តើព្រះបរមរូប ឬព្រះបរមរតនកោដ្ឋ ជាកម្មសិទ្ធរបស់នរណា?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: October 14, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សំនួរនេះបានចោទឡើង ខណៈពេលដែលក្រុមអ្នកធ្វើនយោបាយ នៅក្នុងព្រះរាជាណាចក្រមួយនេះ កំពុងតែដណ្ដើមគ្នាទាញយករូបភាពនៃការគោរពស្រឡាញ់ អតីតព្រះមហាវីរៈក្សត្រ នរោត្ដម សីហនុ ទៅឲ្យក្រុមបក្ស តែរៀងៗខ្លួន។ ប៉ុន្តែ ទោះនៅក្នុងបរិបទណាក៏ដោយ ក៏មតិមួយចំនួននៅតែរិះគន់ថា គណបក្សកាន់អំណាច ដូចជាចង់កេងចំណេញយករូបភាពនេះតែឯង។
ព្រះឆាយ៉ាល័ក្ខ និងការដាក់តាំងបង្ហាញ ដើម្បីឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។ (រូបថត Wayne Ranney)
រាជធានីភ្នំពេញ - ថ្លែងទៅកាន់អ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី១៤ ខែតុលានេះ លោក កឹម សុខា ប្រធានស្តីទីគណបក្ស បានលើកឡើងថា «ក្រុមកុម្មុយនីស ក្រុមខ្មែរក្រហមធ្វើអ្វីតែងតែបោកប្រាស់ ដោយគិតថាអ្វីៗទាំងអស់ជារបស់ខ្លួនឯង សូម្បីព្រះរាជកោដ្ឋក៏ជារបស់ពួកគេដែរ គេមិនបានទុកឲ្យសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា មានសិទ្ធិស្មើរគ្នាទេ។ (…) ទាំងនេះជាលក្ខណៈបង្ហាញរបស់ពួកផ្តាច់ការ និងកុម្មុយនីស ដែលទាញយកផលប្រយោជន៍ពីអ្វី ដែលជារបស់ទាំងអស់គ្នា មកជារបស់ខ្លួន។» ការដៀមដាម របស់មេដឹកនាំគណបក្សប្រឆាំង ពូកែខាងវោហាស័ព្ទមួយនេះ ទំនងជាចង់សំដៅទៅរក ក្រុមមន្ត្រី«គ្រាក់ៗ»របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចសព្វថ្ងៃ និងមានមួយចំនួន សុទ្ធតែជាអតីតកម្មាភិបាល ឬធ្លាប់ជាទាហានខ្មែរក្រហម ដូចយ៉ាងលោក ហ៊ុន សែន នោះជាដើម។
បន្ទាប់ពីពិធីបង្សុកូល គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅទីស្នាក់ការគណបក្សខ័ណ្ឌទួលគោករួចហើយមកនោះ លោក កឹម សុខា បានថ្លែងឲ្យដឹងថា គណបក្សសង្គ្រោះជាតិបានស្នើរសុំ ទៅគណកម្មការបុណ្យជាតិ និងព្រះបរមរាជវាំង ដើម្បីទៅគោរពនៅវិមានព្រះបរមរូបដោយផ្ទាល់ នាល្ងាចម៉ោងពីរនេះ តែត្រូវបានបដិសធ ដោយគេបានបញ្ជាក់ថា រង់ចាំក្រោយថ្ងៃទី១៥ ខែតុលា ព្រោះថ្ងៃទី១៥នេះ នឹងមានការប្រារព្វពីធីជាលក្ខណៈថ្នាក់ជាតិ ធ្វើរួមតែម្តង។ លោកថា ទោះយ៉ាងណាក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ នឹងនៅតែបន្តរដាក់ស្នើទៅទៀត គ្រាន់តែមិនដឹងថាគេនឹងអនុញ្ញាតិនៅពេលណាមួយនោះទេ។
មន្រ្តីរបស់អង្គការសង្គមស៊ីវិលមួយចំនួន បានវាយតម្លៃថា នោះជាអ្វីដែលជា«ភាពលំអៀងនិងកង្វះតម្លាភាព» នៃរដ្ឋការសាធារណៈសព្វថ្ងៃ។ ក្រុមមន្ត្រីទាំងនោះបានបកស្រាយថា អតីតព្រះមហាវីរៈក្សត្រ ធ្លាប់ជាព្រះមហាក្សត្រនៃប្រជារាស្ត្រ គ្រប់រូប ដូច្នេះព្រះបរមរូប ឬកេរដំណែលណាផ្សេងទៀតរបស់ព្រះអង្គ មិនអាចជាកម្មសិទ្ធិរបស់នរណាម្នាក់ ឬក៏ត្រូវបានក្រុមណាមួយ យកទៅគ្រប់គ្រងតែឯងនោះឡើយ។ មន្ត្រីមួយរូប ដែលជាប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គឹមអេង បានចាត់ទុកការហាមឃាត់ មិនឲ្យក្រុមមួយមិនឲ្យទៅគោរពព្រះព្រះបរមរូបនេះ ថាជាការមួយខុសឆ្គងយ៉ាងធំរបស់ក្រុមអាជ្ញាធរនេះ និងជាការគួរឲ្យសោកស្តាយ ដែលមិនគួរនឹងកើតមានចំពោះសង្គមជាតិនោះទេ។ លោកបានពន្យល់ថា «អតីតព្រះមហាក្សត្រ លោកជានិម្មិតរូបជាតិដ៏ខ្ពង់ខ្ពស់ ដែលមានគុណូបការៈជាច្រើន សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅគោរព។»
