ព្រះសង្ឃធ្វើពិធីផ្កាប់បាត្រ ទាមទារដោះលែងសកម្មជន
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៨ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 19, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅវេលាម៉ោងប្រមាណជិត ១១ ថ្ងៃត្រង់ តំណាងក្រសួងយុត្តិធម៌ បានចេញមកទទួលញត្តិដែលព្រះសង្ឃ និងប្រជាពលរដ្ឋបានយកទៅដាក់នៅក្រសួងនេះ។ ប៉ុន្តែក្រុមព្រះសង្ឃ និងពលរដ្ឋ មិនបានប្រគល់ញត្តិនេះ ឲ្យទៅតំណាងក្រសួងយុត្តិធម៌ឡើយ ដោយទាមទារសុំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញមុខមកទទួលដោយផ្ទាល់តែម្តង។
ដោយការទទឹងរងចាំ មិនមានឃើញរដ្ឋមន្រ្តីចេញមុខមកទទួលញត្តិរបស់ពួកខ្លួន ព្រះសង្ឃដែលនិមន្តទៅបិណ្ឌបាត្រយកភាពយុត្តិធម៌ បានធ្វើពិធីផ្កាប់បាត្រ ហើយមិនព្រមទទួលយកចង្ហាន់មកឆាន់នោះឡើយ នៅមុខក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី ១៨ ខែធ្នូ កន្លងមកនេះ។
តាមសង្ឃដីការបស់ព្រះតេជគុណ កែវ សុម៉ាលី ដែលបាននិមន្តចូលរួមក្នុងពិធីនោះ បានឲ្យដឹងថា ការធ្វើពិធីផ្កាប់បាត្រនេះ គ្រាន់តែចង់បិណ្ឌបាត្ររកភាពយុត្តិធម៌ ឲ្យសកម្មជនដែលជាប់ពន្ធនាគាទាំង ១៨ អង្គនិងនាក់តែប៉ុណ្នោះ ហើយការផ្កាប់បាទមិនទទួលយកចង្ហាន់នេះ ព្រោះតែមិនចង់សប្បាយ លើគំនរទុក្ខរបស់ប្រជាពលរដ្ឋ។ ប្រសិនបើព្រះសង្ឃទទួលយកចង្ហាន់ បានឆាន់ឆ្អែត ហើយសប្បាយនោះ វាស្មើនឹងការប្រងើយកន្តើយ មិនរវល់ជាប្រជាពលរដ្ឋដែលកំពុងរគ្រោះ។
ព្រះតេជគុណអង្គនេះ បានន្ថែមយ៉ាងដូច្នេះទៀតថា ពិធីផ្កាប់បាត្របានបង្ហាញពីភាពអយុត្តិធម៌នៅតែមានចំពោះប្រជាពលរដ្ឋ និងព្រះសង្ឃដដែល ដោយហេតុថារដ្ឋមន្ត្រីក្រសួងយុត្តិ មិនព្រមចេញមកទទួលញត្តិដែលព្រះសង្ឃបាននិមន្តសុំបិណ្ឌបាត្រនោះ។
យ៉ាងណាក៏ដោយ ក៏ពិធីផ្កាប់បាត្រនេះ មិនទទួលបានផ្លែផ្កា ដូចការទាមទារទេ ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅតែមិនចេញមកទទួលញត្តិ របស់ក្រុមអ្នកតវ៉ានោះឡើយ និងបាននិមន្ត និងបន្តដំណើរទៅបិណ្ឌបាត្រ នៅមុខព្រះបរមរាជវាំងបន្តទៀត។ បន្ទាប់ពីតំណាងព្រះបរមរាជវាំង បានចេញមកទទួលញត្តិរួចរាល់ហើយ ពួកគេបានបំបែកជួរ នៅវេលាម៉ោងប្រមាណជា ១រសៀល៕