អំពីសាស្រ្តាចារ្យ ឬគ្រូបង្រៀន -​ សាកល្បងសិក្សា ពន្យល់ ពីស្ថានភាពទូទៅ

ទិដ្ឋភាពការងារ ជាគ្រូបង្រៀន នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ននៅប្រទេសខ្លះ ត្រូវបានគេយកចិត្តទុកដាក់ខ្លាំងក្លាជាទីបំផុត ដូចជាប្រទេស ជប៉ុន អាមេរិក បារាំង សាំងហ្កាពួរជាដើម។ ចំណែកនៅប្រទេសខ្លះទៀតបែរជាមានការធ្លាក់ចុះ មិនត្រូវបានគេឲ្យតម្លៃទៅវិញ។ ប្រជាពលរដ្ឋ ក៏ដូចជាជាអ្នកដឹកនាំមួយ ចំនួនថែមទាំងធ្វើជាបំភ្លេច និងបានជាន់ឈ្លីការងារនេះថែមទៀតផង។ ហេតុអ្វីបានជាមានវិសមភាពគ្នាបែបនេះទៅវិញ? តើលោកអ្នកយល់យ៉ាងណាដែរអំពីការងារជាគ្រូបង្រៀន? តើទិដ្ឋភាពនៃការវិវិត្តការងារគ្រូបង្រៀនខ្មែរនាពេលបច្ចុប្បន្នឈានដល់កម្រិតណាហើយ?
Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: May 10, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទិដ្ឋភាពការងារ ជាគ្រូបង្រៀន នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ននៅប្រទេសខ្លះ ត្រូវបានគេយកចិត្តទុកដាក់​ខ្លាំងក្លាជា​ទីបំផុត ដូចជាប្រទេស ជប៉ុន អាមេរិក បារាំង សាំងហ្កាពួរជាដើម។ ចំណែកនៅប្រទេសខ្លះទៀតបែរជាមានការធ្លាក់ចុះ មិន​ត្រូវបានគេឲ្យតម្លៃទៅវិញ។ ប្រជាពលរដ្ឋ ក៏ដូចជាជាអ្នកដឹកនាំមួយ ចំនួនថែមទាំងធ្វើជាបំភ្លេច និងបានជាន់ឈ្លីការងារនេះ​ថែមទៀតផង។

ហេតុអ្វីបានជាមានវិសមភាពគ្នាបែបនេះទៅវិញ? តើលោកអ្នកយល់យ៉ាងណាដែរអំពីការងារជាគ្រូបង្រៀន? តើទិដ្ឋភាព​នៃ​ការវិវិត្តការងារគ្រូបង្រៀនខ្មែរ នាពេលបច្ចុប្បន្នឈានដល់កម្រិតណាហើយ?


ក្រុមកូនសិស្ស នាំគ្នាលើកបដា លើកតម្លៃគ្រូបង្រៀនរបស់ខ្លួន។ (រូបថត IVD Volunteers/flickr.com)

សូមអានការសិក្សាស្រាវជ្រាវ និងការបកស្រាយរបស់យើងខ្ញុំ ដូចតទៅ៖

ក. តើគ្រូបង្រៀន គឺជានរណា?

គ្រូ ឬ គ្រូបង្រៀន មានអត្ថន័យថា ជាអ្នកដែលមានចិត្តធ្ងន់ អ្នកដែលគួរគេគោរព អ្នកបង្ហាត់បង្រៀនចំណេះវិជ្ជា សិល្ប៍​សាស្ត្រផ្សេងៗដល់សិស្ស ។

គ្រូ ឬ គ្រូបង្រៀន ជាបុគ្គលដែលញ៉ាំងឲ្យអ្នកដទៃបានរៀនសូត្រ អ្នកប្រៀនមនុស្សឲ្យចេះដឹង អ្នកឲ្យចំណេះដោយការ បង្ហាត់បង្រៀន អ្នកបង្ហាញផ្លូវឲ្យសិស្សគុនបានចេះដឹង ។

ពាក្យដែលខ្មែរនិយមហៅ ៖ គ្រូ គ្រូបាចារ្យ គ្រូបាធ្យាយ គ្រូលេខ គ្រូអក្សរ គ្រូពេទ្យ គ្រូបំបួស គ្រូសូត្រ គ្រូភ្លេង គ្រូផ្សំ​ថ្នាំ​បុរាណ គ្រូគុន លោកគ្រូអ្នកគ្រូ ។ល។

ខ.​ តើមានហេតុផលអ្វីខ្លះ ដែលចាំបាច់ត្រូវក្លាយជាគ្រូបង្រៀន?

