យុទ្ធសាស្ត្រក្រុមហ៊ុន ទ្រី ភាព ដើម្បីឲ្យ«កម្ទេចព្រៃឈើ» នៅខេត្តព្រះវិហារ
- ដោយ: លោក គិន ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី០៨ មេសា ២០១៤
- កែប្រែចុងក្រោយ: October 14, 2014
- ប្រធានបទ: ជំនួញឈើ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាប់ឈើខុសច្បាប់ - នៅក្នុងគោយន្ត ដែលផ្ទុកទៅដោយឈើធ្វើចរាចរណ៍ដោយសេរី នៅក្នុងឃុំធ្មា ស្រុក ជ័យសែន លោក មាស សំណាង (ជាឈ្មោះដែលអ្នកសារព័ត៌មានដាក់ឲ្យ) ដែលជាពលរដ្ឋម្នាក់ តែងតែចេញមុខប្រឆាំងជាមួយឈ្មួញឈើនៅក្នុងឃុំរបស់លោក បានថ្លែងថា មានថៅកែរងរបស់ក្រុមហ៊ុន លោក ឧកញ៉ា ទ្រី ភាព បានមកក្នុងភូមិ ប្រាប់ប្រជាពលរដ្ឋឲ្យដើរទៅកាប់ព្រៃ ហើយគេមកទិញនៅទីនេះតាមផ្ទះនៅពេលល្ងាច។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ថៅកែគេដើររកទិញតាមផ្ទះហើយ គេបាញ់ថ្នាំសំគាល់ តែខ្ញុំមិនដឹងថាមានន័យថាម៉េចទេ វាជាអក្សរបារាំង។ នៅពេលយប់ បន្ទាប់ពីគេប្រមូលឈើអស់ហើយ ទើបគេដឹកចេញពីភូមិ។»។
លោកបានរៀបរាប់ថា ប្រពលរដ្ឋគ្របទុកឈើនៅតាមផ្ទះរបស់ពួកគេ ហើយនៅពេលល្ងាច ឈ្មួញមកដល់ទើបគេប្រមូលថ្លឺង ពុំមានអាជ្ញាធរធ្វើការទប់ស្កាត់នោះទេ ដោយសារតំណាងរបស់ក្រុមហ៊ុន ទ្រី ភាព បានរត់ការបង់លុយឲ្យពួកគេរួចទៅហើយ តាំងពីមន្ត្រីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន ប៉ុន្តែពលរដ្ឋទាំងនោះ ត្រូវតែបង់ឲ្យប៉ូលីសរដ្ឋបាល២ម៉ឺនរៀល ក្នុងឈើមួយគោយន្ត។ លោកបានថ្លែងថា៖ «ចាប់តាំងពីមុនបោះឆ្នោត និងក្រោយលទ្ធផលបោះឆ្នោត ខាងក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព បានឲ្យតំណាងរបស់គេម្នាក់ឈ្មោះ ស្រ៊ៀង ម៉េង ចុះមកឃុំនេះ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋ នៅក្នុងភូមិ ចូលទៅកាប់ព្រៃ ដើម្បីលក់ឲ្យពួកគេ»។
លោកបានថ្លែងឲ្យដឹងទៀតថា សព្វថ្ងៃនេះ គឺដោយសារតែចាញ់នូវឥទ្ធិពលប្រាក់ដុល្លារ ធ្វើឲ្យពលរដ្ឋដែលធ្លាប់តែការពារព្រៃ បានក្លាយទៅជាអ្នកបំផ្លាញព្រៃអស់ទៅហើយ លោកស្តាយឈើមែនទែន ប៉ុន្តែមិនដឹងរកវិធីសាស្ត្រណាទប់ស្កាត់បាន បើពឹងទៅអាជ្ញាធរគេអត់អើពើរ បើប៉ូលីសនៅទីនេះ គេចាំយកលុយពីគោយន្តដឹកឈើ។ ហើយឈើ ដែលដាក់គរនៅតាមភូមិ គេទិញមួយគីបមួយលាន គឺប្រភេទឈើធ្នង់។ លោកបានបញ្ជាក់ទៀតថា ៖«បច្ចុប្បន្ននេះ ប្រជាពលរដ្ឋរកស៊ីឈើស្រួលជាងមុន ពីមុនឡានប៉ូលីសទាហានមករកឈើពេញភូមិ ប៉ុន្តែឥឡូវគឺពលរដ្ឋម្តង»។
