ប្រ៊ែដ អាដាម៖ ហ៊ុន សែន កំពុង​ធ្វើ​រដ្ឋ​ប្រហារ​ត្រជាក់

ទង្វើចុងក្រោយពីសំណាក់រដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ គឺជា«រដ្ឋប្រហារត្រជាក់»មួយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះ បើតាមការអះអាង របស់លោក ប្រែដ អាដាម (Brad Adams) នាយកប្រចាំតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)។
ប្រ៊ែដ អាដាម៖ ហ៊ុន សែន កំពុង​ធ្វើ​រដ្ឋ​ប្រហារ​ត្រជាក់
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីពេលលោកនៅជក់បារី។ (រូបថត AFP)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 16, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់«ធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៩៧» ម្ដងហើយនោះ លោកនឹងមិនរុញរា ក្នុងការធ្វើ«រដ្ឋប្រហារ»ជាថ្មីទៀតឡើយ ដោយហេតុថា លោក ហ៊ុន សែន ជាមេដឹកនាំ«ផ្ដាច់ការ»មួយរូប ដែលនិយម«ហិង្សា» និងខ្លាចចាញ់ឆ្នោត ក្នុងការបោះឆ្នោតជាតិ ឆ្នាំខាងមុខ។ ប៉ុន្តែ«រដ្ឋប្រហារ»លើកនេះ ជា«រដ្ឋប្រហារត្រជាក់»។ នេះ ជាការលើកឡើង របស់នាយកប្រចាំតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក ប្រែដ អាដាម (Brad Adams) នៅក្នុងកិច្ចសម្ភាសមួយ ដើម្បីពន្យល់ពីវិបត្តិនយោបាយ ដែលកំពុងកើតមាន ក្នុងប្រទេសកម្ពុជា។

វិបត្តិនយោបាយនៅកម្ពុជា បានឈានចូលដំណាក់ ដ៏ក្ដៅបំផុតមួយ និងបង្កឲ្យមានប្រតិកម្មចម្រុះ មកពីប្រទេសធំៗនៅជុំវិញផែនដី និងពីសំណាក់ស្ថាប័នអន្តរជាតិជាច្រើន បន្ទាប់ពីការឃាត់ខ្លួន លោក កឹម សុខា ប្រធានគណបក្ស - បណ្ដឹងដើម្បីរំលាយគណបក្ស និងការត្រៀមយកអាសនៈទាំងអស់ (ទាំងថ្នាក់ជាតិក្នុងរដ្ឋសភា ទាំងថ្នាក់មូលដ្ឋាន​ក្នុងឃុំសង្កាត់) របស់គណបក្សសង្គ្រោះជាតិ ទៅបែងចែកឲ្យគណបក្សផ្សេង។

ជំហានឈានទៅរំលាយគណបក្សប្រឆាំង ត្រូវបានរដ្ឋាភិបាលយកច្បាប់មួយ ស្ដីពីគណបក្សនយោបាយ មកអនុវត្តន៍ បន្ទាប់ពីច្បាប់នេះ បានរងការធ្វើវិសោធនកម្ម ម្ដងជាពីរដង នៅដើមឆ្នាំ២០១៧កន្លងទៅនេះ ដោយរដ្ឋសភា​មួយ ដែលមានការចូលរួមប្រជុំ តែសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា។ ហើយរដ្ឋសភាដដែលនេះ ក៏បានប្រជុំពិភាក្សាកាលពីសប្ដាហ៍មុន ដើម្បីឈានទៅសម្រេច ការធ្វើវិសោធនកម្មច្បាប់ ជាច្រើនទៀត ដែលតម្រូវឲ្យធ្វើ«ជាបន្ទាន់ និងជាការប្រញាប់» នឹងអាលបែងចែកអាសនៈ របស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សដទៃ ទាំងគ្មានការគាំទ្រ (ឬមានការ​គាំទ្រ​តិចតួច) ពីសំណាក់ពលរដ្ឋម្ចាស់ឆ្នោត។

តាមរយៈ​កិច្ចសម្ភាស ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) លោក ប្រែដ អាដាម បានហៅការបង្កើត និងអនុវត្តន៍ច្បាប់ខាងលើ ដើម្បីឈានទៅរំលាយគណបក្សប្រឆាំងនេះ គ្រាន់តែជាការចង់បាន របស់លោក ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះ។ លោកថា៖ «គាត់(លោក ហ៊ុន សែន) ​ធ្វើ​រដ្ឋប្រហារ​ត្រជាក់ ​ដោយ​មិន​មាន​ហិង្សា​អ្វី​ទេ ​ប៉ុន្តែ​គាត់​ប្រើប្រាស់​ការ​គំរាមកំហែង ​ដដែល​ ប្រើប្រាស់​កម្លាំង​ប៉ូលិស ​និង​អំណាច​រដ្ឋ​ ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង»។