ការបង្រៀន គឺជាតម្រូវការដ៏ពិសេសមួយរបស់មនុស្ស។ ប៉ុន្តែវាមិនមែនជាមុខរបរ ដែលសក្តិសមចំពោះមនុស្សគ្រប់គ្នា ឡើយ។ ជាក់ស្តែង មានគ្រូបង្រៀនថ្មីៗជាច្រើន បានសម្រេចលាឈប់ពីការងារបង្រៀនរបស់ខ្លួនក្រោយរយៈពេល ២ ទៅ ៣ ឆ្នាំ ដំបូងនៃការបង្រៀនរបស់ខ្លួនតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក៏ដោយ ការបង្រៀនក៏ត្រូវបានគេមើលឃើញ ពីផល តបស្នងជាច្រើនត្រលប់មកវិញដែរ នៅក្នុងពេលដំណាលគ្នានៃការប្រកបអាជីពជាគ្រូបង្រៀននេះ។ ក្មេងៗ និងមនុស្ស ទាំងអស់ នៅលើពិភពលោកមិនថាតែសិស្សសាលារដ្ឋ ឬឯកជនឡើយ តែងពឹងផ្អែកជាសំខាន់ទៅលើ អ្នកដែលមាននាទី ជាគ្រូបង្រៀន និង បណ្ណារក្ខ ។

ហេតុផល ឬផលប្រយោជន៍នៃការប្រកបអាជីពជាគ្រូបង្រៀន មានដូចខាងក្រោម៖

១. ដើម្បីជួយផ្តួចផ្តើម ឬបណ្តុះពន្លកនៃការចេះដឹងរបស់ក្មេងៗ

២. ដើម្បីអនុវត្តនូវគុណធម៌ដ៏មានតម្លៃបំផុតបីយ៉ាងនៅក្នុងជីវិតរបស់ពួកគេ រួមមានដូចជា សន្តានចិត្តល្អ ភាពអត់ធ្មត់ និង ការយល់ដឹង ។

៣. ដើម្បីទទួលនូវបទពិសោធន៍នៃភាពរីករាយដែលកើតចេញពីការឃើញក្មេងៗ រៀនអាន សរសេរ និងធ្វើកិច្ចការ ដែល​គ្រូបានដាក់ឲ្យ ដូចជា គណិតវិទ្យា តែងសេចក្តី និពន្ធរឿង តែងកំណាព្យ ឬចម្រៀងជាដើម ព្រមទាំងការ តម្រែ តម្រង់ ពួក​គេឲ្យស្ថិតនៅលើគន្លងមួយឆ្ពោះទៅកាន់ភាពជោគជ័យទាំងការសិក្សា និង ទាំងឆាកជីវិតរបស់ពួកគេ។

៤. ដើម្បីចែករំលែក នូវសេចក្តីស្រលាញ់របស់អ្នក លើការសិក្សាពីចិត្តសាស្រ្តរបស់ក្មេងៗ និង ជួយសិស្សានុសិស្ស ឲ្យរក​ឃើញនូវសក្តានុពលរបស់ពួកគេ ។

៥. ដើម្បីបានមើលឃើញពីពិភពលោកថ្មីមួយដែលកើតចេញពីការយល់ដឹងរបស់ក្មេងៗ ឬដើម្បីបានរៀននូវអ្វីដែលថ្មី ត្រលប់មកវិញ៖ នៅពេលបង្រៀន ព្រមទាំងបានរៀនអ្វីមួយមកវិញពីពួកគេទាំងនោះ។ ការបង្រៀនអ្នកដទៃ គឺធ្វើឲ្យ លោកអ្នក មានឱកាសបានរៀនសូត្រលើប្រធានបទថ្មីៗ បានយ៉ាងប្រសើរជាង កិច្ចការងារផ្សេងទៀត។ នៅពេលដែល លោកអ្នកកំពុងតែធ្វើការងារណាមួយ ហើយបន្ទាប់មកលោកអ្នកមានឱកាសបង្ហាត់បង្រៀនអ្នកដទៃ គឺមានន័យថា លោកអ្នកនឹងបានយល់កាន់តែច្បាស់ ពីកិច្ចការទាំងនោះ។ បើលោកអ្នកចង់ច្បាស់លាស់ នូវមុខវិជ្ជាដែលលោកអ្នក នឹងត្រូវរៀននៅថ្នាក់បណ្ឌិត លោកអ្នកគួរតែចំណាយពេលប្រឡូកនឹងការងារទាំងនោះ ឲ្យបានមុនយ៉ាងតិច៣ឆ្នាំ ទើបជាការប្រសើរ ។

៦. ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ ទៅកាន់ភាពប្រសើរថ្លៃថ្លា ដូចៗគ្នា ក្នុងមួយឆាកជីវិតរបស់ក្មេងៗ ដូចដែលលោកគ្រូ អ្នកគ្រូ របស់លោកអ្នកធ្លាប់បានផ្តល់ ចំពោះលោកអ្នកកាលពីមុនមក ។