នៅខណៈដែលឈើ ត្រូវបានពង្រាយនៅតាមព្រៃ ដោយមានសរសេរជាអក្សរព័ណក្រហមថា KM និង AF ដែលមានមុខកាត់បីតឹកបួនជ្រុង គុណនឹង៤ បណ្តោយប្រវែង២ម៉ែត្រ បានតម្រៀបគ្នាជាដុំនៅតាម ផ្ទះនិមួយៗរបស់ប្រជាជននៅក្នុងស្រុកចំនួនបីស្រុក នៃខេត្តព្រះវិហារ ដែលដាក់រងចាំឈ្មួញមកប្រមួលយកនៅពេលល្ងាចនោះ លោក ឈាង វុទ្ធី ដែលជាសកម្មជនការពារព្រៃឈើ នៅតែប្រកាន់ជំហរ ប្រឆាំងជាមួយឈ្មួញបំផ្លាញព្រៃឈើនោះ បានថ្លែងឡើងថា បច្ចុប្បន្ននេះ ឈើស្ទើរតែអស់ទៅហើយ។ ដូច្នេះ បើគេទៅព្រៃជូបគល់យកគល់ ជូបឈើយកឈើ នេះជាយុទ្ធសាស្ត្រចុងក្រោយ របស់ក្រុមហ៊ុន ក្នុងការបំផ្លាញឈើឲ្យអស់ នៅខេត្តព្រះវិហារ។ លោកបានថ្លែងថា៖ «គេបើកដៃឲ្យរកតាមចិត្ត គេមិនបានចាប់ចង់អីនោះទេ ពីព្រោះក្រុមហ៊ុនគេបង់ឲ្យសមត្ថកិច្ច ហើយសកម្មភាពនេះ មានតាំងពីក្រុមហ៊ុនចូលមក។ គេគ្មានចាប់គ្មានចងទេ គឺគេបើកតាមចិត្តសេរីតែម្តង។ គេរកស៊ី ដូចរកស៊ីដំឡូងអញ្ចឹង។»។
លោកបាននិយាយបន្តថា នៅពេលដែលពលរដ្ឋដឹកឈើមកដល់ភូមិ ពេលល្ងាចគឺខាងតំណាងក្រុមហ៊ុនគេមកដល់ផ្ទះ មកទិញភ្លាមតែម្តង ហើយដោយសារតែទង្វើនេះហើយ បណ្តាលឲ្យឈើចាប់ផ្តើមស្បើយ ពីចុងឆ្នាំ ២០១៣មក ហើយខ្លាំងមែនទែន គឺនៅកំឡុងពេលបោះឆ្នោត។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ប្រជាជនទៅកាប់ឈើទូទៅ នៅក្នុងភូមិនិមួយៗ យ៉ាងហោយណាស់ក៏មាន រណារ៉ៃ ១០០ទៅ ២០០ គ្រឿងដែរ មានតិចតួចណាស់ដែលការពារព្រៃ នៅទីនេះលុះត្រាតែគ្មាន ទ្រី ភាព និង ស្រ៊ៀង ម៉េង ទើបព្រៃនៅគង់វង្ស»។
ឈើដុំប្រណិតជាច្រើន ត្រូវបានពលរដ្ឋកាប់ ហើយដឹកចេញដោយគោយន្ដ។ (រូបភាព MONOROOM.info/ Kin.G)
ជាមួយនឹងគំនរឈើធ្នង់រាប់រយគូប នៅខាងមុខផ្ទះ ដែលមានបាញ់ថ្នាំក្រហម សំគាល់របស់ក្រុមហ៊ុនហើយនោះ លោក ផា ដូន ដែលបានប្រកបរបរ ជាអ្នកកាប់ឈើនៅក្នុងតំបន់ស្រែវាល ស្ថិតនៅក្នុងឃុំធ្មា អស់រយៈពេល៤ឆ្នាំមកហើយ បានថ្លែងឲ្យដឹងថា ពីមុនគេកាប់គររាប់ពាន់កំណាត់ រាប់ពាន់ដើម ហើយបច្ចុប្បន្ននេះ លោកបានចាប់ផ្តើមបង្វែរ ទៅកាប់ឈើនៅកន្លែងថ្មី នៅខេត្តស្ទឹងត្រែង តាមក្រុមហ៊ុន ទ្រី ភាព បន្ទាប់ពីទីតាំងឈើនៅក្នុងតំបន់ជិតអស់។ ឈើនៅក្នុងខេត្តព្រះវិហារ ចាប់ផ្តើមសម្រុកកាប់ខ្លាំងមែនទែន មុនបោះឆ្នោតមួយខែ ហើយរហូតមកដល់ពេលនេះ ឈើជិតអស់ទៅហើយ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ឈើនៅទីនេះអស់ហើយ ស្ទើរតែជីកគល់ទៀតទៅហើយ វាអស់ទៅហើយ រដ្ឋាភិបាលមិនដឹងប្រកែកថា គ្មានការកាប់ឈើម៉េចទេ គេកាប់អស់ហើយនេះ»។
