បន្ត​ឆែកឆេរ​ផ្ទះ ថោង សារ៉ាត់ លើក​ទី​បី ឃើញ​ម៉ូតូ​ជិះ​បិទ​គូថ?

លោក ថោង សារ៉ាត់ ដែលត្រូវបានសមត្ថកិច្ចកម្ពុជា ដាក់ការសង្ស័យថា ជាអ្នកនៅពីក្រោយ នៃការបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ នៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។ ឯសមត្ថកិច្ច និងតំណាងអយ្យការវិញ ក៏កំពុងបន្តតាមដាន ស្រាវជ្រាវ និងស្វែងរកភស្តុតាងបន្ថែម។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 19, 2014
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការឆែកឆេរផ្ទះលោក ថោង សារ៉ាត់ ជា​ថ្មី ជា​មួយ​នឹង​ការ​រុក​រក​ភស្តុតាង​នានា ដែល​អាច​មាន​ការ​ពាក់​ព័ន្ធ ក្នុង​សំណុំ​រឿង​«ឃាតកម្ម»​លើ​លោក អ៊ឹង ម៉េង​ជឺ នោះ ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក អាំង មារតី ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ រួម​ជា​មួយ​តំណាង​អយ្យការ​លោក លី សុខលេង (ចៅ​ក្រម​ស៊ើប​សួរ) ដោយ​មាន​​ការ​​សហការ ជា​មួយ​នឹង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ។ ការ​ឆែកឆេរ​បាន​ធ្វើ​ឡើង នា​ព្រឹក​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ក្នុង​គេហដ្ឋាន​របស់​លោក ថោង សារ៉ាត់ នា​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ក្នុងប្រតិបត្តិការ​លើក​ទី​បី​នេះ ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​នៅ​មិន​ទាន់​មាន​ការ​បញ្ចាក់​ណា​មួយ​ច្បាស់​លាស់ ពី​ក្រុម​ប្រតិបត្តិការ​នៃ​ការ​រុក​រក​ភស្តុតាង​ថ្មី​នោះ​ដែរ។ ទាំង​ប្រធាន​តុលាការ ទាំង​តំណាង​អយ្យការ សុទ្ធ​តែ​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​អត្ថា​ធិបាយ​បាន​។ តែ​បើ​តាម​មន្រ្តី ដែល​បាន​ចូល​រួម​គ្រាន់​តែ​បញ្ជាក់​ថា បាន​ប្រមូល​​ភស្តុតាង​មួយ​ចំនួន ដែល​ក្រុម​ការងារ​ដាក់​ការ​សង្ស័យ​ប៉ុណ្ណោះ នៅ​មិន​ទាន់​មាន​អ្វី​ដែល​កំណត់​​មុខ​សញ្ញា​ច្បាស់​លាស់​នៅឡើយ។ មន្ត្រី​រូប​នោះ បាន​បន្ត​ថា តែ​​បាន​​សង្ស័យ​​លើ​ម៉ូតូ​មួយ​គ្រឿង​ថា ជា​ម៉ូតូ​ដែល​ជិះ​សម្រាប់​ធ្វើការ​បិទ​គូទ ពេល​បាញ់​សម្លាប់​លោក អ៊ឹង ម៉េងជឺ កាល​ពី​យប់​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នោះ។

ម៉ូតូបិទគូថដ៏ចម្លែក ចេះផុសខ្លួន...

មានការដាក់ចម្ងល់មួយទៅលើក្រុមសមត្ថកិច្ច ពីបណ្តាអ្នកលេងហ្វេសប៊ុកថា នេះជាការឆែកឆេរលើកទីបី ហេតុអ្វីទើបប្រទេះឃើញម៉ូតូដែលសង្ស័យថា «បិទគូថ»។ ចុះកាលពីលើកទីមួយ លើកទីពីរ ហេតុអ្វីក៏មិន​ឃើញ ឬមួយម៉ូតូនេះទើបតែយកមកដាក់ទេ? តើផ្ទះដែលឆែកឆែរនោះមានបាន«បិទ» ឬហាមប្រើ​ប្រាស់​ជា​បណ្តោះអាសន្នទេ ក្នុងអំឡុងពេលធ្វើការស្រាវជ្រាវ និងអង្កេតនេះ? យ៉ាងណា ក្រុមអ្នកប្រើប្រាស់​បណ្ដាញ​សង្គម នៅតែដាក់ការសង្ស័យទៅលើការងារបស់សមត្ថកិច្ច ថាហាក់បីដូចមានភាពលាក់លៀម និងមិន​ច្បាស់​លាស់។ ប្រិយមិត្តម្នាក់ឈ្មោះ ជុំ វិសាល បានលើកឡើងថា៖ «តាមរយៈការស្រាវជ្រាវ ការអង្កេត ការប្រមូល​ភស្តុតាង សមត្ថកិច្ចពាក់ព័ន្ធ«មិន»ដែលបានបង្ហាញ ពីសកម្មភាពជាព័ត៌មាន ដល់អ្នកសារព័ត៌មាន ឲ្យបាន​ច្បាស់លាស់នោះទេ ដូចជាក្រោយការប្រមូលភស្តុតាង នាពេលកន្លងមកជាដើម។»