៧. ដើម្បីឲ្យជីវិតកាន់តែមានការអភិវឌ្ឍជាងមុន៖ ការបង្រៀន មិនត្រឹមតែធ្វើឲ្យលោកអ្នក មានការអភិវឌ្ឍ នៅថ្ងៃនេះ ប៉ុណ្ណោះទេ តែវាក៏មានសារប្រយោជន៍ខ្លាំងក្លាណាស់ដែរ សម្រាប់ការអភិវឌ្ឍនាពេលអនាគត។

៨. ដើម្បីជួយឲ្យក្មេងៗ យល់ដឹងពីវិសាលភាពនៃវប្បធម៌ និងតម្លៃនានាដែលធ្វើឲ្យប្រទេសយើង មានសភាព កាន់តែ រឹងមាំ និងមោទនភាពជាងមុន ។

៩. ដើម្បីបានបម្រើក្មេងៗ មនុស្សនៅក្នុង សហគមន៍ ប្រទេសជាតិ និង ពិភពលោករបស់លោកអ្នក ។

១០. ដើម្បីកែប្រែសេចក្តីស្រលាញ់ នៃការរៀនសូត្ររបស់លោកអ្នក ទៅជាសេចក្តីស្រលាញ់ខាងការបង្រៀន ឬការចែក​ចាយចំណេះ ទៅវិញ ។

១១. ដើម្បីបានចែករំលែកនូវចំណង់ ឬសេចក្តីប៉ងប្រាថ្នារបស់លោកអ្នក ។ ប្រសិនបើលោកអ្នកមានចំណូលចិត្ត ចង់​ឃើញ​ក្មេងៗធំឡើង ជាមួយនឹងការចេះដឹង លោកអ្នកត្រូវតែធ្វើខ្លួនលោកអ្នក ឲ្យក្លាយទៅជាគ្រូបង្រៀនដ៏ល្អម្នាក់ នៅក្នុងថ្នាក់រៀន សហគមន៍ ឬក៏នៅក្នុងពិភពលោករបស់លោកអ្នក ។

១២. ជួយបង្កើនឲ្យសិស្សានុសិស្សកាន់តែមានសក្តានុពលខ្លាំងឡើង៖ បើទោះណាជាសិស្សានុសិស្ស មិនបានទទួល ភាព​ជោគជ័យ នៅក្នុងការសិក្សារបស់ខ្លួនទាំងអស់គ្នាក៏ដោយ ក៏គ្រូបង្រៀននៅតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជម្រុញ​ឲ្យ​សិស្សានុសិស្ស កាន់តែមានសក្តានុពលខ្លាំងឡើង ជាងមុនជាលំដាប់ មិនថាតែ ចំណេះដឹង ការលត់ដំ អត្តចរិត សីលធម៌ ទេពកោសល្យ ឬគំនិតបង្កើតថ្មី...។ល។ ព្រោះថា សិស្សខ្លះបានទទួលជោគជ័យក្នុងជីវិត នៅកំឡុងពេលដែលកំពុង​រៀន​សូត្រជាមួយគ្រូ ឯសិស្សខ្លះទៀត មានភាពជោគជ័យនៅក្រោយ ពេលចេញពី សាលារៀន ឬចាកចេញពីគ្រូទៅ ដែល​ទ្រព្យវិជ្ជា និង ចរិយាសម្បត្តិ ទាំងប៉ុន្មានសុទ្ធតែគ្រូបង្រៀន បានផ្តល់ឲ្យ ទាំងអស់ នៅពេលដែលពួកគេកំពុងសិក្សា​នៅ​ឡើយ ។

១៣. ដើម្បីជួយឲ្យសិស្សានុសិស្សឆាប់ទទួលបាននូវជ័យជំនះក្នុងជីវិត៖ ស្រដឿងគ្នានឹងលក្ខណៈខាងលើនេះដែរ ភាព ជោគជ័យរបស់សិស្ស គឺកាតាលីករដែលជួយជម្រុញឲ្យលោកគ្រូអ្នកគ្រូ នៅតែមានចិត្តចង់បន្តការបង្រៀនរបស់ពួកគាត់។ សិស្សានុសិស្សដែលមិនសូវមានការយល់ដឹងពីគំនិត បញ្ញាតិ្តនេះ ពួកគេត្រូវតែរៀនសិក្សាវាដោយខ្លួនឯង ព្រោះថា វា​ជា​មធ្យោបាយក្នុងការជួយពន្លឿន ការយល់ដឹងរបស់ពួកគេ។ ហើយនៅពេល ដែល សិស្សានុសិស្ស ឬមនុស្សណាម្នាក់​ស្ថិត​ក្នុងជំពូកមនុស្សដែលពិបាកអប់រំ (មិនអាចបង្រៀនបាន) រឿងនេះនឹងធ្វើឲ្យ លោកគ្រូអ្នកគ្រូ មានការឈឺក្បាលក្នុង​ការ​បង្រៀនមិនខាន ។

