«កូនខ្ញុំមិនដល់ថ្នាក់ស្លាប់ទេ បើខ្ញុំនាំទៅរៀន ប៉ុន្តែនាងនឹងស្លាប់ បើគ្មានចំណេះដឹង»
- ដោយ: ប្រាថ្នា ដោយ៖ ប្រាថ្នា ([email protected]) - ភ្នំពេញថ្ងៃទី២៤ មីនា ២០១៥
- កែប្រែចុងក្រោយ: March 28, 2015
- ប្រធានបទ: អប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«កូនស្រីរបស់ខ្ញុំ ប្រហែលមិនដល់ថ្នាក់ស្លាប់ទេ ប្រសិនបើខ្ញុំនាំគេ ទៅសាលារៀន ប៉ុន្តែនាងនឹងស្លាប់ ប្រសិនបើមិនព្រម ទៅរៀន ឱ្យមានចំណេះដឹង» នេះជាការលើកឡើង របស់បុរសជាតិឥណ្ឌាម្នាក់ បន្ទាប់ពីលោក ត្រូវបានធានាឱ្យនៅក្រៅឃុំ ក្រោយពីធ្វើការឃុំខ្លួនមួយថ្ងៃ ដោយសារតែលោក បានចងកូនស្រីជាប់នៅលើម៉ូតូ នាំទៅសាលារៀន។
ហេតុការណ៍នៃការចាប់បង្ខំកូន ពីសំណាក់ឪពុក វ័យ៤០រូបនេះ បានកើតឡើង ស្របពេល ដែលលោកនាយករដ្ឋមន្ត្រី ឥណ្ឌាន រ៉េនត្រា ម៉ូឌី ជំរុញជាសាធារណៈ ឱ្យក្មេងស្រីបានទទួល ការសិក្សាអប់រំ ។
បណ្ដាញទូរទស្សន៍ BBC បានផ្សាយឱ្យដឹងថា បុរសខាងលើ ត្រូវបាននគរបាលឥណ្ឌាចាប់ខ្លួន ក្រោយពីកាសែតក្នុងស្រុកជាច្រើន នៅរដ្ឋឧត្តរប្រាដេស ផ្សព្វផ្សាយ ពីរឿងចងកូនស្រីជាប់ម៉ូតូ ដូចសត្វធាតុ។ រូបលោកត្រូវបានចោទប្រកាន់ ថាបានល្មើស លើសេចក្តីសុខរបស់កូន។
តែបុរសជាឪពុកខាងលើ ដែលមានអាជីពជាសន្តិសុខ នៅសាលារៀនឯកជន មួយរូបនោះ ត្រូវបានធានាឱ្យនៅក្រៅឃុំវិញ។ តាមមន្រ្តីនគរបាលបានឱ្យដឹងថា បុរសជាឪពុក បានឆ្លើយថា គាត់បានព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីលួងលោមកូនស្រី ឱ្យទៅសាលា រួមទាំងសន្យាថា នឹងឱ្យស្ករគ្រាប់ជារង្វាន់ ប៉ុន្តែត្រូវបាននាងបដិសេធ មិនព្រមទៅរៀន។ ដោយសារតែកូនស្រីរបស់គាត់ មិនព្រមចូលសាលា ហេតុនេះហើយ ទើបគាត់ខឹងយ៉ាងខ្លាំង ហើយយកខ្សែចងកូនស្រី ភ្ជាប់កែបម៉ូតូ ដើម្បីដឹកយកទៅសាលា។
បុរសវ័យកណ្ដាលរូបនេះ នៅតែបានអះអាងថា គាត់ធ្វើបែបនោះ ជារឿងត្រឹមត្រូវ ព្រោះគាត់ចង់ឱ្យកូនស្រី ទទួលចំណេះដឹង៕