បក្ស​ប្រឆាំង​ថា ​ល្បិច​បំបែក​បំបាក់​របស់​បក្ស​កាន់​អំណាច «បរាជ័យ»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃនេះ បានអះអាងថា គណបក្សលោកនៅតែមាន​ជំហរឯកភាព​គ្នាល្អដដែល គ្មានការខ្វែងគំនិតគ្នា ដូចការចោទប្រកាន់របស់គណបក្សប្រជាជនកម្ពុជានោះទេ។ លោក កឹម សុខា បានហៅ​ការលើកឡើង របស់គណបក្សកាន់អំណាចថា ជាល្បិចកលបំបែកបំបាក់របស់គណបក្សប្រជាជន ដែលចង់បំភ្លើស​បោក​ប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយល្បិចទាំងនេះ ត្រូវបរាជ័យហើយ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: October 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃនេះ បានអះអាងថា គណបក្សលោកនៅតែមាន​ជំហរឯកភាព​គ្នាល្អដដែល គ្មានការខ្វែងគំនិតគ្នា ដូចការចោទប្រកាន់របស់គណបក្សប្រជាជនកម្ពុជានោះទេ។ លោក កឹម សុខា បានហៅ​ការលើកឡើង របស់គណបក្សកាន់អំណាចថា ជាល្បិចកលបំបែកបំបាក់របស់គណបក្សប្រជាជន ដែលចង់បំភ្លើស​បោក​ប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយល្បិចទាំងនេះ ត្រូវបរាជ័យហើយ។


លោក កឹម សុខា (អាវស) ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្រ ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៣ នៅទីស្នាក់ការទួលគោក។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - «ពេលនេះ ល្បិចកលរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបរាជ័យហើយ»។ នេះ គឺជាពាក្យរបស់លោក កឹម សុខា អនុប្រធាន និងជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីស្នាក់ការ​គណបក្សរបស់ខ្លួននៅរាជធានីភ្នំពេញ នាថ្ងៃចន្ទទី១៤ខែតុលានេះ។ លោក កឹម សុខា ដែលបានថ្លែងបែបនេះ ប្រតិកម្ម​ទៅ​នឹងការលើកឡើងរបស់គណបក្សប្រជាជនកម្ពុជា ដែលថាថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សសង្គ្រោះជាតិ​កំពុងតែខ្វែង​គំនិតគ្នា។ លោក កឹម សុខា បានហៅការចោទប្រកាន់នេះថា វាគ្រាន់តែជា«ល្បិចកល» ដើម្បីចង់បំបែកបំបាក់​អ្នក​ប្រជាធិបតេយ្យ អ្នកស្នេហាជាតិ របស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។

អនុប្រធានគណបក្សប្រឆាំងរូបនេះ បានបន្តថា ល្បិចរបស់គណបក្សប្រជាជនបែបនេះ គឺជាល្បិចដដែលៗ ដែលគេស្គាល់​អស់ហើយ ដោយល្បិចនេះ ធ្លាប់ធ្វើបានសម្រេចជាមួយ នឹងគណបក្សសេរីនិយមព្រះពុទ្ធសាសនារបស់ លោកតា សឺន សាន តែប៉ុណ្ណោះ។ តែពេលនេះ មិនអាចធ្វើបានសម្រេចឡើយ ជាមួយនឹងគណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា បាន​អះអាងថា ពេលនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែមានគោលជំហរឯកភាពគ្នាច្បាស់លាស់រឹងប៉ឹងជាទីបំផុត។ លោកថា តាមពិតទៅគណបក្សប្រជាជនកម្ពុជាវិញទេ ដែលត្រូវភ័យខ្លាចចំពោះការបែកបាក់គ្នា នៅក្នុងផ្ទៃក្នុងបក្សខ្លួន។

កាលពីថ្ងៃទី ១២ ខែតុលាកន្លងទៅ ខុទ្ទការល័យរបស់លោក ស ខេង សមាជិកគណៈអចិន្ត្រៃ គណៈកម្មាធិកាលកណ្តាល​គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា គណបក្សសង្គ្រោះជាតិកំពុង​ខ្វែងគំនិតគ្នា​ហើយ។ ខ្វែងគំនិតគ្នាដោយសារថា លោក សម រង្ស៊ី បានប្រាប់លោក ស ខេង ថា គណបក្សសង្គ្រោះជាតិលែងចង់បាន​តំណែងជាប្រធានរដ្ឋសភា តែលោក កឹម សុខា និងលោក យឹម សុវណ្ណ បែរជានិយាយថាគណបក្សប្រឆាំងនៅតែរក្សាជំហរ​របស់ខ្លួនដូចដើម គឺទាមចង់ឲ្យមានតុល្យភាពអំណាច តាមរយៈដំណែងជាប្រធានរដ្ឋសភា។ នេះបើតាមខ្លឹមសារនៃសេចក្តី​ប្រកាសព័ត៌មានរបស់ខុទ្ទកាល័យលោក ស ខេង ដដែលនោះ។

ទាក់នឹងបញ្ហានេះ លោក ជាម យៀប មន្រ្តីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នៅ​ថ្ងៃនេះថា គណបក្សលោកមិនបានប្រើល្បិចអ្វីជាមួយនឹងគណបក្សសង្រ្គោះជាតិឡើយ ហើយមួយវិញទៀត​គណបក្ស​ប្រជាជនគ្មានបញ្ហាផ្ទៃក្នុងនោះទេ ដែលធ្វើឲ្យគណបក្សប្រឆាំង ព្រួយបារម្ភឡើយ។ តែផ្ទុយទៅវិញគណបក្សនេះ គួរតែ​ពង្រឹងនូវការឯកភាពគ្នានៅក្នុងផ្ទៃក្នុង កុំឈ្លោះគ្នា មុននឹងឈានទៅរកការចរចាជាមួយ​នឹងមន្រ្តីគណបក្សកាន់អំណាច​នោះ។

អ្នកតាមដានស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា បានយល់ឃើញថា រាល់សកម្មភាពរបស់អ្នក​នយោបាយ​នីមួយៗ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ធ្វើឡើងសុទ្ធតែក្នុងគោលដៅ​ដើម្បីចំណេញផលប្រយោជន៍​នយោបាយសម្រាប់​បក្សរៀងៗខ្លួន ដោយមិនបានតម្កល់ផលប្រយោជន៍ពលរដ្ឋជាធំនោះទេ។ ម្យ៉ាងវិញទៀត បញ្ហាជាប់គាំងនយោបាយនា​ពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា គឺជាភាពកម្សោយ និងគ្មានភាពចាស់ទុំនយោបាយ របស់អ្នកនយោបាយខ្មែរ ដែលគ្មានសមត្ថភាពរកយុទ្ធសាស្រ្ត ដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរគ្នាឯង។ មិនតែប៉ុណ្ណោះ ភាពអត្មានិយម ការស្រេក​ឃ្លានអំណាច បុណ្យសក្តិ យករាស្រ្តជាឈ្នាន់ យករាស្រ្តជាអ្នកបម្រើ ដើម្បីឈោងចាប់ផលប្រយោជន៍ អំណាចរបស់ខ្លួន​នោះ គឺជាមូលហេតុធំបំផុត ដែលនាំឲ្យមានការជាប់គាំងនយោបាយនៅកម្ពុជា៕

-------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...