១៤. ដើម្បីទទួលបាននូវសំណើចជាប្រចាំ និងនៅតែក្មេងវ័យ៖ ការបង្រៀនសិស្ស គឺអាចធ្វើឲ្យលោកអ្នក មានឱកាស នឹង​ទទួលបាននូវសំណើចជាច្រើន ចេញពីការងារបង្រៀនប្រចាំ ថ្ងៃរបស់លោកអ្នក។ ពេលខ្លះលោកអ្នកអស់សំណើច ដោយ​ខ្លួនឯងចំពោះទង្វើរខុសឆ្គង ដោយអចេតនាណាមួយ របស់លោកអ្នកក្នុងការបង្រៀន។ ពេលខ្លះ សិស្សានុសិស្សរបស់​លោកអ្នក បានចែករំលែកសំណើចជាមួយលោកអ្នក។ ជួនកាលលោកអ្នក ឬក៏សិស្សានុសិស្ស និយាយស្តី ឬចេញ​កាយ​វិកាអ្វីមួយបែបជាកំប្លុកកំប្លែង គួរឲ្យចង់សើចទាំងអស់គ្នាដោយមិនដឹងខ្លួន ។ ក្នុងនាមលោកអ្នក ជាគ្រូបង្រៀន សូមស្វែង​រកឲ្យឃើញពីភាពកំប្លុកកំប្លែងទាំងនោះ ដើម្បីជីវិតស្រស់ថ្លារបស់លោកអ្នក ។

១៥. ដើម្បីទទួលបាននូវការឈប់សម្រាកជាក់លាក់មួយ៖ ការងារបង្រៀន គឺលោកអ្នកតែងតែ បានទទួលការឈប់ សម្រាក​ជាទៀងទាត់រៀងរាល់ឆ្នាំ។ ពេលបុណ្យជាតិនិងអន្តរជាតិម្តងៗ លោកអ្នកនឹងមានពេល ឈប់សម្រាក ឬរៀបចំ​ដំណើរ​កម្សាន្ត​ជាមួយនឹងគ្រួសារ ។

១៦. ដើម្បីទទួលការគោរពពីមនុស្សនៅក្នុងសហគមន៍៖ ការងារជាគ្រូបង្រៀន តែងតែទទួលបាន ការគោរពសរសើរ យ៉ាង​ច្រើនពីមនុស្សគ្រប់គ្នានៅក្នុងសហគមន៍ ជាពិសេសសិស្សានុសិស្ស ដែលលោកអ្នកធ្លាប់បានបង្រៀនតែម្តង។ សិស្ស ល្អគឺ ពួកគេមិនដែលរមិលគុណចំពោះលោកគ្រូអ្នកគ្រូរបស់ខ្លួនឡើយ ។

១៧. ដើម្បីមានឱកាសនៅជិតឯកសារ និងការអប់រំ៖ លោកអ្នកដែលស្រលាញ់ការអប់រំ ការអាន ឬការស្រាវជ្រាវ ឯកសារ អ្វីដែលសក្តិសមបំផុតសម្រាប់លោកអ្នក គឺ ការងារគ្រូបង្រៀន ។ លោកអ្នកនឹងមានឱកាស អាន ស្រាវជ្រាវ ចងក្រង ឬតែង​និពន្ធឯកសារដោយខ្លួនឯង មានឱកាសបានទទួលការបណ្តុះបណ្តាលបន្ថែម ពីសាលាលើការងារ ដែលកំពុងធ្វើ និង អាជីពថ្មីៗដែលជាប់ពាក់ព័ន្ធផ្សេងទៀត ។

១៨. ដើម្បីមានឱកាសតាមដាននៅជាមួយកូនៗរបស់លោកអ្នក៖ ការធ្វើជាគ្រូបង្រៀន គឺលោកអ្នកមានឱកាសច្រើន នៅ​ជិតកូនៗរបស់លោកអ្នក ។ លោកអ្នកមានសមត្ថភាព តាមដានការសិក្សារបស់កូនៗ ហើយក៏អាចមានឱកាស បង្ហាត់​បង្រៀន​កូនឲ្យរៀនបានពូកែជាងអ្នកដទៃផងដែរ។

