សមមិត្ត​ខ្មែរ​ក្រហម៖ គ្មាន​ទោស និង​ការ​ជម្លៀស​ប្រជាជន​ដោយ​ស្ម័គ្រ​ចិត្ត

ប្រកាសថាមានទោស ដោយតុលាការពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងប្រទេសកម្ពុជា អតីតថ្នាក់ដឹកនាំ​កំពូលរបស់ របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានតវ៉ាថា ខ្លួនគ្មានទោសដូចការចោទប្រកាន់ទាំងនោះទេ។ សាលក្រម​សម្រេច នឹងត្រូវរំពឹងថា ត្រូវប្រកាសចេញនៅប្រាំមួយខែដំបូងនៃឆ្នាំ២០១៤។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: November 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រកាសថាមានទោស ដោយតុលាការពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងប្រទេសកម្ពុជា អតីតថ្នាក់ដឹកនាំ​កំពូលរបស់ របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានតវ៉ាថា ខ្លួនគ្មានទោសដូចការចោទប្រកាន់ទាំងនោះទេ។ សាលក្រម​សម្រេច នឹងត្រូវរំពឹងថា ត្រូវប្រកាសចេញនៅប្រាំមួយខែដំបូងនៃឆ្នាំ២០១៤។


លោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសវនាកាត់ក្ដី។ (រូបថត eccc.gov.kh)

រាជធានីភ្នំពេញ - សវនាការកាត់ទោសដែលមានលក្ខណៈជានិមិត្តរូប ទៅលើមេដឹកនាំនៃរបបខ្មែរក្រហម ក្នុងសម័យ​កាលរវាងពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩ ត្រូវបានបញ្ចប់កាលពីថ្ងៃព្រហស្បត្តិ៍ទី៣១ខែតុលានេះ។ អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់ពីរនាក់ ដែលនៅប្រឈមនឹងការកាត់ក្ដីនេះ បានបញ្ជាក់ឡើងវិញាថាខ្លួនមិនមានជាប់ពាក់ព័ន្ធអ្វី ទៅនឹងការស្លាប់​របស់ប្រជាជនកម្ពុជាជាងពីរលាននាក់ ដូចការចោទប្រកាន់នោះទេ។ សាលក្រមសម្រេចនឹងត្រូវគេរំពឹងថា នឹងអាច​ប្រកាសចេញនៅប្រាំមួយខែដំបូងនៃឆ្នាំ២០១៤។ កាលពីសប្ដាហ៍មុន ខាងសហព្រះរាជអាជ្ញាបានស្នើសុំ នូវការដាក់ទោស​កម្រិតធ្ងន់បំផុត ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ទៅលើមេមនោគមវិជ្ជា និងជាអតីប្រធានរដ្ឋសភា លោក នួន ជា អាយុ​៨៧ឆ្នាំ រួមនឹងប្រមុខរដ្ឋ លោក ខៀវ សំផន អាយុ៨២ឆ្នាំ នៃកម្ពុជាប្រជាធិបតេយ្យទាំងពីររូបនេះ។

ប៉ុន្តែនៅថ្ងៃព្រហស្បត្តិ៍នេះ អតីតកម្មាភិបាលជាន់ខ្ពស់ទាំងពីររូប បានប្រកាសច្រានចោលជាថ្មីទៀត រាល់ការចោទប្រកាន់​ទាំងឡាយមកលើពួកគាត់។ លោក នួន ជា បានប្រកែកពីយល់ស្របពីអ្វីដែលព្រះរាជអាជ្ញាបានលើកឡើង យ៉ាងដូច្នេះថា «ក្នុងសវនាការកន្លងមក បានបង្ហាញច្បាស់ហើយថាខ្ញុំមិនបានបញ្ជាឲ្យមានឧក្រិដ្ឋកម្មអ្វីឡើយ ដែលផ្ទុយទៅនឹងការ​លើក​ឡើងរបសព្រះរាជអាជ្ញា។ និយាយឲ្យខ្លី ខ្ញុំគ្មានទោសកំហុសអ្វី ដូចការចោទប្រកាន់ទាំងនេះទេ។» អតីត សមមិត្តខ្មែរ​ក្រហមអាយុ៨៧ឆ្នាំរូបនេះ បានសុំឲ្យតុលាការលើកលែងទោស និងដោះលែងគាត់ឲ្យមានសេរីភាព។

