ក្រសួងធនធានទឹក ព្រមានប្រាប់ពលរដ្ឋតាមមាត់ទន្លេ ឲ្យប្រមូលផល
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឆ្លើយតបនឹងហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានដល់ប្រជាកសិករដែលមានផលដំណាំតាមមាត់ទន្លេ គប្បីប្រមូលផលឲ្យបានឆាប់ ដើម្បីជៀសវៀងមហន្តរាយទឹកជំនន់ ដែលអាចបង្កការខូចខាតដល់ផលដំណាំជាប់មាត់ទន្លេ។
ទឹកជំនន់ល្ហាចល្ហឹម នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម នៅថ្ងៃទី០៣ខែតុលា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
គ្រោះធម្មជាតិ - ក្រសួងធនធានទឹក និងឧតុនិមយ បានឲ្យដឹងថា បន្ទាប់ពីខ្លួនតាមដានស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកទន្លេមេគង្គរួចមក ក្រសួងធនធានទឹក និងឧតុនិយម វាយតម្លៃថា ឥទ្ធិពលរបស់ជ្រលងសម្ពាធទាប និងបង្កឲ្យមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់នៅប្រទេសកម្ពុជា ពិសេសក្នុងអាងទន្លេងមេគង្គ នៅប្រទេសថៃ និងឡាវ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលផ្សាយឲ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ បានលើកឡើងថា នៅពេលស្ថានភាពភ្លៀងធ្លាក់ច្រើន កើតឡើង វានឹងបណ្តាលឲ្យ កំពស់ទឹកទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងកំពស់ទឹកបឹងទន្លេសាប ចាប់ផ្តើមហក់ឡើងខ្ពស់ជាបន្តបន្ទាប់ តែក្នុងរយៈពេលពី៤ ទៅ៥ថ្ងៃប៉ុណ្ណោះ។
សេចក្តីជូនដំណឹងដដែលនោះ បានសង្កត់ធ្ងន់ថា៖ «ទឹកនឹងអាចហូរចូលតំបន់ទំនាបមួយចំនួន ដែលស្ថិតនៅតាមដងទន្លេទាំងនោះ ធ្វើឲ្យលិច និងប៉ះពាល់ដល់ផលដំណាំកសិផល របស់ប្រជាពលរដ្ឋដែលនៅជាប់តំបន់ទាំងនោះ។»
នៅចំពោះមុខបញ្ហានេះ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេ ចាំបាច់ត្រូវរស់រាន់មានវិធានការប្រមូលកសិផលឲ្យបានទាន់ពេលវេលា ហើយថាបើទោះពេលនោះទឹកជំនន់មិនទាន់ឡើងខ្ពស់ខ្លាំងក្តី ប៉ុន្តែចរន្តទឹក និងល្បឿនទឹកប្រាកដជាចាប់ផ្តើមប្រែប្រួល។ ដូច្នេះពលរដ្ឋ គម្បីមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាដែលអាចនឹងកើតឡើងភ្លាមៗ។ នេះជាការបញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយម៕