១៩. ដើម្បីបានធ្វើការនៅក្នុងម្លប់ប្រកបដោយផាសុកភាព៖ ការងារគ្រូបង្រៀនភាគច្រើន គឺស្ថិតនៅក្នុងម្លប់ និងស្ថិតក្នុង​ទី​កន្លែងមួយដែលមានផាសុកភាពល្អ ។ លោកគ្រូអ្នកគ្រូច្រើនតែមានឱកាស ស្លៀកពាក់បានសមរម្យប្រកបដោយ
អនាម័យ និងគោរពតាមឯកសណ្ឋានសាលាដើម្បីធ្វើជាគំរូល្អដល់សិស្ស ។

២០. ដើម្បីទទួលបានស្ថិរភាពការងារ៖ ការងារជាគ្រូបង្រៀន គឺជាមុខរបរមួយប្រភេទដែលសង្គមត្រូវចាំបាច់ជាប្រចាំ ព្រោះ​ថាមនុស្សចាប់កំនើតឡើងជារៀងរាល់ថ្ងៃ ពួកគេត្រូវការរៀនសូត្រ និងចង់ទទួលបានការអភិវឌ្ឍ ជាប្រចាំតាមរយៈការ​អប់រំ​មួយប្រភេទនេះ។ និយោជកតែងតែចង់បាន លោកគ្រូអ្នកគ្រូទាំងឡាយណា ដែលមានបទ ពិសោធន៍ ច្រើននៅក្នុង​ការ​បង្រៀន។ ពួកគេក៏តែងតែផ្តល់ឱកាសផងដែរ ដល់អ្នកចាប់អាជីពជាគ្រូបង្រៀនក្នុងជំនាន់ ថ្មី។

២១. ជាជំហានទីមួយ នៅក្នុងការចាប់អាជីពសំខាន់ៗទាំងឡាយក្នុងសង្គម៖ អ្នកនិពន្ធ អ្នកប្រៀនប្រដៅខាងសាសនា អ្នក​នយោបាយ សិល្បៈករ អ្នកចាត់ចែងកម្មវិធី អ្នកអត្ថាធិប្បាយកម្មវិធី អ្នកកាសែត អ្នកដឹកនាំទាំងឡាយភាគច្រើន សុទ្ធតែ​ចេញ​ពីការងារជាគ្រូបង្រៀន ។ ឧទាហរណ៍ដូចជា ព្រះពុទ្ធលោកបានកាន់ការជាគ្រូបង្រៀន ដល់សព្វសត្វ ទាំងអស់ ក្នុង​រយៈពេល ៤៥ ព្រះវស្សា ។ ឯកឧត្តម ជ័យ ចាប មុននឹងបានកាន់ការជាមន្ត្រីរាជការ ដ៏សំខាន់ មួយរូបនាពេលនេះ ក៏ព្រោះ​តែលោកធ្លាប់ជាគ្រូបង្រៀន ប្រកបដោយបទពិសោធន៍ ខ្ពស់អស់រយៈពេល ជាច្រើនឆ្នាំ និង ធ្លាប់ជាអ្នកល្បីល្បាញ ខាង​កិច្ចការតែងនិពន្ធ ជាពិសេសចម្រៀង និង កំណាព្យ ។

២២. ដើម្បីជួយមនុស្សបានច្រើននានា៖ គ្រូបង្រៀន គឺជាបុគ្គលមួយរូប ដែលមានឱកាសច្រើនជាងគេ ក្នុងការជួយ​ស្រោច​ស្រង់មនុស្ស បង្ហាញផ្លូវត្រូវដល់មនុស្សគ្រប់ប្រភេទ ដោយគ្មានការរើសអើង។ បើទោះណា ជាពេលខ្លះ លោកមិនសូវជា​មានធនធានច្រើនយ៉ាងណាក៏ដោយ ក៏លោកនៅតែមានឱកាសជួយសិស្សរបស់ខ្លួន ទៅកាន់ភាពថ្កុំថ្កើងរុងរឿងបានដែរ តាមរយៈការបង្រៀន ការផ្ទេរចំណេះដឹងរបស់ខ្លួន បានទៅដល់សិស្សានុសិស្ស គ្រប់ៗគ្នា ។

២៣. ដើម្បីបង្កើនកម្លាំងពលកម្មដ៏រឹងមាំរបស់ជាតិ ក៏ដូចជាពិភពលោកទាំងមូល៖ គ្រូបង្រៀន គឺជាមាតាបីតាទី២របស់ សិស្សា​នុសិស្ស ដែលមានអានុភាពខ្លាំងក្លាបំផុត ខាងការពង្រឹងសមត្ថភាពចេះដឹងរបស់សិស្ស ដើម្បីដើរឲ្យទាន់ នឹងតម្រូវ​ការ ទីផ្សារការងាររបស់ជាតិ ក៏ដូចជាពិភពលោក ។

