ផៃ ស៊ីផាន ថា កឹម សុខា ជាមេដឹកនាំ«បដិវត្តន៍ពណ៌» នៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៧ មីនា ២០១៥
- កែប្រែចុងក្រោយ: March 17, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី ផាន បានសរសេរ ដាក់ការចោទប្រកាន់ ទៅលើអនុប្រធាន គណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងជាអនុប្រធានទី១ នៃរដ្ឋសភា នីតិកាលទីប្រាំនេះថា រាល់សកម្មភាពវឹកវរ ភាពអនាធិបតេយ្យ និងពិសោធន៍ដ៏ជូរចត់ ដែលបានកើតឡើង ក្នុងប្រទេសកម្ពុជា ថានោះជាការដឹកនាំ បែប«បដិវត្តន៍ពណ៌» របស់លោក កឹម សុខា។
ក្នុងគណនីហ្វេសប៊ុកផ្ទាល់ របស់លោក អ្នកនាំពាក្យ នៃទីស្តីការគណៈរដ្ឋមន្ត្រី រូបនេះ បានសរសេរថា ដោយសារភាពបរាជ័យ របស់អ្នកដឹកនាំបដិវត្តន៍ពណ៌ (កឹម សុខា) នាពេលកន្លងមក បានធ្វើការបំពារបំពាន លើនីតិរដ្ឋ នីត្យានុកូលភាព និងដំណើការទៀងទាត់ របស់អំណាចសាធារណៈ រហូតដល់បង្ក ការបំផុសបំផុល ឲ្យមានការបះបោរ ប្រឆាំងនឹងនីត្យានុកូលភាពរបស់ប្រជាជាតិ តតាំងជាមួយ នឹងព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ ក្នុងគោលបំណងចង់ផ្តួលរំលំរបប និងអំណាចរដ្ឋតាមរយៈការបះបោរ។
ការចោទប្រកាន់ របស់លោកមន្រ្តីជាន់ខ្ពស់ គណបក្សប្រជាជនរូបនេះ ធ្វើឡើងឆ្លើយតបទៅនឹង ការលើកឡើងរបស់លោក កឹម សុខា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ នៅទីក្រុងឡុងប៊ិច ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ពីបរាជ័យរបស់គណបក្សសង្គ្រោះជាតិ ក្នុងយុទ្ធនាការបាតុកម្ម ដោយមហាជនក្នុងពេលកន្លងមក។ (សូមទស្សនាវីដេអូ ពីសម្ដីរបស់លោក កឹម សុខា ទាំងស្រុង ដូចខាងក្រោម)
លោក ផៃ ស៊ីផាន បានសរសេរទៀតថា សកម្មភាពកន្លងមក របស់លោក កឹម សុខា ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិរូបនេះ ដែលបង្កឲ្យមានការបះបោប្រឆាំង នឹងអាជ្ញាធរសាធារណៈនោះ មានសភាព និងលក្ខណៈដូចគ្នា ទៅនឹងប្រជាជាតិមជ្ឈឹមបូព៌ាមួយចំនួន (Arab Spring) និងបានចាត់ទុកថា នេះជា«ប្រជាធិបតេយ្យបែបព្រៃ» របស់លោក កឹម សុខា ជូនចំពោះប្រជាពលរដ្ឋខ្មែរ-អាមេរិកកាំងមួយចំនួន ដែលអសមានចិត្ត និងគំនិតឈ្នានីសបំផ្លាញសន្តិភាព និងភាពក្សេមក្សាន្តរបស់កម្ពុជា។ លោក ផៃ ស៊ីផាន បានសរសេរទៀតថា៖ «ការសារភាពនេះ សរបញ្ជាក់ឲ្យឃើញថា ពាក្យនៃការលើកតំកើង ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រាន់តែជាពាក្យភូតភរ បោកប្រាស់ប្រជាពលរដ្ឋ ដើម្បីឲ្យសម្រេចបាននូវមហិច្ឆតា ដណ្តើមអំណាចរដ្ឋ តាមបដិវត្តន៍អហិង្សា គឺមិនមែនតាមបែបបទនីតិវិធី ដែលបានចែង នៅក្នុងរដ្ឋធម្មនុញ្ញនោះទេ។»