សកម្មភាពនៃការដឹកជញ្ជូនឈើ បានចាប់ផ្តើមស្ទូចឈើ ដែលលាក់ទុកនៅក្នុងព្រៃ នៅពេលល្ងាចដែលមានរថយន្តយ៉ីឌុបធំៗ និងរថយន្តស្ទូច របស់ក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ស្ថិតនៅក្នុងស្រុកសង្គមថ្មី ចំណែកឯនៅក្នុងស្រុកជ័យសែន នឹងស្រុកឆែប បានចាប់ផ្តើមនាពេលព្រឹកព្រលឹម និងដើរប្រមូលទិញតាមផ្ទះនៅពេលល្ងាច។ នៅខណៈដែលរថយន្តផ្ទុកទៅដោយឈើ ហើយជាប់ផុងមិនអាចទៅរួច ដែលមានមនុស្សមួយក្រុម កំពុងព្យាយាមសណ្តោង និងរុញឲ្យទៅមុខ បុរសម្នាក់ដែលបដិសេធមិនបញ្ចេញឈ្មោះ និយាយទាំងសភាពរញីរញ័រ ដោយលើកទូរសព័្ទហៅទៅលោក ស៊្រៀង ម៉េង ទាំងញើសជោគខ្លួនបានប្រាប់ឲ្យដឹងថា ឈើនោះគឺជារបស់លោក ជ្រុញ ដែលមានឈ្មោះពេញថា លី គឹមឈួង ជាអតីតបំរើការឲ្យផ្នែកចារកម្ម។ លោកបានថ្លែងថា៖ «ឈើនេះរបស់បងជ្រុញ ហើយយើងដឹក យើងដឹកយកទៅដាក់ឲ្យក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព ខ្ញុំគ្រាន់តែដឹកឲ្យគេប៉ុណ្ណោះ ខ្ញុំមិនដឹងថា គេឲ្យខ្ញុំប៉ុន្មាននោះទេ បើយើងប្រព្រឹត្តិបទល្មើស ទើបបានលុយច្រើន»។
ក្រោមស្នូររថយន្តដឺកឈើបានបន្លឺឡើង នៅពេលរាត្រីតាមទីប្រជុំជន រវាងចាប់ពីម៉ោង ៨យប់ លោក ឈឹម សាវុធ នាយកប្រតិបត្តិអង្គការការពារធនធានធម្មជាតិ ដែលធ្វើបន្ទាប់ពីសកម្មជនបរិស្ថានដ៏ល្បី លោក ឈុត វុទ្ធី ដែលត្រូវគេបាញ់សម្លាប់ នៅពេលចុះអង្កេតបទល្មើសព្រៃឈើ នៅក្នុងខេត្តកោះកុងនោះ បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះ គឺយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព បំផ្លាញឈើ ដែលនៅចុងក្រោយ ក្នុងខេត្តព្រះវិហារនេះតែម្តង ដោយបានឲ្យមេការដើបំផុសបំផុលពលរដ្ឋ ឲ្យចូលព្រៃកាប់ឈើលក់ឲ្យខ្លួន មុននឹងខ្លួនរើទៅកាន់ទីតាំងថ្មី ស្ថិតក្នុងខេត្តស្ទឹងត្រែង។
