ដីកាចម្លែក៖ ត្រូវបង្ហាញខ្លួនក្នុងថ្ងៃខែណា លោកតំណាងអយ្យការ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៧ មីនា ២០១៥
- កែប្រែចុងក្រោយ: March 28, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពលរដ្ឋមួយរូប ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការកម្ពុជា ចេញដីកាកោះឲ្យចូលខ្លូន មកបង្ហាញខ្លួន ចំពោះមុខតុលាការ ក្នុងឆ្នាំ២០១៥នេះ តែមិនបានកំណត់នូវថ្ងៃ ឬខែ ដែលត្រូវមកបង្ហាញនោះឡើយ។ តំណាងអយ្យការ អមសាលាដំបូងខេត្ត បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន ចេញដីកាកោះ កោះហៅដើមចោទ លោក អ៊ឹម ផល្លែន ឲ្យមកបង្ហាញខ្លួន ចំពោះមុខតំណាងអយ្យការ ដើម្បីចូលបំភ្លឺក្នុងរឿងប្តឹងសុំអនុវត្តន៍សាលក្រម។
ក្នុងដីកាដដែលនេះ ក្រៅពីគ្មានចុះថ្ងៃ ខែ ក្នុងឆ្នាំ២០១៥ ដែលមានហត្ថលេខាតំណាងអយ្យការ លោក ផាន់ វណ្ណរ័ត្ន បានបង្គាប់បញ្ជាឲ្យ អាជ្ញាធរនគរបាលមូលដ្ឋាន ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រគល់ដីការនេះ ទៅកាន់សាម៉ីខ្លួន ដែលបានប្តឹងសុំ ឲ្យចូលខ្លួនបំភ្លឺ នាវេលាម៉ោង ៨ និង៣០នាទីព្រឹក ក្នុងសំណុំរឿងលេខ១៣ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ តែមិនបានបញ្ជាក់ថា ត្រូវទៅបង្ហាញខ្លួន នៅក្នុងថ្ងៃណា និងខែណាឡើយ។ ហើយដីកាកោះមួយសន្លឹកនេះ បានចូលមកដល់សាលាក្រុង ប៉ោយប៉ែត ក្នុងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ នាវេលាម៉ោង២ និង១០ នាទីរសៀល។
ដោយសារតែហេតុនេះ និងតាមបញ្ជារបស់ អភិបាលក្រុងប៉ោយប៉ែតផង ទើបក្នុងថ្ងៃទី២៦ ខែមីនានេះ លោក រដ្ឋ សុខា នាយករដ្ឋបាលសាលាក្រុងប៉ោយប៉ែត បានចេញសេចក្តីជូនដំណឹង មួយសន្លឹក ទៅកាន់តំណាងអយ្យការ អមសាលាដំបូងខេត្ត បន្ទាយមានជ័យ ថា៖ «ដីកាកោះ ឲ្យឈ្មោះ អ៊ឹម ផល្លែន (ដើមចោទ) ទីតាំងសព្វថ្ងៃនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្មានថ្ងៃខែចេញដីកា និងគ្មានថ្ងៃខែកំណត់ ឲ្យសាមីខ្លួនចូលទៅបំភ្លឺ ធ្វើឲ្យអាជ្ញាធរក្រុង សង្កាត់ មិនអាចប្រគល់ដីការកោះនេះ ឲ្យទៅឈ្មោះ អ៊ឹម ផល្លែន បានឡើយ។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីតំណាងអយ្យការ អមសាលាខេត្តបន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន ក្នុងករណីខាងលើបានឡើយ ដោយទូរស័ព្ទរបស់លោក មិនអាចភ្ជាប់ទំនាក់ទំនងបាន។
មន្រ្តីនៃសាលាដំបូងរាជធានីភ្នំពេញម្នាក់ ដែលសុំមិនបង្ហាញឈ្មោះ បានបញ្ជាក់ថា ដីកាភាគច្រើន ស្ទើរគ្រប់តុលាការ ចៅក្រម ឬព្រះរាជអាជ្ញាទាំងអស់ ត្រូវបានក្រឡាបញ្ជី កាន់រឿងនីមួយៗ ស្នើឲ្យចៅក្រម ឬព្រះរាជអាជ្ញា ចុះហត្ថលេខាទុកមុន ព្រោះពេលខ្លះចៅក្រម ទាំងនោះរវល់ណាស់ រកតែពេលចុះហត្ថលេខាមិនបានទេ។ មន្ត្រីរូបនោះ បានថ្លែងឲ្យដឹងថា៖ «ឲ្យចៅក្រមចុះហត្ថលេខា លើដីកាមួយចំនួន ដែលយើងដឹងថា វាត្រូវប្រើប្រាស់។ បន្ទាប់មក យើងគ្រាន់តែយកដីការនោះសរសេរមូលហេតុ និងកម្មវត្ថុរឿង និងវាយត្រាជាការចប់។ ពេលខ្លះ ក៏ភ្លេចដាក់ថ្ងៃខែដែរ។ បើមន្រ្តីតុលាការយកទៅផ្ទាល់ បើគ្មានថ្ងៃខែ សាមីខ្លួនគេខលមកសួរ ហើយប្រាប់គេទៅ។»
ប្រធានផ្នែកសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឈន៍នៅកម្ពុជា ហៅកាត់ថា អាដហុក លោក នី ចរិយា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីថា ដីការនេះ មិនពេញលេញតាមលក្ខណៈច្បាប់ឡើយ។ ទាំងអ្នកនាំដីកា និងអ្នកទទួលដីកា មានសិទ្ធិគ្រប់គ្រាន់ ក្នុងការបដិសេធដីការនេះ តាមផ្លូវច្បាប់។ លោក ចរិយា មិនបានវាយតម្លៃ ពីការភ្លេចភ្លាំង មិនបញ្ជាក់ពីពេលវេលា ក្នុងដីកាខាងលើរបស់តុលាការ ថាជាចេតនា ឬជាការបៃដន្យឡើយ។ តែលោកគ្រាន់តែ បានពន្យល់ថា៖ «នោះ ជាការខុសនីតិវិធី។ ព្រោះច្បាប់បានកំណត់រួចហើយថា ដីកាត្រូវតែសរសេរឲ្យច្បាស់ ពីពេលវេលា ពីទីកន្លែង និងអ្វីៗទាំងអស់ ដែលមានក្នុងដីកា។ ដីកាថាច្រឡំ ក៏ថាបាន តែដាច់ខាតវាមិនអាចច្រឡំ ព្រោះដីកានោះ សរសេរតែមួយសន្លឹក មិនអាចឲ្យរំលងទេ ព្រោះជាក្រិត្យក្រមរបស់ច្បាប់។ (...) ជាដីកាមួយនេះ ជាដីការំលោភលើនីតិវិធី។ (...) អ្នកធ្វើខុសនីតិធីច្បាប់ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់។»
នេះជាដីកាកោះ និងសេចក្តីជូនដំណឹងរបស់សាលាក្រុងប៉ោយប៉ែត ដែលទស្សនាវដ្តីទើបទទួលបាន៖
(ចុចលើរូប ដើម្បីពង្រីកអាន)