សហគមន៍បឹងកក់បារម្ភ ជំរុញឲ្យអាជ្ញាធរ និងតុលាការចាប់ជនដៃដល់
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពន្លឺនៃដំណោះស្រាយ និងការតាមចាប់ជនដៃដល់ ដែលបានប្រើ«ហិង្សា» មកលើពលរដ្ឋអ្នកភូមិបឹងកក់ កាលពីយប់ថ្ងៃទី២២ ខែកញ្ញា នៅរមណីដ្ឋានវត្តភ្នំ និងការដង្ហោយហៅឲ្យអាជ្ញាធរជួយការពារ ឃ្លាំមើលពីសុវត្តិភាព អាយុជីវិតរបស់សកម្មជនដីធ្លីទាំងនេះ នៅមិនទាន់បានលេចចេញ ឲ្យឃើញជារូបរាងនៅឡើយ។ ទាំងនេះជាមូលហេតុជំរុញឲ្យ ក្រុមពលរដ្ឋទាំងនោះ បានដាក់បន្ថែមទៀតនូវភស្ដុតាងទាំងឡាយ ដែលពួកគេទទួលបាន ទៅកាន់ស្ថាប័នពាក់ព័ន្ធជាបន្តទៅទៀត ក្នុងនោះមានសាលាដំបូងរាជធានីភ្នំពេញ និងអគ្គស្នងការនគបាលជាតិ។
ទិដ្ឋភាពនៃការតវ៉ា របស់ពលរដ្ឋអ្នកភូមិបឹងកក់ នៅមុខសាលាដំបូងរាជធានី ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
រាជធានីភ្នំពេញ - តាមការអះអាងរបស់តំណាងប្រជាពលរដ្ឋ បានថ្លែងឲ្យដឹងថា លិខិតពីរដោយឡែកពីគ្នា ដែលមានផ្តិតមេដៃចំនួនប្រាំបួននាក់ លិខិតមួយដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ និងមួយទៀតដាក់ទៅអគ្គស្នងការនគបាលជាតិ ដើម្បីបញ្ជាក់ឡើងវិញពីទុកលំបាក និងបញ្ហា ដែលបានកើតឡើងនាពេលកន្លងមក ទៅលើពួកគេ។ លិខិតទាំងពីរនេះ បានធ្វើ ខណៈដែលក្រុមពលរដ្ឋទាំងនោះ បាននាំគ្នាមកជួបជុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែតុលានេះ។
ក្នុងលិខិតមួយដែលបានដាក់ទៅ អគ្គស្នងការនគបាលជាតិ បានសរសេរថា ប្រជាពលរដ្ឋសហគមន៍បឹងកក់ បានរងនូវការគំរាមកំហែង ការប្រើហិង្សាតាមរយៈការវាយ ទាត់ធាក់ ការឆក់(ឆក់នឹងដំបងឆក់) ការចាប់ខ្លួនជាដើម។ លិខិតនេះបានសរសេរបន្តរថា «ពាក្យបណ្តឹងរបស់យើងខ្ញុំដែលបានដាក់ទៅតុលាការ មិនដែលមានចំណាត់ការម្តងណាឡើយ។ (...) ឯអ្នកបឹងកក់ក៏កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ គ្មានសុវត្ថិភាព ក្រោមការប៉ុនប៉ងធ្វើបាប និងសំលាប់នៅគ្រប់កន្លែងពីសំណាក់ឈ្មួញទុច្ចរិត មន្រ្តីពុករលួយ និងកងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល។»
អ្នកស្រី ស៊ុង ស្រីលាភ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ពាក្យបណ្តឹងដែលបានដាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១១ ខែតុលានោះ មានតែពាក្យបណ្តឹងជនរងគ្រោះ និងសាក្សី។ អ្នកស្រីបន្ថែមថា ថ្ងៃនេះក្រុមអ្នកបឹងកក់ ត្រូវដាក់សំណុំឯកសារបន្ថែម ពាក់ព័ន្ធនឹងជនដៃដល់ ហើយស្នើឲ្យស្ថាប័នតុលាការ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ជួយដោះស្រាយ ជំរុញ និងចាប់ខ្លួនជនទាំងនោះ មកផ្តន្ទាទោសតាមច្បាប់។
