ហង់ ជួនណារ៉ុន៖ វិស័យអប់រំកម្ពុជាចាំបាច់ត្រូវកែទម្រង់ជាបន្ទាន់
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: October 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើគិតពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង៣០ឆ្នាំ ទៅហើយដែលប្រទេសកម្ពុជា ព្យាយាមជំនះគ្រប់ឧបសគ្គ ដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញលើគ្រប់វិស័យ។ ក្នុងនោះវិស័យអប់រំជាវិស័យអាទិភាព ដែលរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្លាំង ក្នុងការលើកកំពស់ឲ្យមានការរីកចម្រើន តែវិស័យនេះត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញ និងរិះគន់ថាកំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរ និងចាំបាច់ត្រូវមានការធ្វើកំណែទម្រង់ជាបន្ទាន់។
សាលារៀនបឋមសិក្សាមួយកន្លែង ក្នុងប្រទេសកម្ពុជា។ (រូបថត voyage solidaire)
រាជធានីភ្នំពេញ - ថ្មីៗនេះលោក ហង់ ជួនណារ៉ុន ជារដ្ឋមន្រ្តីក្រសួងអប់រំទើបតែងតាំងថ្មី បានធ្វើការអះអាងថាស្ថានភាពវិស័យអប់រំកម្ពុជា កំពុងប្រឈមមុខ ទៅនឹងបញ្ហាចម្បងៗចំនួន៤ ដែលទាមទារឲ្យមានការកែទម្រង់បន្ទាន់ និងស៊ីជម្រៅ។ បញ្ហាដែលរដ្ឋមន្រ្តីអប់រំរូបនេះ បានលើកឡើងនោះរួមមាន៖
ទី១. គុណភាពនៃសេវាអប់រំមានការធ្លាក់ចុះ ហើយការបណ្តុះបណ្តាលមុខជំនាញ និងបច្ចេកទេស មិនទាន់មានលក្ខណៈសមស្របទៅនឹងតំរូវការទីផ្សារ និងការអភិវឌ្ឍន៍ប្រទេស។
ទី២. យុវជនដែលបានបញ្ចប់ការសិក្សា មានជំនាញទាប ហើយការដែលយុវជនមានជំនាញទាប បានធ្វើឲ្យអ្នកវិនិយោគទុនមិនអាចរកកំលាំងពលកម្មជំនាញ បានគ្រប់គ្រាន់ និងជាហេតុផលដែលទទួលបានប្រាក់បៀវត្សទាប។
ទី៣. ការគ្រប់គ្រងនិងប្រើប្រាស់ធនធានមនុស្សមិនបានត្រឹមត្រូវ ទាក់ទងនឹងការតែងតាំង និងការផ្ទេរមុខតំណែងជាដើម។ ទន្ទឹមនឹងនេះ ចំនួនគ្រូបង្រៀននៅទីក្រុង និងទីប្រជុំជនមានការកើនឡើងលើសលប់ ខណៈនៅជនបទ និងតំបន់ដាច់ស្រយាល កំពុងមានការខ្វះខាត គ្រួបង្រៀន។
ទី៤.បាតុភាពអសកម្មជាច្រើន ត្រូវបានរកឃើញ ក្នុងកំឡុងពេលប្រលងនៅគ្រប់កម្រិត រួមមាន ការលេចធ្លាយវិញ្ញាសារប្រលង ការលួចចម្លង ការយកទូរស័ព្ទចូលមណ្ឌលប្រលង និងការផ្ញើរចម្លើយឲ្យគ្នាជាដើម។
ដោយសារបញ្ហាទាំងអស់នេះ បានកំពុងញ៉ាំញីប្រព័ន្ធអប់រំកម្ពុជា ដែលកំពុងមានភាពទន់ខ្សោយស្រាប់នោះ លោក ហង់ ជួនណារ៉ុន បានអះអាងថា នៅក្នុងអាណត្តិទី៥ នេះក្រសួងអប់រំចាំបាច់ ត្រូវមានការកែទម្រង់វិស័យអប់រំឲ្យបានមស៊ីជំរៅដើម្បីលើកកំពស់គុណភាពអប់រំ កិត្តិយសគ្រូបង្រៀន និងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជំនឿមកលើស្ថាប័នអប់រំថែមទៀត។
ប្រធានក្រុមតំណារាស្រ្តគណបក្សជំទាស់ លោក សុន ឆ័យ ក្នុងកម្មវិធីទិវាគ្រូបង្រៀនពិភពលោក ដែលបានរៀបចំដោយសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យកាលពីពេលថ្មីៗនេះ បានថ្លែងថា កាលពីសម័យសង្គមរាស្រ្តនិយម ប្រទេសកម្ពុជាមិនបានទទួលជំនួយបរទេសច្រើនសន្ធឹកសន្ធាប់ដូចប្ចុប្បន្ននោះទេ ហើយក៏គ្នានការបំភ្លេចបំផ្លាញធនធានធម្មជាតិ ដូចបច្ចុប្បន្នដែរ។ តែរបបដឹកនាំសម័យនោះ អាចគ្រប់គ្រងប្រទេសបានល្អ ដោយផ្តល់ប្រាក់បៀវត្យខ្ពស់ ដល់មន្រ្តីរាជការ និងគ្រូបង្រៀនអាចរស់នៅបានសមរម្យ។
លោក សុន ឆ័យ បញ្ជាក់ថា៖«វាត្រូវមានយន្តការឲ្យគ្រូបង្រៀនរស់នៅសមរម្យថ្លៃថ្នូរ មិនដែលមានទេក្នុងប្រវត្តិសាស្រ្តខ្មែរ គ្រូបង្រៀនរត់ម៉ូតូដុប គ្រូបង្រៀនលក់ស្ករគ្រាប់ គ្រូបង្រៀនត្រូវបង្ខំឲ្យចូលបក្សគេ មិនឲ្យបង្រៀនសិស្សតាមកម្មវិធីអប់រំមិនត្រឹមត្រូវ គេបណ្តេញចេញ ដោយសារតែមិនបានបម្រើមនោគមវិជ្ជារបស់គេ ឲ្យគ្រូបង្រៀនបង់លុយឲ្យបក្សគេ»។
ក្នុងពិធីដដែល លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានលើកឡើងថា ប្រសិនបើមិនមានការផ្លាស់ប្តូរ នោះធនធានមនុស្ស និងយុវជនកម្ពុជា ប្រាកដជាមិនអាចប្រកួតប្រជែង ជាមួយប្រទេសជិតខាងក្នុងតំបន់បានទេ នៅពេលធ្វើសមាហរណកម្មអាស៊ាន ក្នុងឆ្នាំ២០១៥ ខាងមុខនេះ។ លោក រ៉ុង ឈុន បន្ថែមថា ប្រសិនបើរដ្ឋាភិបាល និងក្រសួងអប់រំ នៅតែមិនអាចលុបបំបាត់អំពើពុករលួយក្នុងវិស័យអប់រំ និងលើកកំពស់គុណភាពអប់រំ ប្រាកដណាស់កម្ពុជា នឹងស្ថិតនៅក្រោម«អណានិគម»របស់ប្រទេសក្នុងតំបន់៕
---------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