ទាហានមួកខៀវពលី៖ អ.ស.ប ទាមទារយកឧក្រិដ្ឋជនមកកាត់ទោស
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី១៣ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 13, 2017
- ប្រធានបទ: ពលីកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការសហប្រជាជាតិ និងអាជ្ញាធរ របស់ប្រទេសអាហ្វ្រិកកណ្ដាល ត្រូវប្រើប្រាស់នូវមធ្យោបាយណាក៏ដោយ ដើម្បីនាំខ្លួនឧក្រិដ្ឋជន យកមកកាត់ទោស។ នេះ ជាការលើកឡើង របស់អគ្គលេខាធិការរង អង្គការសហប្រជាជាតិ លោក ហ្សង់ព្យែ ឡាក្រ័រ (Jean Pierre Lacroix) នៅចំពោះសពទាហានមួកខៀវពលី ទាំងប្រាំរូប (កម្ពុជា៤រូប និងម៉ារ៉ុក១រូប) ក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ធ ឧទ្ទិសដល់ពួកគេ កាលពីរសៀលម្សិលម៉ិញ នៅក្នុងទីស្នាក់ការកណ្ដាល នៃកងកម្លាំងបំពេញបេសកកម្មពហុជំនាញ របស់អង្គការសហប្រជាជាតិ ដើម្បីស្ថិរភាព នៅប្រទេសអាហ្វ្រិកកណ្ដាល ហៅកាត់ថា «Minusca»។ ពិធីនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់សមាជិករដ្ឋាភិបាល នៃប្រទេសអាហ្វ្រិកកណ្ដាល មន្ត្រីការទូតបរទេស និងមន្ត្រីទទួលខុសត្រូវ ក្នុង«Minusca» ជាច្រើននាក់។
លោក ឡាក្រ័រ បានមកដល់ប្រទេសអាហ្វ្រិកកណ្ដាល សម្រាប់រយៈពេលទស្សនកិច្ច ២៤ម៉ោង ក្នុងគោលបំណង ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ យុទ្ធជនមួកខៀវទាំង៥រូប និងសួរសុខទុក្ខ យុទ្ធជនច្រើននាក់ទៀត ដែលបានពលី និងរងរបួស នៅក្នុងការផ្ទុះអាវុធ កាលពីយប់ថ្ងៃចន្ទទី៨ ខែឧសភានេះ បង្កឡើងដោយក្រុមឧទ្ធាម «anti-Balaka» នាតំបន់ភាគខាងកើត ឈៀងខាងត្បូង នៃប្រទេសអាហ្វ្រិកកណ្ដាល។
យុទ្ធជនមួកខៀវកម្ពុជា ទាំងបួនរូប រួមមាន៖ លោកអនុសេនីយឯក គឹម សំ អ្នកបើកបរប៊ុលដូស័រ - លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព - លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និងលោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។
ដោយឡែកទាហានមួកខៀវ ជាតិម៉ារ៉ុក មួយរូបទៀត ដែលត្រូវបានក្រុមឧទ្ទាមនាំខ្លួនទៅ ក្នុងពេលវាយប្រហារនោះ ទើបនឹងត្រូវបានរកឃើញស្លាប់ កាលពីរសៀលថ្ងៃទី១១ ខែឧសភា ៣ថ្ងៃក្រោយការវាយប្រហារ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់«Minusca»។ ការរកឃើញសាកសព របស់យុទ្ធជនពលី ជាតិម៉ារ៉ុករូបនេះ បានធ្វើឲ្យចំនួនទាហានមួកខៀវស្លាប់ នៅក្នុងហេតុការណ៍ ឡើងដល់ ៥នាក់។
» អត្ថបទដែលទាក់ទង៖ «ទាហានមួកខៀវខ្មែរទាំងបីរូប ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ»
លោក ហ្សង់ព្យែ ឡាក្រ័រ បានអះអាងប្រាប់អ្នកសារព័ត៌មានដែរថា ទោះជាមានការយាយី និងការរំខាន រហូតធ្វើឲ្យយុទ្ធជនមួកខៀវ ច្រើននាក់ស្លាប់ និងរបួស ខណៈពួកគេ គ្រាន់តែមកបំពេញកិច្ចការមនុស្សធម៌ នេះក៏ដោយ តែអង្គការសហប្រជាជាតិ នៅតែប្រកាន់ជំហរដាច់ណាត់របស់ខ្លួន ដើម្បីបន្តបំពេញបេសកកម្ម ក្នុងប្រទេសអាហ្វ្រិកកណ្ដាល រហូតសម្រេចបាន ជាស្ថាពរ។ លោក ឡាក្រ័រ បានថ្លែងឡើងថា៖ «បុគ្គលិកស៊ីវិល និងយោធា [ក្រោមឆ័ត្រ របស់អង្គការសហប្រជាជាតិ] ទាំងអស់ នឹងនៅតែបន្តកិច្ចការរបស់ផងខ្លួន ដោយធ្វើសហប្រតិបត្តិការ ជាមួយនឹងអាជ្ញាធរអាហ្វ្រិកកណ្ដាល»។
» វីដេអូស្តីពីការគោរពវិញ្ញាណក្ខ័ន្ធ ទាហានមួកខៀវទាំង៥រូប៖
កាលពីថ្ងៃទី១១ ខែឧសភា (ម្សិលម្ងៃ) លោក ភីធើ ថូមសុន (Peter Thomson) ប្រធានមហាសន្និបាត របស់អង្គការសហប្រជាជាតិ ក៏បានថ្លែង នៅក្នុងឱកាសនៃការចុះសួរសុខទុក្ខ ទាហានមួកខៀវរងរបួស ទាំង១០រូប ដែរថា៖ «ជនដៃដល់ ដែលប្រព្រឹត្តិឧក្រិដ្ឋកម្មនេះ នឹងត្រូវចាប់យកមកផ្ដន្ទាទោស ហើយពួកគេត្រូវដឹងថា ទង្វើនេះ គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
» វីដេអូស្ដីពីការថ្កោលទោស លើការវាយប្រហារទៅលើកងកម្លាំងថែរក្សាសន្ដិភាព របស់អ.ស.ប៖