អ្នកស្លាប់ដោយការឡើងកម្ដៅ កើនជាង២២០០នាក់ នៅឥណ្ឌា
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ ឧសភា ២០១៥
- កែប្រែចុងក្រោយ: June 01, 2015
- ប្រធានបទ: អាកាសធាតុ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្លៀងធ្លាក់ បានបង្អុរស្រោចស្រព កាលពីថ្ងៃអាទិត្យ នៅក្នុងរដ្ឋជាច្រើន ភាគខាងជើងនៃប្រទេស ឥណ្ឌា និងជាពិសេសរដ្ឋធានី ញ៉ូដេលី ដែលបានរងគ្រោះ នឹងការឡើងកម្ដៅ តាំងពីច្រើនថ្ងៃមកហើយ។ ប៉ុន្តែភាពត្រជាក់ត្រជុំ ដែលបានមកពីការស្រោចស្រពនេះ មិនមានរយៈពេលយូរប៉ុន្មានទេ ដោយសារគេបានប្រមើលឃើញថា សីតុណ្ហភាពនៅក្នុងប៉ុន្មានថ្ងៃខាងមុខ នឹងកើនឡើងដល់ ៤៥អង្សាទៀត នៅក្នុងតំបន់ខាងត្បូង ខាងលិខ និងភាគខ្លះ នៃតំបន់ភាគខាងជើង របស់ប្រទេស។
អ្នកទទួលខុសត្រូវមួយរូប បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា៖ «មនុស្ស១៦៣៦នាក់ បានស្លាប់ នៅក្នុងរដ្ឋ អេនដ្រា (Andhra) តែមួយ» ខណៈអ្នកទទួលខុសត្រូវម្នាក់ទៀត បានអះអាងថា ៥៤១នាក់ផ្សេងទៀត បានស្លាប់ នៅក្នុងរដ្ឋផ្សេងទៀត។
ជារៀងរាល់រដូវក្ដៅ (រាល់ឆ្នាំ) មនុស្សជាច្រើនរយនាក់ ដែលភាគច្រើនជាអ្នកក្រីក្រ បានស្លាប់ដោយសារការឡើងកម្ដៅ។ ប៉ុន្តែនៅឆ្នាំ២០១៥នេះ កំពុងត្រូវបានចាត់ទុក ជាឆ្នាំជាប់ចំណាត់ថ្នាក់ទីពីរ ដែលការឡើងកម្ដៅ បានសម្លាប់មនុស្សយ៉ាងច្រើនយ៉ាងដូច្នេះ នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសឥណ្ឌា និងចំណាត់ថ្នាក់ទី៥ បើប្រៀបធៀបនឹងគ្រោះថ្នាក់បែបនេះ នៅក្នុងពិភពលោក។
កាលពីឆ្នាំ១៩៩៨ ប្រទេសអាស៊ីខាងត្បូងមួយនេះ មានជនរងគ្រោះរហូតដល់ទៅ ២៤៥១នាក់ បានស្លាប់នឹងការឡើងកម្ដៅ ហើយបានក្លាយជាឆ្នាំដំបូងគេ ដែលមានមនុស្សរងគ្រោះ ច្រើនជាងគេ នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេស។ នៅក្នុងបណ្ដារដ្ឋ ដែលរងការប៉ះពាល់ច្រើនជាងគេ រដ្ឋាភិបាលឥណ្ឌា បានបើកយុទ្ធនាការអប់រំ ទៅដល់ប្រជាជនរស់នៅក្នុងតំបន់ទាំងនោះ ដើម្បីពន្យល់ឲ្យដឹងពីគ្រោះថ្នាក់ និងប្រាប់ពីរបៀប ដែលពួកគេត្រូវប្រឈម នឹងកម្ដៅក្ដៅហុយផ្សែងដូចនេះ៕