«សំណល់ចុងក្រោយ នៃព្រៃឡង់ ឈានទៅបាត់រូបទាំងស្រុង»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៧ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 28, 2015
- ប្រធានបទ: ជំនួញឈើ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើនរណាទៅ ជាជនមានអំណាច ដែលមិនញញើតនឹងមន្ត្រីសមត្ថកិច្ច និងស្ថិតនៅពីក្រោយ នៃការបន្តបំផ្លិចបំផ្លាញ ធនធានធម្មជាតិ ក្នុងតំបន់ព្រៃឡង់? តើសំដីរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុងពេលកន្លងមក ក្នុងការប្ដេជ្ញាចិត្ត ទប់ស្កាត់បទល្មើសព្រៃឈើ គ្រាន់តែបង្ហើរចេញ ដើម្បីឲ្យផ្អើលចាប«ស្រុក» ទុកចាប«ព្រៃ» ឬយ៉ាងណា?
ទាំងនេះហើយ ជាកង្វល់«ទុក្ខត្រួតលើទុក្ខ» របស់ក្រុមប្រជាសហគមន៍ ដែលមកពីតំបន់ព្រៃឡង់ ថ្លែងទៅក្នុងសិក្ខាសិលាមួយ ដែលរៀបចំឡើង ដោយវេទិកានៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា សហការជាមួយ សហគមន៍ អង្គការសង្គមស៊ីវិលមួយចំនួនទៀត កាលពីថ្ងៃទី២៦ ខែឧសភានេះ។ តំណាងសហកមព្រៃឡង់ ដែលមកចូលរួម ក្នុងសិក្ខាសាលានេះ មកពីបួនខេត្ត រួមមានក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ ដែលសុទ្ធតែជាប្រជាពលរដ្ឋ រស់នៅជុំវិញ តំបន់ព្រៃឡង់។ នេះជាការអះអាង របស់លោក សេង សុខហេង អ្នកសម្របស្រួលកម្មវិធី។
លោក សុខហេង បានថ្លែងបន្តថា ក្រុមប្រជាពលរដ្ឋទាំងនោះ មានការព្រួយបារម្ភណាស់ ចំពោះការទន្រ្ទានកាប់ព្រៃឈើ មិនឈប់ឈរ ទាំងយប់ថ្ងៃ។ លោកបន្តថា ពេលនេះពលរដ្ឋមកជួបជុំគ្នា ដើម្បីពិភាក្សា ស្វែងរកដំណោះស្រាយណាមួយ ដែលមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់ និងបញ្ឈប់ការកាប់ទន្រ្ទានព្រៃឡង់នេះជាបន្ទាន់។ លោក បានថ្លែងថា៖ «មកទល់ពេលនេះ ការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃឡង់ មិនបានថយចុះទេ និងមានការកើនឡើងយ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។»
នៅចំពោះអ្នកចូលរួម ក្នុងសិក្ខាសាលា ប្រមាណជា ១០០នាក់ លោកយាយ ខា ស្រស់ ជនជាតិដើមភាគតិចគួយ មកពីខេត្តស្ទឹងត្រែង បានបង្ហាញថា ធនធានធម្មជាតិជាច្រើន ក្នុងព្រៃឡង់ កំពុងប្រឈមនឹងការបាត់បង់ ដោយសារបុគ្គលខិលខូច ឃុបខិតជាមួយអាជ្ញាធរមូលដ្ឋាន កាប់ឈើដោយខុសច្បាប់ គ្មានទម្លាប់ឡើយ។
លោកយាយ ស្រស់ បានបន្តថា ជនជាតិដើមភាគតិចទាំងអស់ រស់នៅអាស្រ័យផលតែលើព្រៃទាំងនោះ តពីដូនតាមក មិនចេះធ្វើ ឬរកអ្វីទេ។ ឥឡូវជនជាតិភាគតិចទាំងអស់ កំពុងប្រឈមមុន និងការបាត់បង់ព្រៃដូនតាហើយ។ លោកយាយបានថ្លែងឲ្យដឹងថា៖ «ឲ្យតែឈើដើមធំៗ គេកាប់បំផ្លាញហើយ។ (…) សម្រាប់អ្នកមានលុយ មានធនធាន មានសម្ភារៈដើម្បីកាប់ឈើទាំងនោះ ឯជនជាតិដើមភាគតិច មានបានធ្វើអ្វីទេ ក្រៅពីដើរបេះផល ពីព្រៃទាំងនោះ។ (…) អ្នកការពារមានតិច ឯអ្នកកាប់បំផ្លាញមានច្រើន។»
មន្ត្រីអ្នកសម្របស្រួលកម្មវិធី លោក សេង សុខហេង បានពន្យល់ទៀតថា សកម្មភាព នៃការកាប់បំផ្លាញយ៉ាងងងើលនេះ ទំនងជាមានការឃុបឃិតគ្នា រវាងអ្នកកាប់ និងអ្នកដែលឲ្យគេកាប់។ លោកបាននិយាយថា៖ «មន្រ្តីរាជរដ្ឋាភិបាលមួយចំនួនធំ ទំនងជាជាប់ពាក់ព័ន្ធ ជាមួយនឹងបទល្មើសព្រៃឡង់នេះ។ ពីសេសការរកស៊ី និងធ្វើអាជីវកម្មក្នុងព្រៃឡង់នេះតែម្តង។ បានជាចំណាត់ការ ទប់ស្កាត់បទល្មើសព្រៃឈើ ឬវិធានការអនុវត្តច្បាប់ ក្នុងការទប់ស្កាត់នោះ មិនសូវមានប្រសិទ្ធិភាព។»
ផ្ទុយពីនយោបាយសម្ដេច?