២៤. ដើម្បីបំពេញជាមនុស្សដែលមានអរិយធម៌ខ្ពស់របស់ជាតិក៏ដូចជាពិភពលោក៖ បុគ្គលដែលម្នាក់ៗ មិនដែលគេចផុត​ការងារជាគ្រូបង្រៀនឡើយ។ ព្រោះថា មនុស្សយើង គឺជាសត្វដែលមានប្រាជ្ញាខ្ពស់ជាងសត្វផ្សេងទៀត។ មនុស្ស​មាន​សមត្ថភាព អាចផ្ទេរមត៌កអ្វីៗដែលខ្លួនធ្លាប់មាន មុនពេលខ្លួនលាចាកលោកនេះទៅ។ បើមនុស្សមិនធ្លាប់ បានដើរតួនាទី​ជាគ្រូបង្រៀនគេទេ នោះមនុស្សមិនទាន់បានបំពេញភារកិច្ច ជាសត្វដែលមានប្រាជ្ញា លើសគេបាន ឡើយ ។

គ. ធ្វើជាគ្រូបង្រៀន អាចនឹងទទួលបានប្រយោជន៍អ្វីខ្លះសម្រាប់ខ្លួនឯង គ្រួសារ និង សង្គមជាតិ?

ការងារជាគ្រូបង្រៀន បានផ្តល់ផលប្រយោជន៍ជាច្រើន សម្រាប់ខ្លួនឯង គ្រួសារ និង សង្គមជាតិដូចជា៖

១. ជួយឲ្យខួរក្បាលខ្លួនឯងនៅតែឆ្លាតវៃជាដរាប។
២. ផ្តល់ឱកាសឲ្យខ្លួនឯងនៅជិតជាមួយនឹងការអប់រំ។
៣. ទទួលបានប្រាក់កម្រៃមួយសមរម្យប្រកបដោយស្ថិរភាព។
៤. ទទួលបានការគោរព ស្រលាញ់ច្រើន ពីមហាជន។
៥. ជួយលើកកិត្តិយសឲ្យគ្រួសារក៏ដូចជាសង្គមជាតិ ។
៦. ជួយបង្កើនកម្លាំងពលកម្មនៅក្នុងសហគមន៍ ក៏ដូចជាជាតិមួយទាំងមូលប្រកបដោយគុណភាព (ទាំងខាងផ្នែកចំណេះដឹងទូទៅ ទាំងខាងជំនាញ និង ទាំងខាងសីលធម៌ ឬចរិយាសម្បត្តិ)។

ឃ. ធ្វើជាគ្រូអាចនឹងត្រូវប្រឈមមុខនឹងបញ្ហាអ្វីខ្លះ?

១. ការមានបញ្ហាសុខភាពដោយសារតែ ការឈរ ឬការអង្គុយច្រើនពេក ការហុយធូលីដីសចូលច្រមុះ ការហិតក្លិន សារធាតុពុលចេញពីទឹកខ្មៅសរសេរលើក្តារខៀន )
២. ការប្រើប្រាស់ភ្នែក និង គំនិតច្រើនពេក ។
៣. ការជួបនឹងសិស្សដែលមិនចេះស្តាប់បង្គាប់ មិនមានវិន័យល្អនៅក្នុងថ្នាក់ ។
៤. ការចំណាយពេលវេលាច្រើនទៅលើការរៀបចំកិច្ចតែងការបង្រៀន ការកែលំហាត់ ការរកនឹកលំហាត់ប្លែកៗ សម្រាប់ដាក់ឲ្យសិស្សធ្វើ ។
៥. ការរៀនសូត្រ និង ស្រាវជ្រាវគំនិតថ្មីៗមិនដាច់ពេលសោះ ។
៦. ប្រាក់កម្រៃនៅមានកម្រិត។
៧. ការប្រឈមមុខ នឹងជំងឺរលាកបំពង់ក ឬផ្លូវដង្ហើម ។

ង. តើគ្រូដែលល្អត្រូវមានលក្ខណៈសម្គាល់អ្វីខ្លះ?