ដោយនៅក្នុងស្រុកឆែប ដែលស្ថិតនៅក្នុងភូមិឆែប២ ត្រង់ចំណុចបំបែកទៅដងផ្លិត មានឈ្មោះ ឈឿន សំណាង ជាមេឃ្លាំងធំ ហើយអ្នកដើរប្រមូលទិញនៅក្នុងស្រុក សង្គមថ្មី និងជ័យសែន មានឈ្មោះ ហេង គង់ និង តុប វីរ៉ាដា លី គឹមឈួង ហៅជ្រុញ ដែលមានផ្លាក់លេខឈើ KM ប៉ុន្តែពួកគេប្រមូលយកមកដាក់ នៅក្នុងឃ្លាំងនៅឆែបទាំងអស់ ចំនែកឯលោក ស្រ៊ៀង ម៉េង ជាអ្នករត់ការទូរទៅ ជាមួយអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ។ ហើយអ្នកដែលមើលការខុសត្រូវទូទៅ របស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព នៅខេត្តព្រះវិហារ គឺលោក អ៊ុក គឹមសាន្ត អតីតប្រធានរដ្ឋបាលព្រៃឈើ ខេត្តពោធិ៍សាត់។
រថយន្ដដឹកឈើដុំប្រណិត ជាប់ផុងទៅមុខមិនរួច។ (រូបភាព MONOROOM.info/ Kin.G)
លោក ឈឹម សាវុធ បានថ្លែងថា នៅក្នុងស្រុកបី ការនាំឈើចេញទៅវៀតណាម សង្គមថ្មី ឆែប ជ័យសែន ជាមធ្បមក្នុងមួយថ្ងៃគេនាំឈើចេញ ប្រមាណជា៦ទៅ៧រថយន្តយ៉ីឌុប ហើយក្នុងមួយរថយន្តអាចផ្ទុកឈើបានប្រមាណជា ៣០ម៉ែត្រគូប ដូច្នេះនៅក្នុងមួយថ្ងៃគេដឹកឈើចេញពីស្រុកទាំងបីនោះប្រមាណជា ១៨០ម៉ែត្រគូបទៅ ២០០ម៉ែត្រគូប ហើយចរាចរណ៍នេះគេធ្វើចាប់ពីដើមឧសភា រហូតមកដល់សព្វថ្ងៃនេះ។ លោកបានថ្លែងឲ្យដឹងថា៖ «ក្រុមហ៊ុន ទ្រី ភាព ទទួលដឹកឈើប្រណិត ចេញឲ្យឈ្មួញទាំងអស់ ទៅវៀតណាមតាមច្រកដូង៧ដើម ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាមដោយគេយកតម្លៃ ១៨០០ដុល្លារ ក្នុងម៉ែត្រគូប សរុបនៅស្រុកទាំងបី នៃខេត្តព្រះវិហារនេះ ក្រុមហ៊ុនអាចរកលុយបាន ចាប់ពី២៨,៥លានដុល្លារក្នុងមួយខែ នេះយើងមិនគិតខេត្តផ្សេងនោះទេ»។
លោកបានបន្តការរៀបរាប់ទៀតថា បច្ចុប្បន្ននេះ ស្ថានភាពព្រៃឈើកំពុងតែធ្ងន់ធ្ងរទៅៗ ចំនែកឯរដ្ឋាភិបាលគ្មានឆន្ទៈ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ ប្រសិនបើគេមានឆន្ទៈបង្ក្រាបវា គ្មានការលំបាកនោះទេ ដោយគ្រាន់តែអនុវត្តច្បាប់ព្រៃឈើ តាមមាត្រា ៩៦ ដល់ ១០១ គឺធ្វើបានទាំងស្រុង ដោយមិនចាំបាច់ចេញបទបញ្ជារនោះឡើយ ព្រោះ បទបញ្ជារទាំងនោះគ្មានប្រសិទ្ធិភាពទេ។ លោកបានថ្លែងឲ្យដឹងថា ៖«ដោយសារតែការអស់សង្ឃឹម នៅក្នុងការទប់ស្កាត់ បទល្មើសព្រៃឈើនេះហើយ បានជាពលរដ្ឋនាំគ្នាកាប់ឈើលក់ឲ្យក្រុមហ៊ុន ដោយគាត់យល់ថា ប្រសិនបើពួកគាត់មិនកាប់ ក៏ពួកឈ្មួញទាំងអស់នោះកាប់អស់ដែរ»។