លោកព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ មាស ច័ន្ទពិសិដ្ឋ ដែលបានទទួលសំណុំរឿងនេះ ទស្សនាវដ្តីមិនអាចស្នើសុំការបំភ្លឺបានទេ តែលោក រចនា ដែលជាក្រឡាបញ្ជីទទួលបន្ទុករឿងនេះបានបញ្ជាក់ថា សំណុំរឿងអ្នកបឹងកក់បានទទួល និងកំពុងរៀបចំណាត់ការ ទៅតាមនីធីវិធីហើយ។ ចំពោះការកោះហៅភាគីដែលពាក់ព័ន្ធ មកធ្វើការសាកសួរបន្ថែមនោះ មិនទាន់ដឹងពេលវេលាច្បាស់លាស់ទេ ព្រោះរឿងនេះកំពុងតែស្ថិតក្នុងការស៊ើបអង្កេតបន្ថែម។ លោកបញ្ជាក់យ៉ាងដូច្នេះថា «លោកព្រះរាជអាជ្ញា បានចាត់ឲ្យអគ្គស្នងការនគបាលជាតិ ធ្វើសារស៊ើបអង្គេតបន្តរ»។
លោក សេក ភូមី មិនអាចសុំការបំភ្លឺបានទេក្នុងល្ងាចនេះ ព្រោះលោកកំពុងជាប់ប្រជុំ។ តែលោកបានបញ្ជាក់កាលពីព្រឹកថ្ងៃដដែល ក្រោយពេលទទួលសំណុំឯកសារពីខាងតំណាងអ្នកភូមិបឹងកក់ថា លោកតំណាងឲ្យអគ្គស្នងការនគបាលជាតិ ទទួលយកសំណុំឯកសារទាំងនេះ ជូនទៅថ្នាក់ដឹកនាំ ដើម្បីពិចារណា និងចាត់វិធានការ។ លោកបន្តរថា «ខ្ញុំមិនអាចបញ្ជាក់អ្វីផ្សេងក្រៅពីនេះបានទេ។ ខ្ញុំមកសម្របសម្រួល និងទទួលយកឯកសារទាំងនេះ ជូនថ្នាក់ដឹកនាំចាត់ការតាមច្បាប់»។
ទោះជាយ៉ាងនេះក្តី អ្នកស្រី ស៊ុង ស្រីលាភ ក៏បានបង្ហាញពីការជឿជាក់ និងមិនអស់សង្ឃឹមចំពោះការស្វែងរកយុត្តិធម៌នោះទេ។ អ្នកស្រីបន្ថែមថា «តុលាការស្រុកខ្មែរ គាត់នឹងឯករាជ្យឡើងវិញ ហើយក្នុងអាណត្តិទីប្រាំនេះ ពួកគាត់(តុលាការ) នឹងមានការកែគំនិត កែឧត្តមគតិ នឹងធ្វើការបំរើប្រជាពលរដ្ឋ ស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ (...) ជាពិសេសអគ្គស្នងការនគរបាលជាតិក៏នឹងធ្វើការបំរើប្រជាពលរដ្ឋ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋឡើងវិញ ព្រោះតែមួយរយៈកាលកន្លងមកនេះប្រជាពលរដ្ឋដែលបានធ្វើការតវ៉ា តែងតែរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំង (ដូចជាការបង្ក្រាបដោយកម្លាំងសមត្ថកិច្ច តាមរយៈការប្រើប្រាស់អំពើហិង្សា និងប្រព័ន្ធតុលាការមិនយុត្តិធម៌ជាដើម)៕»
-----------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៣១ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