អាមេរិកនិងសម្ព័ន្ធមិត្ត ជំរុញឲ្យអនុវត្តន៍ទណ្ឌកម្មប្រឆាំងព្យុងយ៉ាង បន្ទាប់ពីបាញ់កាំជ្រួចជាថ្មី
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ សីហា ២០១៦
- កែប្រែចុងក្រោយ: August 04, 2016
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីកិច្ចប្រជុំជាបន្ទាន់ដោយបិទទ្វាជិត របស់ក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ អស់រយៈពេល២ម៉ោង កាលពីល្ងាចថ្ងៃពុធនេះរួចមក អ្នកស្រី សាម៉ាន់ថា ផាវើរ (Samantha Power) ឯកអគ្គរដ្ឋទូតអាមេរិក និងលោក កូរ៉ូ បេសស្សូ (Koro Bessho) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា សមាជិកជាច្រើននាក់ របស់ក្រុមប្រឹក្សាសន្តិសុខ បានប្រកាសថ្កោលទោស យ៉ាងខ្លាំងក្លា ចំពោះការបាញ់កាំជ្រួចបាលីស្ទីក របស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធ ដែលបានចូលជាលើកទីមួយ ទៅក្នុងដែនទឹកជប៉ុន។
អ្នកស្រី ផាវើរ បានថ្លែងឡើងថា អ្នកស្រីមិនបានគិតខុសទេ ដែលថាក្រុមប្រឹក្សសន្តិសុខ នឹងមានលទ្ធភាព ក្នុងការរួបរួមគ្នា យ៉ាងឆាប់រហ័ស និងជាធ្លុងមួយ ដើម្បីបរិហារការបាញ់កាំជ្រួចចុងក្រោយបង្អស់ របស់ប្រទេសកុម្មុយនីសកូរ៉េ ដែលអ្នកស្រីវាយតម្លៃថា ជាការគម្រាមដ៏ធ្ងន់ធ្ងរ ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ អ្នកស្រីបន្តទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងបន្តដាក់គំនាប ដើម្បីការអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវដំណោះស្រាយលេខ «២២៧០» (ជាទណ្ឌកម្មប្រឆាំងក្រុងព្យុងយ៉ាង បន្ទាប់ពីរបបនេះ បានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ជាលើកទីបួន និងបន្ទាប់មក បានបាញ់កាំជ្រួចមួយគ្រាប់ទៀត កាលពីពេលកន្លងមក)។
ចំពោះលោក បេសស្សូ វិញ បានលើកឡើង ពីសារព្រមានដ៏ម៉ឺងម៉ាត់ ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ តបទៅនឹង«ទង្វើមួយ ដែលមិនអាចទទួលយកបាន របស់ប្រទេសកូរ៉េខាងជើង»។ លោកអគ្គរាជទូត បានថ្លែងពីបំណងដ៏ជាក់លាក់មួយថា កិច្ចព្រមព្រៀងមួយ នឹងឃើញពន្លឺថ្ងៃ ក្នុងពេលឆាប់ៗខាងមុខ។
រីឯលោក ភីធើរ វីលសុន (Peter Wilson) ឯកអគ្គរាជទូតអង់គ្លេសវិញ ក៏បានលើកឡើងដែរថា ក្រុមប្រឹក្សាមិនបានចាត់ទុក ការបាញ់កាំជ្រួចជាថ្មីនេះ ថាជារឿងធម្មតានោះឡើយ។
ប៉ុន្តែចំពោះលោក លីវ ជីយី (Liu Jieyi) ឯកអគ្គរដ្ឋទូតចិនវិញ បានសម្ដែងការរារែក នៅក្នុងការថ្លែងរបស់ខ្លួន ទៅកាន់អ្នកសារព័ត៌មាន។ ប្រទេសចិន សម្ព័ន្ធមិត្តតែមួយគត់ របស់ប្រទេសកូរ៉េខាងជើង ជាដៃគូដ៏សំខាន់មួយ សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយរបបកុម្មុយនីសក្រុងព្យុងយ៉ាង។ លោក លីវ ជីយី បានថ្លែងថា៖ «យើងត្រូវធ្វើការ ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីធានាថា ភាពតានតឺងនឹងថមថយ នៅក្នុងឧបទ្វីបកូរ៉េ»។
ឯកអគ្គរដ្ឋទូតចិន បានថ្លែងបញ្ជាក់ថា យន្ដការខ្លះដែលមានកន្លងមក បានបង្កើតឲ្យមានភាពតានតឹងទៅវិញ។ ការលើកឡើងនេះ ទំនងជាចង់សំដៅដល់ ការប្រកាសគម្រោង ដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល របស់សហរដ្ឋអាមេរិក នៅតាមបណ្ដោយព្រំដែនកូរ៉េ កាលពីពេលថ្មីៗ។ ប៉ុន្តែអ្នកស្រី ផាវើរ បានឆ្លើយតបនឹងសំនួរ របស់អ្នកយកព័ត៌មានជុំវិញករណីនេះថា គម្រោងដាក់ពង្រាយ ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រួមសហការ ជាមួយនឹងប្រទេសកូរ៉េខាងត្បូងនោះ គ្រាន់តែជាកិច្ចការពារខ្លួនប៉ុណ្ណោះ ហើយមិនអាចយកមកធ្វើជា «លេស» ដើម្បីឲ្យប្រទេសកុម្មុយនីសកូរ៉េ បាញ់កាំជ្រួចបាលីស្ទីកជាថ្មីដូច្នេះឡើយ។
នៅថ្ងៃពុធម្សិលម៉ិញនេះ ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បង កាំជ្រួចបាលីស្ទិក ចំនួន ២គ្រាប់ ដោយក្នុងនោះមួយគ្រាប់ បាញ់ត្រូវផ្ទុះឆេះភ្លាមៗ ក្រោយពីបាញ់ចេញពីដី ចំណែក ១គ្រាប់ទៀត ត្រូវបានបាញ់ចូលទៅក្នុងដែនទឹកជប៉ុន ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ។ ទង្វើនេះ បានបង្កកំហឹងខ្លាំងក្លា ដល់ប្រទេសជប៉ុន ដោយចាត់ទុកទង្វើនេះ ថាមិនអាចទទួលយកបាន៕