មិនត្រឹមតែព្រះព្រះបរមរូប ឬព្រះបរមកោដ្ឋ ដែលត្រូវបានគេមើលឃើញថា ការគ្រប់គ្រងពីសំណាក់អាជ្ញាធរ មានភាពរើសអើងប៉ុណ្ណោះនោះទេ ប៉ុន្តែជារឿយៗគេតែងឮមន្ត្រីរបស់រដ្ឋាភិបាល ឬមកពីគណបក្សប្រជាជនកម្ពុជា និយាយលើកអួតអំពីសមិទ្ធិផលផ្សេងទៀត ដែលបានកើតឡើងក្នុងអំឡុងពេលនៃការកាន់អំណាចរបស់ក្រុមខ្លួន ថាជាសមិទ្ធផលរបស់ក្រុមខ្លួន ឬថាមានតែក្រុមខ្លួនទេដែលបានសាងសង់សមិទ្ធិផលទាំងនោះ។ ប៉ុន្តែមន្ត្រីទាំងនោះភ្លេចគិតថា សមិទ្ធិផលដែលមានរូបរាងទាំងឡាយ ទោះស្ថិតក្នុងរូបភាពបែបណាក្ដី វាសុទ្ធតែជាផ្នែកមួយនៃកតព្វកិច្ចរបស់អ្នកកាន់អំណាច ដែលត្រូវធ្វើ។ មិនត្រឹមតែប៉ុណ្ណោះ សមិទ្ធិផលទាំងនោះ បានចេញជារូបរាង ដោយប្រើប្រាស់ថវិការរបស់ជាតិ និងប្រជាជន។ ផ្ទុយទៅវិញ សមិទ្ធិផលដែលជាកម្មសិទ្ធិរបស់ជាតិ និងប្រជាជនទាំងនេះ មិនអាចឲ្យក្រុមណាមួយ យកទៅធ្វើអាជីវកម្មកេងចំណេញ ដាក់ឈ្មោះឲ្យតែក្រុមខ្លួននោះបានឡើយ។
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំទំនាក់ទំនង ជាមួយអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីសុំប្រតិកម្ម បានទេក្នុងល្ងាចនេះ ដោយទូរស័ព្ទរបស់លោក មិនអាចភ្ជាប់បាន។ តែកន្លងមក រដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា មិនដែលបាននិយាយពាក់ព័ន្ធ នឹងការប្រកាន់ជំហរបែបណា ចំពោះព្រះបរមរូប ឬព្រះបរមរតនកោដ្ឋនោះទេ ដោយគ្រាន់តែបានចាត់ចែងសាងសង់ ឬរៀបចំទៅតាមអ្វីដែលរដ្ឋាភិបាលបានសម្រេចប៉ុណ្ណោះ។ លោក ជាម យៀប មន្ត្រីជាន់ខ្ពស់មួយរូបទៀតរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ក្នុងថ្ងៃនេះដែរថា «រដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាការពាររបបរាជានិយម ការពាររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងការពារព្រះមហាក្សត្រ»។
ប៉ុន្តែសម្រាប់ស្ថាប័នព្រះមហាក្សត្រវិញ ត្រូវបានព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ទ្រង់បានអះអាងនៅព្រឹកថ្ងៃទី១៤ ខែតុលានេះថា ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែមុនីនាថ សីហនុ បានសព្វព្រះរាជហរទ័យស្វាគមន៍ ចំពោះប្រតិភូគណបក្សសង្គ្រោះជាតិ ក្នុងការចូលរួមព្រះរាជពិធីបង្សុកូលនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣នេះ ក្នុងព្រះបរមរាជវាំង ដើម្បីឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គម្រប់មួយឆ្នាំ។ ព្រះអង្គម្ចាស់ធម្មិកោ មានបន្ទូលទៀតថា តំណាងគណបក្សសង្គ្រោះជាតិចំនួនប្រាំមួយរូប ដែលដឹកនាំដោយលោក កឹម សុខា ហើយព្រះអង្គក៏នឹងមានវត្តមាន ក្នុងនាមជាសមាជិកនៃព្រះរាជវង្សដែរនោះ នឹងចូលទៅថ្វាយបង្គំព្រះបរមកោដ្ឋក្នុងព្រះរាជពិធី។
គួររម្លឹកដែរថា កាលពីថ្ងៃសុក្រ ទី១១ ខែតុលាកន្លងមក ក្នុងពិធីសម្ពោធជាផ្លូវការនៃវិមានព្រះបរមរូប ដោយរដ្ឋាភិបាលកម្ពុជានោះ ក្រុមអ្នកតំណាងរាស្រ្ត ក៏ដូចជាសមាជិក សមាជិកានៃគណបក្សសង្គ្រោះជាតិ មិនមានវត្តមានចូលរួមទេ។ លោកកឹម សុខា បានថ្លែងបញ្ជាក់តាមវិទ្យុបរទេសមួយថា ការមិនបានទៅចូលរួមនោះ ដោយសារតែលិខិតអញ្ជើញបានមកដល់ដៃក្រុមលោក «យឺតពេល»ពេកទៅហើយ៕
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