រើសអើងពូជសាសន៍ ប្រឆាំងជនជាតិវៀតណាម និងជាន់ផែនទីផ្លូវការ ដែលជាមរតករបស់ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ បានតម្កល់នៅអង្គការ សហប្រជាជាតិ។»
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កំពុងព្យាយាមសុំប្រតិកម្ម ពីលោក អ៊ុំ សំអាន ហើយនឹងធ្វើការចុះផ្សាយ នូវប្រតិកម្មរបស់លោក នៅក្នុងអត្ថបទលើកក្រោយ៕
» សូមអានលិខិតរបស់លោក អ៊ុំ សំអាន ប្រតិកម្មទៅនឹងការផ្សាយ របស់សារព័ត៌មានក្នុងស្រុកមួយ ដូចខាងក្រោម៖