គ្រូល្អ ត្រូវប្រកបដោយលក្ខណៈសម្បត្តិមួយចំនួនដូចខាងក្រោម៖

១. ចេះកំប្លុកកំប្លែង និងអាចធ្វើឲ្យសិស្សទទួលបានភាពសប្បាយរីករាយនៅពេលកំពុងរៀននៅក្នុងថ្នាក់ ។
២. អាកប្បកិរិយាវិជ្ជមាន គឺថា គ្រូបង្រៀនត្រូវមានអាកប្បកិរិយាល្អ សំដីសំដៅត្រឹមត្រូវរាបសារ មានការបង្រៀន ម៉ត់ចត់ ....ល។
៣. មានការរំពឹងខ្ពស់ចំពោះលទ្ធផលសិក្សារបស់សិស្ស គឺថា គ្រូបង្រៀនតែងចេះ ជួយលើកទឹកចិត្តសិស្ស ឲ្យខិតខំ ប្រឹងប្រែងរៀនសូត្រជានិច្ច ដើម្បីឈានទៅដល់គោលដៅដ៏ខ្ពង់ខ្ពស់មួយ ដែលគ្រូចង់បាន ។
៤. មានកម្មវិធីជាក់លាក់ប្រកបដោយស្ថិរភាព គឺថា គ្រូបង្រៀនល្អចេះបង្កើត បរិយាកាសរៀនសូត្រមួយ ប្រកបដោយ សុវត្ថិភាព និង មានកម្មវិធីច្បាស់លាស់មួយសម្រាប់សិស្ស។ គ្រូបង្រៀនល្អ តែងបង្ហាញប្រាប់ឲ្យសិស្ស ដឹងពីក្តីសង្ឃឹម របស់ខ្លួន ពីការចង់បានរបស់ខ្លួនពីសិស្សានុសិស្ស។
៥. ប្រកាន់ជានិច្ចនូវភាពយុត្តិធម៌សម្រាប់សិស្ស គឺថា គ្រូបង្រៀនល្អធ្វើអ្វីមួយតែងតែមានហេតុផលល្អសម្រាប់សិស្ស និងតែងប្រកាន់ភាពយុត្តិធម៌ជានិច្ចសម្រាប់អ្នកគ្រប់គ្នា ។ ការស្រលាញ់ចូលចិត្ត ការផ្ទេរចំណេះដឹង គឺ ត្រូវបានធ្វើ ដោយស្មើភាពគ្នា ចំពោះសិស្សទូទៅដោយមិនលម្អៀង ។
៦. អាចសម្របខ្លួនបានតាមស្ថានការណ៍ជាក់ស្តែង គឺថា គ្រូល្អតែងយល់បានច្បាស់ជានិច្ច អំពីស្ថានការណ៍ចិត្ត គំនិត របស់សិស្ស ក៏ដូចជាសង្គម និង អាចសម្របខ្លួនបានទាន់ពេលវេលា តាមស្ថានការណ៍ទាំងនោះ ។

ច. តើមុខរបរគ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា មានការវិវត្តយ៉ាងដូចម្តេច?

ស្ថានភាពបង្រៀននៅប្រទេសខ្មែរមានដំណើរវិវិត្តចំនួន ៩ ទិដ្ឋភាពគឺ៖

១. ឪពុកម្តាយ គឺជាគ្រូទីមួយរបស់កូនៗ៖ ក្រៅពីការចិញ្ចឹមបីបាច់កូន ឪពុកម្តាយដើរតួនាទីជាគ្រូទីមួយ របស់កូន នៅឯផ្ទះ ។ ឪពុកម្តាយបង្រៀនកូនឲ្យចេះពីរបៀបរស់នៅ ការហូបចុះ ការនិយាយស្តី ការគប់មិត្ត ជាដើម ....ល។

២. គ្រូបង្រៀននៅតាមព្រៃភ្នំក្រំថ្ម៖ គ្រូបង្រៀនសម័យនោះភាគច្រើន ពួកលោកច្រើនតែជាតាបស អ្នកបួសដែលធ្វើ សមាធិតាមព្រៃភ្នំក្រមថ្មជាដើម ។ អ្នកដែលចង់រៀនពីគ្រូលុះត្រាតែចូលព្រៃស្វែងរកតាបស ឥសីឲ្យជួយបង្រៀន ។ ឧទាហរណ៍ដូចជា រឿង ស័ង្ខសិល្ប៍ជ័យ រឿង សព្វសិទ្ធិ ជាដើម ។

៣. គ្រូបង្រៀននៅក្នុងវត្តអារាម៖ អ្នកស្រុកដែលចង់រៀនសូត្រ ត្រូវតែចូលវត្តអារាម សុំបួសរៀនពីលោកគ្រូ ដែលជា ព្រះសង្ឃ ដែលលោកគង់នៅក្នុងវត្តឲ្យជួយបង្រៀន ។

៤. គ្រូបង្រៀននៅក្នុងវាំង និង ក្នុងភូមិគ្រឹះមន្ត្រី ៖ អ្នកដែលអាចមានឱកាសបានរៀនសូត្រពេលនោះ ភាគច្រើន សុទ្ធតែជា កូនមន្ត្រី សេដ្ឋី ឬជាបុត្រាបុត្រីរបស់សេ្តចតែប៉ុណ្ណោះ។ ចំណែកឯប្រជារាស្ត្រ វិញមិនមានឱកាសបាន រៀនសូត្រទេ។