កាលពី ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៣ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាលើបទបញ្ជារ ០២ បប ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំឈើក្រញូងចេញ ដោយសម្រេចលើ៩ ចំនុច ដែលនៅក្នុងចំនុចទី១ ក្នុងកថាខណ្ឌទី២ បានលើកឡើងថា ករណីមានការឆ្លងដែនខុសច្បាប់ ក្នុងភូមិសាស្ត្រឈរជើងរបស់អង្គភាពណាមួយ មេបញ្ជារការអង្គភាពនោះ ត្រូវមានការទទួលខុសត្រូវ ចំពោះមុខរដ្ឋាភិបាល។ ហើយកាលពីខែ មករា ឆ្នាំ២០១០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានដាក់បទបញ្ជាជាលើកទី១ និងព្រមានខ្លាំងៗម្ដងហើយ ទៅលើមន្ត្រីយោធាទាំងអស់ ឲ្យបញ្ឈប់សកម្មភាពកាប់ព្រៃឈើ និងបញ្ឈប់សកម្មភាពទន្ទ្រានកាន់កាប់ដី រឺគាំទ្រអ្នករកស៊ីឈើខុសច្បាប់។
យោងតាមរបាយការណ៍រូបភាពផ្កាយរណប ដែលចេញកាលពីខែធ្នូ ឆ្នាំ ២០១៣ ផែនទីដែលមានចលនា របស់គេហទំព័រ «Open Development Cambodia (ODC)» បានបង្កើតពីរូបភាពផ្កាយរណបណាស្សា (NASA) បានបង្ហាញលម្អិត អំពីការបំផ្លាញខ្លាំងក្លាទៅលើព្រៃឈើរបស់ប្រទេសកម្ពុជា ដែលជាការបំផ្លាញដែលបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈកាល៥ឆ្នាំចុងក្រោយនេះ។ គេហទំព័រ «ODC» បានឲ្យដឹងថា ការវិភាគរូបភាពផ្កាយរណបបង្ហាញថា ក្នុងឆ្នាំ១៩៧៣ ប្រហែល ៧២.១១%នៃប្រទេសកម្ពុជា ត្រូវបានគ្រប់ដណ្តប់ដោយព្រៃឈើ។ រូបភាពថ្មីៗបានបង្ហាញថា គម្របព្រៃឈើបច្ចុប្បន្ន មានតិចទៅៗ គឺចំនួន ៤៦,៣៣ ភាគរយ ដោយរួមបញ្ចូលទាំងចម្ការកៅស៊ូ។
» វីដេអូ របស់គេហទំព័រ «Open Development Cambodia» ស្ដីពីការវិវឌ្ឍទៅមុខ នៃការបំផ្លាញព្រៃឈើនៅកម្ពុជា គិតចាប់តាំងពីឆ្នាំ១៩៧៣ មកទល់បច្ចុប្បន្ន៖
របាយការណ៍របស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្ស បានរកឃើញឃ្លាំងស្តុកឈើប្រណីត ចំនួន ១៤កន្លែង និងអាជ្ញាប័ណ្ណទិញឈើ ក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចចំនួន២៧ នៅតាមខេត្តចំនួន១២ ព្រមទាំងមានក្រុមហ៊ុនសាខាដែលទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន១៥ នៅតាមខេត្តចំនួន១០ ដែលមានផ្ទៃដីសរុបជិត ៧ម៉ឺនហិកតារ។ ផែនការកាប់ឈើ ក្រោមផ្លាកអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោក ទ្រី ភាព បានប៉ះទង្គិចដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ចំនួនជិត ១.