សកម្មភាពកាប់បំផ្លាញ ដែលបានលើកឡើងខាងលើ ហាក់ដូចជាដើរផ្ទុយ ពីនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលបានបង្ហាញក្នុងពេលថ្មីៗនេះ ពីការដកហូតតំបន់ដីសម្បទាន (ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង) ពីក្រុមហ៊ុនទទួលដីសម្បទានណា ដែលបានធ្វើអាជីវកម្ម ប៉ះពាល់ដល់ប្រយោជន៍ពលរដ្ឋ ឬប៉ះពាល់ដល់ធនធានធម្មជាតិ។ សូមរំលឹកថា កាលពីខែ មករា ឆ្នាំ២០១០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានដាក់បទបញ្ជា និងព្រមានខ្លាំងៗ ទៅលើមន្ត្រីយោធាទាំងអស់ ឲ្យបញ្ឈប់សកម្មភាពកាប់ព្រៃឈើ និងបញ្ឈប់សកម្មភាពទន្ទ្រាន កាន់កាប់ដី រឺគាំទ្រអ្នករកស៊ីឈើខុសច្បាប់។ នៅពេលនោះ លោក ហ៊ុន សែន ថែមទាំងសន្យា នឹង«កាត់ក»របស់លោក ប្រសិនណាជាការអនុវត្តនូវបទបញ្ជាទាំងនេះ មិនបានសម្រេចនោះផងទៀត។
ដោយឡែក លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន ព្រៃឡង់កំពុងតែប្រឈមមុខ នឹងការបាត់បង់។ លោកថា ក្រោយពីមានការផ្តល់ នូវសម្បទានដីសេដ្ឋកិច្ច សម្បត្តិធម្មជាតិដូចជារ៉ែ ព្រៃឈើជាដើម រងនូវការគាស់កកាយ និងកាប់បំផ្លាញ ដែលជាមួលហេតុ នាំឲ្យបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជនជាតិភាគតិច និងភាពរិចរិល និងហិនហោច នៃធនធានធម្មជាតិ ក្នុងតំបន់នោះ។
នាយកប្រតិបត្តិរូបនេះ បានបង្ហាញទៀតថា៖ «ព្រៃឡង់គ្រប់ដណ្តប់ដីប្រមាណជា ៣,៦០០ គីឡូម៉ែត្រការ៉េ។ ព្រៃឡង់មាននូវតំបន់ពិសេសមួយ ហៅថា ព្រៃបៃតង ដែលលាតសន្ធឹង ពី៨,០០០ទៅ១០,០០០០ ហិចតា។ ជាកន្លែងមានជីវចំរុះសំខាន់ៗ និងមិនទាន់ត្រូវបានប៉ះពាល់ នៅតំបន់នេះនៅឡើយ។ វាត្រូវបានគេរកឃើញថា គ្របដណ្តប់ប្រមាណ ១៣៥,០០០ ហិចតា។ ព្រៃនេះ គឺជាប្រភពទឹកមួយដ៏សំខាន់ ហើយវាក៏មានតួនាទីស្រូបយក នូវឧស្ម័នកាបូនឌីអុកស៊ីតដ៏ច្រើន។ (…) ដូច្នេះ តំបន់នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបញ្ឈប់ នូវការបញ្ចេញឧស្ម័នពុល ដែលបង្កពីវិស័យឧស្សាហកម្ម។ លើសពីនេះទៅទៀត ដោយមានតួនាទី ជាប្រភពទឹកមួយដ៏សំខាន់ ព្រៃនៅតំបន់នេះ បានជួយផ្គត់ផ្គង់ទឹក ដល់ខេត្តចំនួនពីផងដែរគឺ កំពង់ចាម និងកំពង់ធំ។»៕