ឡានក្រុងយក្សរត់កន្លងលើថ្នល់ធំ បានបង្ហាញខ្លួនជាផ្លូវការ
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៣ សីហា ២០១៦
- កែប្រែចុងក្រោយ: August 04, 2016
- ប្រធានបទ: បច្ចេកវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សហគ្រាសចិន «Transit Explore Bus» បានប្រកាសកាលពីខែឧសភា ថាខ្លួនកំពុងធ្វើការ នៅលើគម្រោងរថយន្ដក្រុងមួយ ដែលនឹងជំនះឲ្យបាន នូវការស្ទះចរាចរណ៍។ នៅថ្ងៃអង្គារកន្លងមកនេះ រថយន្ដក្រុងនោះ បានចេញជារូបរាងពិតប្រាកដហើយ និងត្រូវបានសហគ្រាស យកមកដាក់ឲ្យរត់ ជាការសាកល្បង នៅពីលើថ្នល់ធំ នៃទីក្រុង «Qinhuangdao» របស់ខេត្ត «Hebei» ភាគខាងកើតនៃប្រទេសចិន។ រថយន្ដក្រុងនោះ មានឈ្មោះ «TEB» ដែលបានមកពីអក្សរកាត់ នៃពាក្យ «Transport Elevated Bus»។
ប្រសិនជាអ្នកជិះរថយន្ដផ្ទាល់ខ្លួន នោះអ្នកមិនដឹងថា ត្រូវនឹងធ្វើយ៉ាងដូចម្ដេចឡើយ នៅពេលដែលមានការកកស្ទះចរាចរណ៍។ អ្នកច្បាស់ជាក្ដៅក្រហាយណាស់ ព្រោះអ្នកទៅមុខមិរួច ទៅក្រោយក៏មិនបាន។ ប៉ុន្តែឡានក្រុង «TEB» ដែលមានកំពស់ទាំងអស់ ៥ម៉ែត្រនេះ នឹងរត់កន្លងពីលើការកកស្ទះ យ៉ាងរំភើយជាទីបំផុត។ ជាមួយទំហំដ៏ធំទូលាយ ទាំងទទឹង ទាំងបណ្ដោយនោះ រថយន្ដក្រុង «TEB» ក្នុងជំហានដំបូងនេះ នឹងអាចទទួលមនុស្សឲ្យចូលជិះ បានចំនួនដល់ទៅ ៣០០នាក់។
មិនត្រឹមតែប៉ុណ្ណឹងទេ ព្រោះអ្នកបង្កើត «TEB» មានគម្រោងចង់ធ្វើយានមួយនេះ ឲ្យដើរដូចរថភ្លើង ឬមេត្រូ (Métro) នោះដែរ។ បើគម្រោងនេះ ពិតដើរទៅដល់នោះមែន ឡានក្រុង «TEB» នឹងទទួលអ្នកដំណើរបានដល់ទៅ ១២០០នាក់។
«TEB» ដ៏ពិសេសមួយនេះ បានចូលរួម ក្នុងការកាត់បន្ថយកម្ដៅផែនដី ដោយសារវាដើរដោយចរន្ដអគ្គិសនី ដែលទទួលបាន ពីពន្លឺព្រះអាទិត្យ។ បន្ទះស្រូបពន្លឺជាច្រើន ត្រូវបានដាក់គ្រប ពីលើដំបូលរបស់វា ដើម្បីទទួលយកពន្លឺព្រះអាទិត្យ ហើយបំលែងឲ្យទៅជាអគ្គិសនី សម្រាប់ធ្វើឲ្យម៉ាស៊ីនរត់ បានរហូតដល់ល្បឿន ៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
នៅក្នុងការសាកល្បងដំបូង កាលពីថ្ងៃអង្គារនេះ រថយន្ដក្រុង «TEB» បានរត់បានចំងាយ៣០០ម៉ែត្រ ត្រួតពិនិត្យការចាប់ហ្វ្រាំង និងការប្រើប្រាស់ចរន្តអគ្គិសនី។ នៅក្នុងពេលភ្លាមៗ «TEB» នៅមិនទាន់អាចដាក់ឲ្យប្រើប្រាស់ ជាសាធារណៈបាននៅឡើយ។ ប៉ុន្តែបើតាមគេហទំព័រ «Xinhuanet» បានឲ្យដឹងថា ប្រទេសជាច្រើន ដូចយ៉ាង ប្រេស៊ីល ឥណ្ឌា ឥណ្ឌូនេស៊ី និងប្រទេសបារាំងជាដើម កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រភេទយានដឹកជញ្ជូនសាធារណៈមួយនេះ៕
----------
» វីដេអូបន្ថែម ទាក់ទងនឹងរថយន្ដក្រុង «TEB»៖