បទ​រាយ​ការណ៍៖ ចោទ​ម្ចាស់​ដី​ជាង​៣០​ឆ្នាំ ថា​រស់​លើ​ដី​«រដ្ឋ» ឬ​ដី​«បក្ស»

ពលរដ្ឋនៅបឹងកក់ លោក លី ស្រ៊ាងខេង ត្រូវបានអាជ្ញាធរមូលដ្ឋាន បង្ខំឲ្យចុះចេញពីលំនៅដ្ឋានរបស់ខ្លួន ខណៈ​ដែលលោកបានរស់នៅអស់​រយៈពេល ជាងសាមសិបឆ្នាំមកហើយនោះ។ រស់នៅជាមួយប្រពន្ធ និងកូនប្រុសស្រីពីរ​នាក់ និងក្នុងនាមលោក​ជាមេ​គ្រួសារ លោកបានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ដីនេះលោកបាន​មក​រស់នៅតាំងពីឆ្នាំ១៩៧៩។ បន្ទាប់ពីសង្កាត់បានមកធ្វើជំរឿនស្ថិតិក្នុង​ឆ្នាំ១៩៨២ លោកបានក្លាយជាពលរដ្ឋ​ស្រប​ច្បាប់ នៅក្នុងទឹកដីសង្កាត់​បឹងកក់មួយ ខណ្ឌទួលគោក ចាប់តាំងពីឆ្នាំ១៩៨៣រហូតមក។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋនៅបឹងកក់ លោក លី ស្រ៊ាងខេង ត្រូវបានអាជ្ញាធរមូលដ្ឋាន បង្ខំឲ្យចុះចេញពីលំនៅដ្ឋានរបស់ខ្លួន ខណៈ​ដែលលោកបានរស់នៅអស់​រយៈពេល ជាងសាមសិបឆ្នាំមកហើយនោះ។ រស់នៅជាមួយប្រពន្ធ និងកូនប្រុសស្រីពីរ​នាក់ និងក្នុងនាមលោក​ជាមេ​គ្រួសារ លោកបានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ដីនេះលោកបាន​មក​រស់នៅតាំងពីឆ្នាំ១៩៧៩។  បន្ទាប់ពីសង្កាត់បានមកធ្វើជំរឿនស្ថិតិក្នុង​ឆ្នាំ១៩៨២  លោកបានក្លាយជាពលរដ្ឋ​ស្រប​ច្បាប់ នៅក្នុងទឹកដីសង្កាត់​បឹងកក់មួយ ខណ្ឌទួលគោក ចាប់តាំងពីឆ្នាំ១៩៨៣រហូតមក។


«ស៊ូស្លាប់នៅលើទឹកដីរបស់ខ្ញុំ» ត្រូវបានម្ចាស់ផ្ទះសរសេរ នៅលើជញ្ជាំងផ្ទះខ្លួន។ (រូបថត MONOROOM.info/ S.Tith)

ដីធ្លី - អតីតសមាជិកគណបក្សប្រជាជនកម្ពុជា លោក លី ស្រ៊ាងខេង បានថ្លែងថា លោកបានស្នើសុំអាជ្ញាធរសង្កាត់​ដើម្បី​ធ្វើ​ប្លង់រឹង ទៅដីទំហំ៤៨០ម៉ែត្រការ៉េ តែត្រូវបានអាជ្ញាធរតម្រូវឲ្យបង់ប្រាក់ មួយម៉ឺនដុល្លាប្រាំពាន់ដុល្លា។ ដោយ​គ្មានលទ្ធភាព​ក្នុងការ​រក​លុយឲ្យក្រុមជនពុករលួយនេះមិនបាន លោកបានសម្រេចចិត្តប្តឹង ទៅក្រសួងរៀបចំដែនដី​នគរូបនីយកម្ម តែត្រូវ​បាន​ចៅសង្កាត់រាយការណ៍ ទៅមន្ត្រីក្រសួងថាម្តងជាដី របស់រដ្ឋ (សាលាសង្កាត់) ម្តងទៀត​ជា​ដីរបស់ស្នាក់ការគណបក្ស​ប្រជាជនកម្ពុជាប្រចាំសង្កាត់នោះ។ «អ្នកមកធ្វើប្លង់ លឺថាជាដីគណបក្សប្រជាជនកម្ពុជា មិនហានទេ។ (...) ខាង​ក្រសួង​រៀបចំដែនដីនគរូបនីយកម្ម ក៏មិនហ៊ានធ្វើដែរគាត់ថាស្មុគ្រណាស់។»