យ៉ាងណាក៏ដោយ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានសរសេរអបអរ ការបោះបង់ភាព “ឧទ្ទាម” ដែលលោកថា ជាចរិកនយោបាយរបស់លោក កឹម សុខា ហើយលើកយកការសន្ទនាគ្នា មកអនុវត្តន៍វិញ។ លោក ផៃ ស៊ីផាន បានស្រង់សម្ដីអគ្គរដ្ឋទូតបារាំង បានថ្លែងថា «ការតតាំងនៅតាមជញ្ជើមថ្នល់ មិនមែនជាទិសដៅ នៃលទ្ធិប្រជាធិបតេយ្យ»ទេ ខណៈ អគ្គលេខាធិការ អង្គការសហប្រជាជាតិ បាន គីមូន ក៏ត្រូវបានលោក ផៃ ស៊ីផាន លើកយកមកបញ្ជាក់ដែរ នូវការអបអរសាទរ របស់ប្រមុខអង្គការអន្តរជាតិកំពូល ដែលបានធ្វើចំពោះមុខ «សម្តេចតេជោ ហ៊ុន សែន អំពីវប្បធម៌សន្ទនា ជាគុណភាព និងទិសដៅ នៃនយោបាយរបស់កម្ពុជា»។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្ម ពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានទេ ចំពោះការចោទប្រកាន់ខាងលើនេះ ដោយគ្មានអ្នកទទួលទូរស័ព្ទ។
យល់ឃើញដោយឡែក ពីលោក ផៃ ស៊ីផាន ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោកយ៉ង់ គឹមអេង បានថ្លែងប្រាប់ទស្សនាវដ្តី កាលពីពេលថ្មីៗនេះ ដោយចាត់ទុកការតវ៉ា ដោយអហិង្សារបស់ប្រជាពលរដ្ឋ ជាទង្វើស្របច្បាប់ ស្របរដ្ឋធម្មនុញ្ញ ដែលរដ្ឋាភិបាល ដែលជាថ្នាក់ដឹកនាំគួណាស់ ផ្តល់ការយកចិត្តទុកដាក់ និងជួយដោះស្រាយ ជៀសជាងការបង្ក្រាប។ លោក គឹមអេង បានថ្លែងថា ប្រទេសដែលកំពុងអួតខ្លួនថា ជាប្រទេសកំពុងគោរពលិទ្ធិប្រជាធិបតេយ្យនោះ តោងមានការដោះស្រាយ ដោយសន្តិវិធី ចំពោះការទាមទាររបស់ពលរដ្ឋ ក្នុងប្រទេសខ្លួន។
លោក យ៉ង់ គឹមអេង បានបញ្ជាក់ដូច្នេះថា៖ «ការតវ៉ា ក្នុងសង្គមប្រជាធិបតេយ្យ វាបែបហ្នឹងឯង។ (...) បើមិនចង់ឃើញរូបភាពបែបហ្នឹង (ការតវ៉ា) ទាល់តែយើង កុំនាំគ្នាបង្ហាញ ចង់បាន ឬទាមទារ លិទ្ធិប្រជាធិបតេយ្យ។ (...) ប្រជាធិបតេយ្យ កាលណាមានការខុសឆ្គង ការមិនពេញចិត្ត គេធ្វើការទាមទារ ធ្វើការតវ៉ា ឬជំទាស់ដោយសន្តិវិធី មិនម្តងម្កាលទេ អាចកើតឡើងជាញឹកញាប់ ឬសឹងគ្រប់ពេលវេលា។ (...) ថ្នាក់ដឹកនាំទាំងនោះ ក្នុងការដោះស្រាយ បញ្ហាតវ៉ា ឬការទាមទារ ក៏ត្រូវមានភាពចាស់ទុំ ក្នុងការដោះស្រាយបញ្ហានោះ។»៕
សូមទស្សនាការថ្លែងរបស់លោក កឹម សុខា ដូចតទៅ៖