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែធ្នូ កន្លងមកនេះ ប្រធាននាយកដ្ឋានកណ្ដាល នៃនគរបាល​យុត្តិធម៌​របស់​ក្រសួងមហាផ្ទៃ លោក ម៉ក់ ជីតូ បានលើកឡើងថា ប៉ូលិសអាំងទែប៉ូល (Police Interpole) សមត្ថកិច្ចនៃបណ្តា​ប្រទេស​ជិត​ខាង​របស់​កម្ពុជា ឯកភាព និងព្រមសហការ ដើម្បីស្វែងរកចាប់ខ្លួនលោក ថោង សារ៉ាត់ មកផ្តន្ទា​ទោសតាមច្បាប់។ លោកបានថ្លែងថា៖ «ប៉ូលិសអាំងទែប៉ូល និងសមត្ថកិច្ចនៃប្រទេសជិតខាងកម្ពុជា គេ​ទទួល​ចាត់ការហើយ។ កាលណា​គេ​បញ្ជូន​មកយើង យើងនឹងចាត់ការហើយ។ ហើយគេដំណើរការ តាមសំណូមពររ​បស់យើង។»

កាលពីថ្ងៃទី១១ ខែធ្នូ សមត្ថកិច្ចកម្ពុជា បានបញ្ជូន«ដីកាបង្គាប់ឲ្យចាប់ខ្លួនលោក ថោង សារ៉ាត់» ទៅកាន់​ប៉ូលីសអាំងទែប៉ូល (នគរបាលអន្តរជាតិ) មានមូលដ្ឋានក្នុងទីក្រុងលីយ៉ុង ប្រទេសបារាំង។ ការបញ្ជូនដីកា​នេះ​ក្នុងគោលបំណងឲ្យនគរបាលអន្តរជាតិនេះ ចេញនិវេទន៍ក្រហម ធ្វើការផ្សព្វផ្សាយទៅដល់បណ្តា​ប្រទេស ដែលជាសមាជិកប៉ូលិសអន្តរជាតិទាំងអស់ ឲ្យស្វែងរកចាប់ខ្លួនលោក ថោង សារ៉ាត់។ នេះបើតាម​ការ​​បញ្ជាក់​របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ឯលោក ម៉ក់ ជីតូ កាលពីថ្មីៗនេះ ក៏ធ្លាប់​បាន​ថ្លែង​ដែរ​ថា ប៉ូលិសប្រទេសវៀតណាម បានឆ្លើយតប​ចំពោះការស្នើសុំកិច្ចសហការ ពី​ប៉ូលិស​កម្ពុជា​ហើយ។

មកទល់ពេលនេះ តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ដែលជាខួបមួយខែ នៃការបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ នៅកណ្តាលរាជធានីភ្នំពេញ ប៉ុន្តែសួរថា ជនសង្ស័យលេខ១ ដែលសមត្ថកិច្ចដាក់បន្ទុកទៅលើលោក ថោង សារ៉ាត់ នោះ នៅមិនទាន់ដឹងច្បាស់នៅឡើយ​ ហើយក៏មិនដឹងថានៅទីណាដែរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសសាច់ញាតិ ឲ្យជួយសង្កេត​មើល បើឃើញវត្តមានលោក ថោង សារ៉ាត់ ប្រញាប់រាយការណ៍ជាបន្ទាន់ មកមន្រ្តី​អាជ្ញាធរមាន​សមត្ថកិច្ច។ លោក ខៀវ សុភ័គ បានលើកឡើងថា «ខ្ញុំសូមអំពាវនាវ ចំពោះបងប្អូនប្រជាពលរដ្ឋយើង ពិសេស​សាច់​ញាតិលោហិត ដែលធ្លាប់ស្គាល់លោកឧកញ៉ា ថោង សារ៉ាត់ ហ្នឹង សូមឲ្យផ្តល់​ព័ត៌មានដល់​សមត្ថកិច្ច​យើងដើម្បីជាផលប្រយោជន៍រួមទាំងអស់គ្នា។ ពីព្រោះថា អ្នកដែលពាក់ព័ន្ធមានតែគាត់ហ្នឹងមួយទេ មិនពាក់​ព័ន្ធដល់អ្នកណាផ្សេងក្រៅពីគាត់ឡើយ។»

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបន្ថែមថា នៅពេលចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ បាន នៅពេលនោះ ប៉ូលិសនឹងធ្វើសន្និសីទកាសែតជាសាធារណៈ ឲ្យសាធារណជនបានដឹងពីរឿងក្តីនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...