«បាវចនា​ជាតិ»​ក្នុង​សញ្ញាបត្រ​នៅ​កម្ពុជា មាន​លក្ខណៈ​ដូច​ភ្លើង​«ស្តុប»

សញ្ញាប័ត្រភាគច្រើន ដែលចេញដោយក្រសួងអប់រំ និងស្ទើរគ្រប់កម្រិត មិនថាថ្នាក់មធ្យមសិក្សា ថ្នាក់ឧត្តមសិក្សា និង​ថ្នាក់មន្រ្តីជាន់ខ្ពស់នោះទេ មានពីរប្រភេទ គឺ«មានបាវចនា និងគ្មានបាវចនា»។ តើការដាក់ ឬការមិនដាក់​«បាវចនា»​នេះ មានន័យថាម៉េច?
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សញ្ញាបត្រភាគច្រើន ដែលចេញដោយក្រសួងអប់រំ និងស្ទើរគ្រប់កម្រិត មិនថាថ្នាក់មធ្យមសិក្សា ថ្នាក់ឧត្តមសិក្សា និង​ថ្នាក់មន្រ្តីជាន់ខ្ពស់នោះទេ មានពីរប្រភេទ គឺ«មានបាវចនា និងគ្មានបាវចនា»។ តើការដាក់ ឬការមិនដាក់​«បាវចនា»​នេះ មានន័យថាម៉េច?


សញ្ញាបត្រមួយចំនួន របស់និស្សិតបញ្ចប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅកម្ពុជា។

សញ្ញាបត្រ - «ជាតិ សាសនា ព្រះមហាក្សត្រ» ជាបាវចនាជាតិមួយរបស់ប្រទេសកម្ពុជា ដែលស្តែងនូវការប្រតិបត្តិ​យ៉ាងម៉ត់ចត់ របស់ប្រជាជាតិខ្មែរទៅលើជាតិ សាសនា និងព្រះមហាក្សត្រ និងបានបញ្ចូលទៅក្នុង«រដ្ឋធម្មនុញ្ញ» ដែលជាច្បាប់កំពូលរបស់ប្រទេសផងដែរ។

យ៉ាងណាក៏ដោយ គេសង្កេតឃើញថា មានសញ្ញាបត្រភាគច្រើន និងស្ទើរគ្រប់កម្រិត ចាប់ពីអំឡុងឆ្នាំ១៩៩៧ តមក មានមួយចំនួនធំ បានបោះបង់នូវ បាវចនាជាតិ និងមួយចំនួនតូចប៉ុណ្ណោះ ដែលបានប្រើប្រាស់​នូវ«បាវចជាតិ»​នេះ​ក្នុងសញ្ញាប័ត្រ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះត្រង់ថា សញ្ញាបត្រទាំងពីរប្រភេទនេះ ចេញពីក្រសួងអប់រំ​តែ​មួយ។

មកទល់នឹងឆ្នាំ២០១៤នេះ សញ្ញាបត្រប្រភេទគ្មាន«បាវចនា»នេះ ក៏នៅបន្តប្រើប្រាស់ក្នុងក្រសួងអប់រំនៅឡើយដែរ។ នឹងនៅមិនទាន់មានវិធានការណាមួយច្បាស់លាស់ ក្នុងការពីសំណាក់ក្រសួង និងស្ថាប័នពាក់ព័ន្ធឡើយ។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សាលីន ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី១១ ខែកក្កដានេះ បានលើកឡើងថា លោកនៅមិនទាន់ច្បាស់ថា ក្នុងឆ្នាំ២០១៤នេះ នៅមាន​សញ្ញា​បត្រ​ដែលគ្មានបាវចនាជាតិនោះទេ។ លោកបានបន្តថា លោកនឹងធ្វើការស្រាយជ្រាវ ចំពោះបញ្ហានេះ។ លោកនិយាយ​ថា៖ «ខ្ញុំមិនទាន់អាចឆ្លើយបាទេ ចាំពិនិត្យមើលសិន មិនទាន់មានមូលដ្ឋានមិនអាចឆ្លើយបានទេ។»

សម្រាប់ លោក សន ជ័យ មន្ត្រីសម្របសម្រួល បណ្ដាញរួបរួមដើម្បីគណនេយ្យភាព អាស៊ីបូពាប៉ាស៊ីហ្វិច បាន​ថ្លែង​ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វថា បញ្ហានេះ កើតមានតាំងពីទស្សវតឆ្នាំ១៩៩៧ មកដោយមានសញ្ញាបត្រ​មួយ​ចំនួន«គ្មាន» និងមួយចំនួនទៀត«មាន» នូវបាវចនានេះ។ លុះឆ្នាំបន្ទាប់ក៏មានវិញ និងបន្តបន្ទាប់មកទៀត ក៏បាន​បាត់ទៅវិញដែរ។ ហើយគ្មានប្រព័ន្ធត្រួតពិនិត្យណាមួយ ច្បាស់លាស់នោះទេ។

