នគរបាលប៉ុស្តិ៍៖ «ខ្ញុំមិនចុះធ្វើអន្តរាគមន៍ទេ ព្រោះរវល់ដេក!»
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 12, 2015
- ប្រធានបទ: គ្រោះចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យកប្រាក់ខែពីរដ្ឋ ដែលសុទ្ធសឹងជាការបង់ពន្ទ របស់ពលរដ្ឋ តែមិនអនុវត្តន៍តាមតួនាទីរបស់ខ្លួន។ តើនៅប្រទេសកម្ពុជា មានមន្ត្រីអាជ្ញាធរ របៀបនេះប៉ុន្មាននាក់? គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង ត្រូវការកិច្ចអន្តរាគមន៍ជាបន្ទាន់ ពីមន្ត្រីទទួលបន្ទុកទាំងនោះ។ ផ្ទុយទៅវិញ នៅពេលពលរដ្ឋទៅហៅ ឲ្យមកបំពេញតួនាទី ស្រាប់តែមន្ត្រីម្នាក់នោះ បាននិយាយមកវិញថា «រវល់ដេក»។
ហេតុការណ៍នេះ បានបង្កការហួសចិត្ត បន្ទាប់ពីគ្រោះថ្នាក់ រវាងម៉ូតូ និងរឺម៉កដឹកបន្លែ បានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទី យប់ថ្ងៃទី១១ ខែមិថុនា ២ឆ្នាំ២០១៥ នៅចំណុចស្តុបផ្សារដើមគ តាមបណ្តោយផ្លូវមុន្នីរ៉េត។ បន្ទាប់ពីមានគ្រោះថ្នាក់ភ្លាម ជនរងគ្រោះដែលគេស្គាល់ឈ្មោះ ជួន ស៊ីណាត អាយុ២៧ឆ្នាំ រស់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានកាត ជាសិក្ខាកាម រដ្ឋបាលរាជធានីភ្នំពេញនៅជាប់ខ្លូន។
ពលរដ្ឋដែលនៅក្នុងហេតុការណ៍នេះ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា គ្មានមន្រ្តីប៉ូលិសចររាចរណ៍ណាម្នាក់ ចុះមកធ្វើអន្តរាគមន៍ជួយបុរសនេះទេ តាំងពីគ្រោះថ្នាក់ភ្លាម រហូតដល់មួយម៉ោងក្រោយមក។ ពលរដ្ឋដែលស្គាល់ភូមិស្រុកច្បាស់ នៅទីនោះ បានទៅជួយហៅនគរបាល នៅប៉ុស្តិ៍ផ្សារដើមគជិតនោះ តែមន្ត្រីនគរបាលប្រចាំការនៅទីនោះ បានបដិសេធមិនធ្វើអន្តរាគមន៍ទេ ដោយតបសម្តីថា «ជាប់រវល់ដេក»។
ជនរងគ្រោះ ដែលបានបាត់បង់ស្មារតី មិនទាន់ដឹងខ្លួន ត្រូវបានអ្នកម៉ូតូឌុប បញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន ឃឹម រ៉ានី នៅជិតនោះ។ ម្នាក់ក្នុងចំណោមអ្នកជួយជូន ទៅមន្ទីរពេទ្យ បានឲ្យដឹងទាំងមិនប្រាប់ឈ្មោះថា នៅក្នុងខ្លួនជនរងគ្រោះ ត្រូវជនមិនស្គាល់មុខ លួចយកកាបូបលុយ និងទូរស័ព្ទបាត់ហើយ នៅតែលេខទូរស័ព្ទក្នុងសៀវភៅ តែមិនអាចទាក់ទងបានទាំងអស់។
បច្ចុប្បន្នជនរងគ្រោះ នៅមិនទាន់ដឹងថា សាច់ញាតិនៅទីណានៅឡើយ ហើយកំពុងតែព្យាបាលនៅមន្ទីពរទ្យ ឃឹម រ៉ានី នៅជិតស្តុបផ្សារដើមគ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯម៉ូតូដែលខូចខាត ត្រូវបាននគរបាលម្នាក់ ជិះកាត់តាមនោះឃើញ ក៏បានទូរស័ព្ទហៅនគរបាលខណ្ឌទួលគោក ឲ្យមកយកទៅរក្សារទុក នៅស្នងការខណ្ឌ ដើម្បីរង់ចាំម្ចាស់ ចេញពីពេទ្យ មកទទួលយក និងដោះស្រាយ។ ដោយឡែក អ្នកបើកបររឺម៉កគ្មានគ្រោះថ្នាក់អ្វី ធ្ងន់ធ្ងរនោះទេ៕