តើសម័យណា ដែលកាប់បំផ្លាញព្រៃឈើច្រើនជាងគេ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១០ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 12, 2015
- ប្រធានបទ: ព្រៃឈើ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុអ្វីព្រៃឈើ ចេះតែហិនហោច? ដោយសារអ្វី? ក្នុងសម័យកាលណាខ្លះ? ការកាប់បំផ្លាញព្រៃឈើ ដែលអាចធ្វើទៅបាន មិនមែនអ្នកល្ងង់ឡើយ ហើយក៏មិនមែនជាក្មេងដែរ។ នេះ ជាការថ្លែងលើកឡើង ជាសំនួររបស់លោក ប៉ុល ហំម តំណាងរាស្រ្ត មកពីគណបក្សប្រឆាំង និងជាប្រធានគណកម្មការទី៣ នៃរដ្ឋសភា ក្នុងទិវាបរិដ្ឋានកាលពីពេលថ្មីៗនេះ។ លោក បានថ្លែងរបៀបកំប្លែងថា៖ «អ្នកបំផ្លាញបរិស្ថាន មិនមែនកើត ពីអ្នកដែលអត់ចេះទេ ហើយក៏មិនមែនក្មេងៗយុវជនទេ គឺសុទ្ធតែពួកអត់សក់ ប៉ុន្តែអ្នកអត់សក់ដូចខ្ញុំ មិនដែលបំផ្លាញទេ»។
លោក ប៉ុល ហំម បានពន្យល់ទៀតថា ក្នុងទង្វើដែលខុសឆ្គង នៃការកាប់បំផ្លាញ ឬការគ្រប់គ្រងប្រទេស ដែលបណ្តែតបណ្តោយ ឲ្យមានការបំផ្លាញព្រៃឈើ យ៉ាងរង្គៀលនោះ សម្រាប់យុត្តិធម៌ ឬមិនយុត្តិធម៌ នឹងត្រូវបានប្រវត្តិសាស្រ្តចារទុក។ លោកថា ប្រវត្តិសាស្ត្រនឹងផ្តល់ការកត់ត្រា ទៅឲ្យមេដឹកនាំប្រទេសនោះថា៖ «សម័យអ្នកណា ដែលកាន់អំណាច ហើយកាប់បំផ្លាញព្រៃឈើ គឺអ្នកហ្នឹងហើយ»។
ការលើកឡើងដូច្នេះ របស់លោក ប៉ុល ហំម ធ្វើឲ្យមតិសារធារណៈ មួយចំនួនយល់ថា មានតែសម័យកាន់អំណាច ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ ដែលបានបណ្ដែតបណ្តោយ ឲ្យមានការកាប់បំផ្លាញព្រៃឈើ ច្រើនជាងគេ។ ហើយលោក ហ៊ុន សែន ខ្លួនឯងផ្ទាល់ធ្លាប់បាននិយាយថា បើសិនជាលោកមិនអាចទប់ស្កាត់ ការបំផ្លាញព្រៃឈើបានទេ លោកសុខចិត្តកាត់ ក លោកចោល។
លោក ប៉ុល ហំម បានស្នើដល់អ្នកដឹកនាំ ត្រូវធ្វើការតាំងចិត្ត បញ្ឈប់អ្នកដែលមានបំណង កាប់បំផ្លាញព្រៃឈើ។ លោកបានថ្លែងឲ្យដឹងទៀតថា ក្នុងកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងកសិកម្ម កន្លងមក លោកស្នើ និងគាំទ្រទៅជនបរទេស និងទេសចរណាម្នាក់ ដែលមានបំណងដាំដើមឈើ។ លោកថាត្រូវធ្វើការបណ្តុះកុមារ ដើម្បីចូលរួម ក្នុងការងារការពារព្រៃឈើ និងដាំឈើ ធ្វើឲ្យបរិស្ថាននៅកម្ពុជា មានភាពប្រសើរឡើងវិញ។
លោក អ៊ុក រាប៊ុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីចូលបំភ្លឺ នៅមុខគណៈកម្មការទី៣ នៃរដ្ឋសភា នាវិមានរដ្ឋសភា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងមកថា យោងតាមការថត ដោយប្រព័ន្ធផ្កាយរណប ព្រៃឈើបច្ចុប្បន្ន នៅប្រទេសកម្ពុជា នៅសល់ប្រហែលជាង៦០ភាគរយ នៃផ្ទៃដីសរុប។
តែបើតាមរបាយការណ៍រូបភាព ផ្កាយរណប ដែលចេញកាលពីខែធ្នូ ឆ្នាំ ២០១៣ ផែនទីដែលមានលក្ខណៈចលនា គេហទំព័រ Open Development Cambodia (ODC) បានបង្កើតពីរូបភាពផ្កាយរណប ណាស្សា (NASA) បានបង្ហាញលម្អិត អំពីការបំផ្លាញខ្លាំងក្លា ទៅលើព្រៃឈើរបស់ប្រទេសកម្ពុជា ដែលជាការបំផ្លាញ ដែលបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈកាល៥ឆ្នាំចុងក្រោយនេះ។ គេហទំព័រ ODC បានឲ្យដឹងថា ការវិភាគរូបភាពផ្កាយរណបបង្ហាញថា ក្នុងឆ្នាំ១៩៧៣ ប្រហែល ៧២.១១ភាគរយនៃប្រទេសកម្ពុជា ត្រូវបានគ្រប់ដណ្តប់ដោយព្រៃឈើ។ រូបភាពថ្មីៗបានបង្ហាញថា គម្របព្រៃឈើបច្ចុប្បន្នមានតិចទៅៗគឺចំនួន ៤៦,៣៣ ភាគរយ ដោយរួមបញ្ចូលទាំងចម្ការកៅស៊ូ៕
» ដើម្បីដឹងថា តើសម័យណា ដែលមានការកាប់បំផ្លាញព្រៃឈើ ច្រើនជាងគេ សូមទស្សនាការវិវត្តន៍ នៃផ្ទៃក្រឡាព្រៃឈើនៅកម្ពុជា ដែលចេះតែហិនហោចទៅៗ របស់គហទំព័រ ODC ដូចខាងក្រោម៖