ទោះបីជាយ៉ាងណាក៏ដោយ អតីតមេមនោគមវិជ្ជា ដ៏ខ្លាំងនៃរបបអាវខ្មៅនេះ បានសម្ដែងនូវវិប្បដិសារីយ៉ាងជ្រាលជ្រៅ ហើយថាលោកមានអារម្មណ៍ទទួលខុសត្រូវ ចំពោះជនរងគ្រោះ និងប្រជាជនកម្ពុជា ដែលបានរស់នៅ​ក្រោមរបប​បីឆ្នាំ​ប្រាំបីខែម្ភែថ្ងៃ យ៉ាងជូចត់ខ្លោចផ្សារ។ លោក នួន ជា បានទម្លាក់ការសង្ស័យទាំងប៉ុន្មានទៅលើ ជន«ក្បត់»ថ្នាក់ក្រោម និងប្រទេស«វៀតណាម» ដែលបានបណ្ដេញរបបរបស់លោក ឲ្យចេញពីអំណាចនៅឆ្នាំ១៩៧៩។

ប៉ុន្តែជនរងគ្រោះដែលបានមកចូលរួមក្នុងសវនាការដែរនោះ លោក ង៉ោ អាន អាយុ៦៩ឆ្នាំ បានហៅលោក នួន ជា ថាជា​ជនកំសាក ដែលមិនហ៊ានទទួលស្គាល់ការទទួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាមេដឹកនាំជាន់ខ្ពស់មួយរូប។ លោក ង៉ោ អាន ដែលបានបាត់បង់សមាជិកគ្រួសារ ចំនួន១០នាក់ បានទាមទារឲ្យគេដាក់ទោសលោក នួន ជា ឲ្យជាប់ពន្ធនាគារ​អស់​មួយ​ជីវិត។

ជម្លៀសប្រជាជនចេញពីទីក្រុង ដោយស្ម័គ្រចិត្ត ?

ចំណែកឯលោក ខៀវ សំផន វិញ បានបដិសេធចោលទាំងអស់ នូវការទទួលខុសត្រូវរបស់លោក បើទោះជានៅក្នុងសតិ​សម្បជញ្ញៈ​ក៏ដោយ។ លោកបានធ្វើការរិះគន់ត្រឡប់ទៅ ដើមចោទ ថាបាន«រៀបចំឈុតឆាក»របស់ខ្លួនឡើង។ លោក បានបកស្រាយបញ្ច្រាសមកវិញថា «វាច្បាស់ណាស់នូវអ្វីដែលគេចង់បានពីខ្ញុំ មានតែរឿងមួយទេ គឺឲ្យខ្ញុំទទួលស្គាល់ ពី​ការចោទប្រកាន់មកលើរូបខ្ញុំ»។

លោក ខៀវ សំផននិយាយថា «ខ្ញុំមិនដែលសម្រេចចិត្តឲ្យជម្លៀសប្រជាជនចេញពីទីក្រុង ឬឲ្យសម្លាប់នរណាម្នាក់​នោះ​ទេ»។ អតីតប្រមុខរដ្ឋរូបនេះ បានពន្យល់ពីមុខតំណែងរបស់លោក ដែលមានតែឈ្មោះប៉ុណ្ណោះ យ៉ាងដូច្នេះថា «ខ្ញុំគ្មាន​សិទ្ធិអំណាចអ្វីទាំងអស់ (...) រឿងទាំងនេះអាចជាកំហុសរបស់ខ្ញុំ ដែលខ្ញុំបាននៅជិតបុគ្គលដែលមានអំណាច»។

ករណីជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ កាលពីឆ្នាំ១៩៧៥នោះ ត្រូវបានលោក នួន ជា អះអាងថា បានធ្វើឡើង​ដោយស្ម័គ្រចិត្ត គ្មានបង្ខំ គ្មានហឹង្សា គ្មានគម្រាមសម្លាប់អ្វីទាំងអស់។ ប៉ុន្តែប្រជាជនកម្ពុជាដែលរួចរស់មានជីវិត បណ្ដា​អ្នក​ស្រាវជ្រាវប្រវត្តិសាស្ត្រ និងរូបភាពប្រវត្តិសាស្ត្រជាច្រើន បានបង្ហាញថា ការជម្លៀសអ្នកទីក្រុងភ្នំពេញ​ចេញនៅ​សម័យ​កាលនោះ ត្រូវបានធ្វើដោយមានគម្រោងច្បាស់លាស់ និងការចាត់តាំងត្រឹមត្រូវ ហើយថែមទាំងបានសម្លាប់យ៉ាងរង្គាល នូវនរណាក៏ដោយដែលមិនព្រមធ្វើតាមការបញ្ជារបស់ក្រុមអាវខ្មៅ៕

-----------------------------------------------
ដោយ ៖ កេសរកូល - ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...