ដោយឡែកលោក ជា ជាតិ អនុប្រធានមន្រ្តីអប់រំយុវជន និងកីឡារាជធានីភ្នំពេញ មិនបានឆ្លើយបញ្ជាក់ ទៅនឹង​បញ្ហា​សញ្ញាប័ត្រគ្មានបាវចនានោះទេ ដោយលោកបានរុញការទទួលខុសត្រូវ ក្នុងការផលិតសញ្ញាបត្រទាំងអស់ ជាបន្ទុក​របស់ក្រសួងអប់រំ។

ការលើកឡើងរបស់របស់លោក ជា ជាតិ ខាងលើ ក៏ស្រដៀងគ្នានឹងលោក សន ជ័យ ដែរ។ លោក សន ជ័យ បាន​បញ្ជាក់ថា នេះជាកំហុសមួយដ៏ធ្ងន់ធ្ងររបស់ក្រសួងអប់រំ ដែលមិនបានយកចិត្តទុកដាក់ លើបញ្ហានៃការ​ចេញ​សញ្ញាបត្រ ដែលគ្មានលក្ខណៈសម្ភាល់ត្រឹមត្រូវស្របតាមច្បាប់។ ហើយលោកក៏មិនដឹងថា ទាំងនេះជា«ចេតនា»​របស់ក្រសួង ឬជាការគិតថ្មីរបស់ក្រសួងយ៉ាងណានោះទេ។លោកបន្ថែមថា តែមកទល់នឹងពេលនេះ ក៏មិនមាន​សារាចណ៍ណែនាំណាមួយ ហាមឃាត់ ឬលប់ចោល ការប្រើប្រាស់«បាវចនាជាតិ»នៅលើសញ្ញាបត្រនោះដែរ។

មន្ត្រីសម្របសម្រួលរូបនេះ បានថ្លែងបន្តទៀតថា ពេលខ្លះមានដាក់ ឬសរសេររហូតទៅដល់ពីរភាសាមានដូចជា ភាសាខ្មែរនិងបារាំង ឬភាសាខ្មែរនិងអង់គ្លេសជាដើម។ ហើយពេលខ្លះទៀត ក៏មិនមានដាក់នូវបាវចនានេះតែម្តង មានត្រឹមតែពាក្យថា «ព្រះរាជាណាចក្រកម្ពុជា»ប៉ុណ្ណោះ។ លោកបានឲ្យដឹងថា «ជាគោលការណ៍ សញ្ញាបត្រ​ទាំង​នោះជាឯកសាររដ្ឋបាល ដែលមានការទទួលស្គាល់ថ្នាក់ជាតិ ត្រូវតែមានបាវចនាជាតិ។ (...) ប្រសិនបើមានតម្រូវ​មិនឲ្យប្រើប្រាស់ (បាវចនាជាតិ) អញ្ចឹងគូរតែលប់ទាំងអស់តែម្តង ទាំងព្រះរាជាណាចក្រកម្ពុជា មិនចាំបាច់ដាក់នោះ​ទេ។ កាលណាមានព្រះរាជាណាចក្រកម្ពុជា ត្រូវតែមាន ជាតិ សាសនា ព្រះមហាក្សត្រ។»

លោក សន ជ័យ បានលើកជាឧទាហរណ៏ថា សញ្ញាបត្ររបស់និស្សិត នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញជំនាន់លោក គា សាហន មិនមានដាក់បាវចនាជាតិទេ។ តែក្នុងជំនាន់លោក តុល ឡោះ (អតីតរដ្ឋមន្រ្តីក្រសួងអប់រំ) សញ្ញាបត្រ​ទាំងនោះ មានដាក់នូវបាវចនាជាតិ រហូតដល់ទៅពីរភាសាទៀតផង។ «ខ្ញុំគិតថាឯកសាររដ្ឋបាលផ្លូវការទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាល ត្រូវតែមាន (បាវចនា) ទាំងអស់តែម្តង។ (...) មិនអាចមិនមាននោះ​ទេ ក្រសួងអប់រំត្រូវធ្វើការពិនិត្យឡើងវិញ មិនអាចទុកឲ្យការខុសតគ្នានេះ បង្កើតជាទម្លាប់ ដែលអាចឈានដល់ ការ​បាត់បង់នូវអតសញ្ញាណរបស់ជាតិនោះទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...