ខ្យល់កន្ត្រាក់បន្តបក់យកអាគារផ្ទះសម្បែង ក្នុងស្រុកព្រៃនប់ អស់១៧០ខ្នងទៀត
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 19, 2014
- ប្រធានបទ: គ្រោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្យល់កន្ត្រាក់ គ្រោះមហន្តរាយធម្មជាតិប្រចាំឆ្នាំ បានបំផ្លិចបំផ្លាញ អាគារសាធារណៈ និងលំនៅដ្ឋានប្រជាពលរដ្ឋក្នុងឃុំចំនួនបី គឺឃុំទឹកថ្លា ឃុំទឹកល្អក់ និងឃុំសាមគ្គី ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តកំពង់សោម។ កាលពីថ្ងៃទី១៧ ខែធ្នូ ព្យុះខ្យល់កន្ត្រាក់នេះ បានឆក់យកអាគារនិងផ្ទះសំបែងទាំងនោះ មានប្រមាណជាជាង ១០០ខ្នង។ ប៉ុន្តែរហូតមកដល់វេលាថ្ងៃត្រង់ ទី១៨ ខែធ្នូនេះ ព្យុះដដែល នៅតែបន្តបោកបក់គួចនៅក្នុងតំបន់ ធ្វើឲ្យការខូចខាតកើនឡើង រហូតដល់ប្រមាណជា ២៧០ខ្នង។
ការខូតខាត ដែលមានរយៈពេល ត្រឹមតែមួយថ្ងៃប៉ុណ្ណោះនេះ មានជារួម ការខូចខាតសាលារៀន ១ខ្នង សាលាឆាន់វត្តសុវណ្ណគង្គារ ចំនួន ១ខ្នង និងផ្ទះដែលមានការខូចខាតទាំងស្រុង មិនអាចជួសជុលបាននោះ មានចំនួន ៨ខ្នង។ ចំពោះការប៉ាន់ប្រមាណជាទឹកប្រាក់វិញ គេនៅមិនទាន់ឲ្យដឹងនៅឡើយ។
ស្រង់សម្ដីដោយការសែតភ្នំពេញប៉ុស្ដ៍ លោក ភឿន ណាំ មេឃុំទឹកថ្លា បានថ្លែងថា៖ «ពុំមានភ្លៀងទេ មានតែខ្យល់កន្ត្រាក់តែម្តង (...) តែសំណាងល្អ អត់មានប្រជាពលរដ្ឋណាគ្រោះថ្នាក់នោះទេ»។
ខ្យល់កន្ត្រាក់ ដែលបោកបក់នៅតំបន់ឆ្នេរសមុទ្រ ភាគនារតី នៃប្រទេសកម្ពុជានេះ តែងតែកើតមានឡើងជារៀងរាល់ឆ្នាំ មិនដែលសូវខានឡើយ ជាពិសេសនៅរដូវរំហើយនេះតែម្តង ទៅលើស្រុកព្រៃនប់។ របាយការណ៍របស់គណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ បានបោកបក់ធ្វើឲ្យលំនៅដ្ឋានរបស់ពលរដ្ឋ ៣២៤៤ ខ្នងរងការខូចខាត ក្នុងនោះមានផ្ទះចំនួន ៧១២ ខ្នង បានរលំទាំងស្រុង និងរបើកដំបូល។ នេះបើគិតក្នុងរយៈពេល ១០ ខែ ចាប់ពី ខែមករា ដល់ ខែកញ្ញា ឆ្នាំ២០១៤៕