៥០០គ្រួសារ និងប៉ះពាល់ដល់តំបន់ការពារធនធានធម្មជាតិ នៃដែនជម្រកសត្វ និងឧទ្យានជាតិចំនួន ២០កន្លែង។ ចំណែកឯ អង្គការឃ្លាំមើលបរិស្ថានពិភពលោក (Global Witness) បានរាយការណ៍កាលពីឆ្នាំ២០០៨ ថា លោកឧកញ៉ា ទ្រី ភាព ជាអ្នកនៅពីក្រោយក្រុមហ៊ុនរបស់វៀតណាម មួយឈ្មោះ ហុងហ្វឺ (Hongfu) ដែលរកស៊ីកាប់បំផ្លាញព្រៃឈើ រាប់ម៉ឺនហិកតារ នៅកម្ពុជា។ របាយការណ៍នោះ ក៏បានឲ្យដឹងផងដែរថា លោកឧកញ៉ា ទ្រី ភាព គឺជាមនុស្សដែលមានអំណាច និងជាមនុស្សពូកែរកលុយឲ្យគណបក្សប្រជាជនកម្ពុជា។
លោកឧកញ៉ា ទ្រី ភាព និងលោក អ៊ុក គឹមសាន្ត តំណាងឲ្យក្រុមហ៊ុន ទ្រី ភាព នៅខេត្តព្រះវិហារ ពុំអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ។
រីឯលោក ឆេង គឹមស៊ុន ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ ក៏ពុំអាចទំនាក់ទំនង ដើម្បីធ្វើការអត្ថាធិប្បាយភ្លាមៗនេះបានដែរ។
លោក សាត់ យ៉ន អធិការប៉ូលីស ស្រុកជ័យសែន បានថ្លែងឲ្យដឹងថា លោកពុំដែលដឹងថា មានមន្ត្រីសមត្ថកិច្ចរបស់លោក ស្ទាក់យកលុយពីប្រជាពលរដ្ឋដែលចូលទៅកាប់ឈើនោះទេ ហើយក៏ពុំដែលមានខាងក្រុមហ៊ុនណា គេមកទំនាក់ទំនង ដើម្បីសហការណ៍ជាមួយពួកលោកដែរ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖«យើងបានធ្វើការហាមឃាត់ពួកគាត់ កុំឲ្យទៅកាប់ឈើដែរ តែយើងហាមមិនឈ្នះ»។
កាលពីដើមខែមេសារនេះ សមាគមការពារសិទ្ធិមនុស្សអាដហុក ក៏បានចេញរបាយការណ៍ ស្តីពីព្រៃឈើ ដោយបានរិះគន់ភ្នាក់ងាររដ្ឋាភិបាលថា មិនបានយកចិត្តទុកដាក់ធ្វើការស៊ើបអង្កេត និងចាត់វិធានការទាន់ពេល ចំពោះជនប្រព្រឹត្តបទល្មើសព្រៃឈើ បើទោះជាមានសេចក្ដីរាយការណ៍ពីការកាប់បំផ្លាញ និងជាកន្លែងដឹកជញ្ជូនឈើខុសច្បាប់ ច្រើនជាងបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ានយ៉ាងណាក៏ដោយ។ ហើយយ៉ាងហោចមានការកត់សម្គាល់ក្រុមហ៊ុនឯកជនចំនួន ១៨ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល និងលេចធ្លោជាងគេខាងអាជីវកម្មឈើ នៅក្នុងខេត្តចំនួន ១១ ដូចជាតំបន់ព្រៃឡង់ នៅខេត្តកំពង់ធំ តំបន់ព្រៃឈើនៅតាមជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ តំបន់ព្រៃបឹងពែរ ខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី និងខេត្តកំពង់ស្ពឺ ជាដើម។ ស្របគ្នានោះដែរ គម្រោងសាងសង់ទំនប់វារីអគ្គិសនីជាច្រើនកន្លែង នៅខេត្តកោះកុង ពោធិ៍សាត់ ស្ទឹងត្រែង និងខេត្តរតនគិរី តាមជួរដងទន្លេបី ក៏ជាប្រភពនៃការកាប់បំផ្លាញព្រៃឈើយ៉ាងខ្លាំងសម្បើមដែរ៕