៥. គ្រូបង្រៀនតាមភូមិ ឬសហគមន៍នានា៖ គ្រូបង្រៀនប្រភេទនេះច្រើនជាព្រះសង្ឃ ឬជាប្រជាជន ដែលធ្លាប់បួស រៀន ដែលលោកមានទឹកចិត្ត ចង់បណ្តុះបណ្តាលមហាជនក្នុងភូមិ ឲ្យបានរៀនសូត្រចេះដឹងដូចខ្លួន តាមរយៈកម្មវិធី បង្រៀន បែបអក្ខរកម្ម មិនមានក្បួនខ្នាតត្រឹមត្រូវនៅឡើយទេ ។

៦. គ្រូបង្រៀនសម័យប៉ុលពត៖ សម័យខ្មៅងងឹតនេះ គ្រូបង្រៀនមិនមានតម្លៃអ្វីទាំងអស់ មនុស្សល្ងង់ខ្លៅ មិនចេះអ្វី សោះ ក្រៅតែពីការកាប់សម្លាប់ បែរជាបានធ្វើជាគ្រូគេទៅវិញ។ ឯអ្នកចេះដឹង ដូចជាគ្រូបង្រៀន ត្រូវបានគេកាប់ សម្លាប់ ស្ទើរផុតពូជអស់ ។ ហេតុដូច្នេះហើយបានជាធ្វើឲ្យសង្គមវឹកវរ ខ្លាំងនាសម័យនោះ ។

៧. គ្រូបង្រៀននៅក្នុងសាលារដ្ឋ៖ គ្រូបង្រៀនប្រភេទនេះ គឺច្រើនតែបានទទួលការបណ្តុះបណ្តាលបានត្រឹមត្រូវ ពីរដ្ឋ ឬពីស្ថាប័នឧត្ថមសិក្សាផ្សេងៗ ហើយមហាជនភាគច្រើន មានឱកាសបានចូលរៀនដូចៗគ្នា។ សាលារៀនភាគច្រើន គឺស្ថិត នៅក្នុងភូមិស្រុក ជិតឆ្ងាយតាមស្ថានភាពជាក់ស្តែង ។

៨. គ្រូបង្រៀនសាលាឯកជន៖ គ្រូបង្រៀនប្រភេទនេះ ទើបតែមានការរីកចម្រើនខ្លាំង នៅក្នុងសម័យបច្ចុប្បន្ននេះ ប៉ុណ្ណោះ ដោយសារតែមានការបើកចំហរទីផ្សារសេរី កាលពីឆ្នាំ ១៩៩៣ មក ។ សិស្សដែលអាចរៀនបាន គឺ មានតែ អ្នក មានប្រាក់បង់ប៉ុណ្ណោះ ។

៩. គ្រូបង្រៀនសាលាអង្គការ៖ ក្រោយពីសម័យ អ៊ុនតាក់ UNTAC មក ប្រទេសកម្ពុជា មានអង្គការក្រៅរដ្ឋាភិបាល ជាច្រើន បានធ្វើការស្ម័គ្រចិត្ត ជួយដល់ប្រជាជនកម្ពុជា ដោយធ្វើការបណ្តុះបណ្តាលមហាជន នូវចំណេះទូទៅ ឬជំនាញផ្សេងៗ ដោយឥតគិតថ្លៃ ។ ប្រជាពលរដ្ឋដែលចូលក្នុងលក្ខខណ្ឌ ត្រូវបានអង្គការជ្រើស ឲ្យចូលរៀន ដោយឥតគិតថ្លៃ ។

សរុបមក នាទីជាគ្រូបង្រៀន គឺគ្មាននរណាម្នាក់គេចផុតបានឡើយ ។ ការងារជាគ្រូបង្រៀន គឺពិតជាមានតម្លៃណាស់ សម្រាប់ការអភិវឌ្ឍសង្គម។ អាស្រ័យហេតុនេះ សមាជិកគ្រប់រូបទាំងឡាយក្នុងសង្គម គួរណាតែរួមគ្នាជួយលើកស្ទួយតម្លៃ គ្រូបង្រៀនឲ្យបានច្រើន។ យើងទាំងអស់គ្នាគួរតែជួយពង្រឹងជីវភាពគាត់ ឲ្យបានប្រសើរថ្លៃថ្លា ដូចជាការងារផ្សេងៗ ទៀតដែរ ។ ឯលោកគ្រូអ្នកគ្រូខ្លួនឯង គួរណាតែចេះស្គាល់តម្លៃខ្លួនឯង និង គួរតែធ្វើខ្លួនយ៉ាងណា ឲ្យសមជាអ្នកបណ្តុះពូជ នៃគំនិត របស់មនុស្ស ។

-------------------------------------------------------------------------
ដោយ៖ គល់រាំង - ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...