ផៃ ស៊ីផាន៖ កឹម សុខា បង្ហាញ​ពី​បរាជ័យ របស់​អ្នក​ដឹកនាំ​បដិវត្តន៍​ពណ៌

បន្ទាប់ពីលោក កឹមសុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងទស្សនកិច្ចនៅអាមេរិក បានប្រកាសសារភាពថា លោក និងគណបក្សសង្គ្រោះជាតិ មិនអាចផ្តួលរំលំរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបាននោះ លោក ផៃ ស៊ីផាន មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ថ្លែងអបអរចំពោះការសារភាពនេះ។ លោកថា ការសារភាពរបស់លោក កឹម សុខា បង្ហាញពីការពិត នៃភាពបរាជ័យរបស់បដិវត្តន៍អហិង្សា ឬបដិវត្តន៍ពណ៌ ដែលរៀបចំលោក កឹម សុខា។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 17, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងចំអកដល់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បន្ទាប់ពីលោក កឹម សុខា បានសារភាព និងបង្ហាញក្តីអស់សង្ឃឹម ចំពោះមុខអ្នកគាំទ្រខ្មែរ នៅអាមេរិក ថាលោក និងគណបក្សសង្គ្រោះជាតិ មិនអាចផ្តួលរំរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរយៈកម្លាំងមហាជន ធ្វើបាតុកម្ម នៅតាមដងផ្លូវ។

មន្រ្តីជាន់ខ្ពស់ នៃទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកថា៖ «សេចក្តីសារភាពរបស់ ឯ.ឧ កឹម សុខា ដែលបានចេញជាសារនៅ សហរដ្ឋអាមេរិក បានបង្ហាញពីការពិត នៃភាពបរាជ័យ របស់បដិវត្តន៍អហិង្សា ឬបដិវត្តន៍ពណ៌ ដែលរៀបចំ យ៉ាងហោចណាស់ ដោយបុគ្គលម្នាក់ គឺ ឯ.ឧ កឹម សុខា។ ភាពបរាជ័យ របស់អ្នកដឹកនាំបដិវត្តន៍ពណ៌ របស់ ឯ.ឧ កឹម សុខា គឺជាពិសោធន៍ដ៏ជូរចត់ របស់កម្ពុជា ដែលបង្កឲ្យមានសកម្មភាពវឹកវរ អាណាធិបេតយ្យ បំពាននីតិរដ្ឋ នីត្យានុកូលភាព និងដំណើការទៀងទាត់ របស់អំណាចសាធារណៈ។»

លោកបន្តថា មិនត្រឹមតែបង្ក បំផុសបំផុលឲ្យបះបោរ ប្រឆាំង និងនីត្យានុកូលភាព របស់ប្រជាជាតិនោះទេ គឺជាការតតាំងជាមួយនឹងព្រះមហាក្សត្រ តតាំងនឹងរដ្ឋធម្មនុញ្ញ ដោយចង់ផ្តួលរំលំរបប និងអំណាចរដ្ឋតាមរយៈ ការបះបោរ ដែលគេសង្កេតឃើញសកម្មភាពដូចគ្នានេះ នៅប្រជាជាតិមជ្ឈឹមបូព៌ា មួយចំនួន ដែលគេហៅថា អារ៉ាប់ស្ព្រីង (Arab Spring)។ ការសារភាពនេះ សរបញ្ជាក់ឲ្យឃើញថា ពាក្យនៃការលើកតំកើងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រាន់តែជាពាក្យភូតភរ បោកប្រាស់ប្រជាពលរដ្ឋ ដើម្បីឲ្យសម្រេចបាននូវមហិច្ឆតា ដណ្តើមអំណាចរដ្ឋ តាមបដិវត្តន៍អហិង្សា គឺមិនមែនតាមបែបបទនីតិវិធី ដែលបានចែង នៅក្នុងរដ្ឋធម្មនុញ្ញនោះទេ។

លោក ផៃ ស៊ីផាន បានសរសេរបរិហារលោក កឹម សុខា បន្តថា៖ «ដូច្នេះការសារភាពរបស់ ឯ.ឧ កឹម សុខា នេះគឺជាប្រវត្តិសាស្ត្រ នៃចលនាបដិវត្តន៍ពណ៌ ចុងក្រោយរបស់កម្ពុជា ដែលយកលេស ការចូលរួមបោះឆ្នោត ការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត ជាមូលដ្ឋាននៃការប្រឌិត ញុះញង់ បង្កើតជាចលនាមហាជន ដើម្បីផ្លាស់ប្តូររបប ឬអ្នកដឹកនាំតែប៉ុណ្ណោះ។ នេះជាប្រជាធិបតេយ្យបែបព្រៃ របស់ ឯ.ឧ កឹម សុខា ដែលលោកបានបញ្ជាក់ ប្រាប់សារជាថ្មី "ការធ្វើបាតុកម្ម ដើម្បីផ្លាស់ប្តូររបប និងទម្លាក់ថ្នាក់ដឹកនាំពុំបានសម្រេចទេ"។»

«ខ្ញុំសង្ឃឹមថា ឯ.ឧ កឹម សុខា នឹងបញ្ឈប់ការទាក់ទាញ និងហ្វឹកហ្វឺន មនោគមវិជ្ជាឧទ្ទាម នៃការធ្វើបដិវត្តន៍អហិង្សា ឬបដិវត្តន៍ពណ៌ ចំពោះខ្មែរ-អាមេរិកកាំង ស្ម័គ្រចិត្តមកបៀតបៀន ភាពសុខសាន្ត និងសន្តិភាពរបស់កម្ពុជា។ ទុកឲ្យកម្ពុជាមានឱកាស ក្នុងការពង្រឹងនីតិរដ្ឋបន្ថែមទៀត សម្អាតមន្ត្រីអាក្រក់ ប្រឆាំងនឹងអំពើពុករលួយ ស្វែងរកយុត្តិធម៌ ព្រមទាំងការពារបូរណភាពទឹកដីរបស់ខ្លួន។ សូមឲ្យកម្ពុជា ស្ថិតនៅក្នុងស្ថានភាពសន្តិភាព និងអភិវឌ្ឍន៍។» នេះការបន្ថែមចុងក្រោយ របស់អ្នកនាំពាក្យសំបូវោហាស័ព្ទ លោក ផៃ ស៊ីផាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...