រូបវិទូអង់គ្លេសដ៏ល្បី បានលាចាកលោកក្នុងអាយុ៧៦ឆ្នាំ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ មីនា ២០១៨
- កែប្រែចុងក្រោយ: March 14, 2018
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពិភពអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រ កំពុងកាន់ទុក្ខ! លោក ស្ដេហ្វិន ហាវឃីង (Stephen Hawking) រូបវិទូជាតិអង់គ្លេសដ៏ល្បី ដែលមានជំនាញខាងតារាវិទ្យា បានធ្វើមរណភាព នៅព្រឹកថ្ងៃពុធទី១៤ ខែមីនានេះ ក្នុងអាយុ៧៦ឆ្នាំ។ កូនប្រុសស្រីរបស់លោកទាំងបី បានចេញសេចក្ដីប្រកាសព័ត៌មានមួយ នៅព្រឹកថ្ងៃនេះដដែលថា៖ «យើងមានទុក្ខក្រៀមក្រំ យ៉ាងធ្ងន់ធ្ងរ ដោយលោកឪពុក ជាទីស្រឡាញ់របស់យើង បានលាចាកលោកទៅហើយ នៅថ្ងៃនេះ»។
សេចក្ដីប្រកាសព័ត៌មាននោះ បានលើកនិយាយ ពីបុគ្គលិកលក្ខណៈ របស់លោក ស្ដេហ្វិន ហាវឃីង ថាជាមនុស្ស ដែលពូកែកំប្លែងលេង មានពោរពេញដោយភាពក្លាហាន និងការតាំងចិត្តដោយមោះមុត។ អត្ថបទបានបន្តថា៖ «លោក ជាអ្នកវិទ្យាសាស្ត្រ ដ៏អស្ចារ្យ និងជាមនុស្សដ៏ពិសេសមួយរូប ដែលការងារស្រាវជ្រាវរបស់លោក នឹងនៅស្ថិតស្ថេរ រាប់សិបឆ្នាំទៅមុខទៀត»។
រូបវិទូដ៏ល្បីល្បាញ បានចាប់កំណើតនៅខែមករា ឆ្នាំ១៩៤២ ក្នុងក្រុង «Oxford» (ភាគកណ្ដាល) នៃចក្រភពអង់គ្លេស។ លោកសាស្ត្រាចារ្យបានផុតដង្ហើមទៅ នៅនឹងលំនៅដ្ឋានរបស់លោក ដែលស្ថិតក្នុងក្រុង «Cambridge» ភាគខាងកើតនៃប្រទេស។ លោកចាប់មានជំងឺ ទាក់ទងប្រព័ន្ធប្រសាទ ក្នុងឆ្នាំ១៩៦៣ ដែលធ្វើឲ្យលោកពិកា និងអង្គុយលើរទេះ តាំងពីពេលនោះរហូតមក។
មរណភាពរបស់លោក បានបណ្ដាលឲ្យមានការរំជួលចិត្ត ជាទូទៅ មិនត្រឹមតែពីសំណាក់ក្រុមអ្នកស្រាវជ្រាវនោះទេ តែមេដឹកនាំធំៗក្នុងលោក ក៏បានសំដែងសមានចិត្ត ចូលរួមសោកស្ដាយរូបលោកដែរ។ លោក ស្ដេហ្វិន ហាវឃីង ជាម្ចាស់សំណេរ របស់សៀវភៅស្រាវជ្រាវជាច្រើន។ សៀវភៅដែលគួរឲ្យកត់សម្គាល់ជាងគេ គឺសៀវភៅ «ប្រវត្តិដ៏ខ្លីមួយ នៃពេលវេលា»។ លោកបានស្រាវជ្រាវ ពី«ប្រហោងខ្មៅ»ក្នុងអវកាស ដោយបានដាក់ឈ្មោះរបស់លោក សម្រាប់ការស្រាវជ្រាវនោះថា «លំហផ្សែង នៃហាវឃីង»៕