នាយកប្រចាំតំបន់អាស៊ី នៃអង្គការអន្តរជាតិ ដ៏មានទីស្នាក់ការកណ្ដាល នៅទីក្រុងញ៉ូយក (អាមេរិក) បានពន្យល់ពាក្យ«ត្រជាក់» នៅទីនេះ ថាមានន័យស្មើនឹង«ការធ្វើរដ្ឋប្រហារ ដោយស្ងប់ស្ងាត់» ដែលពិភពលោកមិនសូវចាប់អារម្មណ៍ខ្លាំង ដូចកាលរដ្ឋប្រហារ ក្នុងខែកក្កដា ឆ្នាំ១៩៩៧ ដែលពេលនោះ មានការផ្ទុះអាវុធខ្លាំងក្លា កណ្ដាលរាជធានីភ្នំពេញ រវាងកងទ័ពស្និតនឹងព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ និងកងទ័ពស្និតនឹងលោក ហ៊ុន សែន។

លោកថា៖ «លោក ​ហ៊ុន សែន​ បាន​ធ្វើ​រដ្ឋប្រហារ​ក្តៅ​ នៅ​ឆ្នាំ​១៩៩៧។ នៅ​ពេលនោះ​ ខ្ញុំ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​គ្រាប់​រ៉ុកែត​បាន​ធ្លាក់ ​នៅ​ជិត​ផ្ទះ​របស់​ខ្ញុំ។ ​មាន​មនុស្ស​ស្លាប់​ច្រើន​ណាស់ ​ហើយ​មាន​ព័ត៌មាន​លើ​ទំព័រ​មុខ ​(នៃសារព័ត៌មាន) នៅ​ពាសពេញ​ពិភពលោក។ ព្រឹត្តិការណ៍​នោះ ​ជា​ព័ត៌មាន​សំខាន់​ ក្នុង​ការផ្សាយ​របស់​ទូរទស្សន៍ ​ស៊ី​អឹនអឹន (CNN) ​និង​ប៊ីប៊ីស៊ី (BBC)។ ឥឡូវនេះ​ គាត់​ធ្វើ​រដ្ឋប្រហារ​ត្រជាក់​ (...) ​ជា​ទិដ្ឋភាព​ខុស​គ្នា។ ​ដូច្នេះ​ហើយ ​បាន​ជា​គេ​មិនសូវ​ចាប់​អារម្មណ៍​ដូចមុន។»។

សម្រាប់លោក ប្រែដ​ អាដាម ការធ្វើរដ្ឋប្រហារ ទោះជាស្ថិតក្នុងរូបភាព«ក្ដៅ» ឬ«ត្រជាក់»ក៏ដោយ តែ«វាជាអ្វី​ដែល​លោក​ ហ៊ុន សែន​ អាច​រក្សា​អំណាច​បាន» យូរអង្វែងទៅមុខទៀត។ ជាពិសេស លោក អាដាម បានជឿជាក់ថា នៅក្រោយ«ការធ្វើរដ្ឋប្រហារត្រជាក់»នេះ អ្វីៗក៏មានដំណើរការ«មិនខុស» ពីអ្វីៗ ដែលបានកើតក្រោយ​ការធ្វើរដ្ឋប្រហារក្ដៅ កាលពីម្ភៃឆ្នាំមុននោះដែរ។

លោក ប្រែដ អាដាម បានបញ្ជាក់ដូច្នេះ៖ «ខ្ញុំ​មិន​គិត​ថា ​អ្វីៗ​នឹងមាន​ដំណើរ​ការ​ល្អ​ទេ ​ដរាប​ណា​លោក ​ហ៊ុន សែន ​នៅ​កាន់​អំណាច​ ពីព្រោះ​គាត់​បាន​បង្ហាញ ​ឱ្យ​គេ​ដឹង​ថា ​គាត់​គឺ​ជា​ជន​ផ្តាច់ការ ​ដែល​និយម​ហិង្សា។ ប្រទេស​មួយ​មិន​អាច​ជោគជ័យ​បាន​ទេ ​បើ​មាន​មេដឹកនាំ​ផ្តាច់​ការ​ដែល​និយម​ហិង្សា ​នៅ​កាន់​អំណាច។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...