បុរសវ័យចំណាស់ អាយុ៦០ឆ្នាំរូបនេះ បានធ្វើការចោទប្រកាន់ទៅលើអាជ្ញាធរមូលដ្ឋាន រួមមានលោក ភឿក សុធី អតីតចៅសង្កាត់បឹងកក់១, លោក រិត ដារិទ្ធិ ចៅសង្កាត់បឹងកក់១, លោក សេង រតនៈ អតីតអភិបាលខណ្ឌទួលគោក និងលោក កែប ជុតិមា អតីតអភិបាលរាជធានិភ្នំពេញ បានឃុបឃិតគ្នាលួច«លក់ដីលំនៅដ្ឋាន»របស់លោក ទៅឲ្យ​លោក ឈុន សៀ តាំងពីឆ្នាំ២០១០។

លោក លី ស្រ៊ាងខេង ដែលអះអាងថា ខ្លួនលោកជាអតីតកងទ័ពប្រជាជនបដិវត្តកម្ពុជាផងនោះ បានបន្តថា ក្នុងឆ្នាំ​២០១៣ អាជ្ញាធរពាក់ព័ន្ធ ពិសេសសង្កាត់ បានមកបណ្តេញក្រុមគ្រួសាររបស់លោក ឲ្យចាកចេញពីដីលំនៅដ្ឋាននេះ ជាមួយ​នឹងទឹកប្រាក់សំណងមួយម៉ឺនប្រាំពាន់ដុល្លា តែលោកបដិសេធមិនទទួលយក។ «មិនអាចធ្វើដូច្នេះបានទេ ព្រោះដីនេះ ខ្ញុំរស់នៅយូរមកហើយ។ (...) កុំថាខ្ញុំនៅដល់៣០ឆ្នាំ តែត្រឹមប្រាំឆ្នាំខ្ញុំមានសិទ្ធិពេញលេញជាម្ចាស់។ (...) បើខ្ញុំលួចដីរបស់ “ក” ហើយខ្ញុំនៅប្រាំឆ្នាំ ប៉ុន្តែឈ្មោះ “ក” នេះមិនបានថាអីឲ្យខ្ញុំទេ ខ្ញុំនៅដោយសន្តិវិធីរហូត។»

ឈរពីមុខខ្ទមកញ្ចាស់បាក់បែក ដែលនៅលើជញ្ជាំងមានសរសេរថា«ស៊ូស្លាប់នៅលើទឹកដីរបស់ខ្ញុំ» លោក លី ស្រ៊ាងខេង បានបញ្ជាក់ទៀតថា លោកនិងគ្រួសារ​មិនចុះញ៉មជាដាច់ខាត បើទោះបីជាមានការចាប់ខ្លួន ព្រោះតែ​ការពារដីលំនៅដ្ឋានរបស់ខ្លួនក៏ដោយ។ ស៊ូស្លាប់ដើម្បីជាតិ ទឹកដី ដើម្បីខ្មែរទូទៅទាំងអស់ឲ្យយល់ថា ខ្មែរលំបាក​វេទនាយ៉ាងណា។ «បើរវល់តែមកដេញហើយចេញ ថ្ងៃក្រោយបរទេសមកដេញយើង ក៏យើងចេញដែរឬ?»

ហ៊ុន សែន ជាសត្វត្រដក់ ?

មូលហេតុដំបូង ដែលនាំឲ្យមានការរំលោភ និងចោទប្រកាន់ថាជាដីស្នាក់ការគណបក្សប្រជាជនកម្ពុជា ត្រូវ​បាន​លោកបកស្រាយថា មកពីលោកបានអនុញាតិ ឲ្យមានការដាក់តាំង«ស្លាក»គណបក្សប្រជាជនកម្ពុជា នៅក្នុងរបង​ដីផ្ទះរបស់លោក ទើបបង្កឲ្យមានបញ្ហា ជាបន្តបន្ទាប់មកទល់នឹងពេលនេះ។ ច្រើនលើក ច្រើនសារមកហើយ ដែល​ក្រុមមិនស្គាល់អត្តសញ្ញាណ បានប៉ុនប៉ងសម្លាប់គ្រួសាររបស់លោកទាំងមូល តាមរយៈការកាប់ឲ្យរបួស ការចាប់​វាយធ្វើបាប និងការ«ផ្លុង»សត្វពស់ជាច្រើនក្បាល ចូលក្នុងផ្ទះ រហូតពេលថ្មីៗនេះ មានក្មេង«ស្ទាវ»ជាច្រើននាក់ បាន​ចូលមកវាយកម្ទេចផ្ទះសម្បែង និងសម្ភារៈមួយចំនួនធំថែមទៀត។

លោកបានច្រានទំលាក់ការទទួលខុស របស់អាជ្ញាធរមូលដ្ឋានទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនវិញ។ លោក​បានធ្វើការប្រៀបធៀបដូច្នេះថា៖ «ទីបំផុតអ្នកទទួលគឺ (សត្វ)ត្រដក់ អ្នកណាធ្វើអ្វីនៅទីណាត្រូវតែធ្លាក់មកលើ (សត្វ) ត្រដកទាំងអស់។ (...) ត្រដក់ គឺ សម្តេចហ៊ុន សែន ជាអ្នកទទួលពេញលេញក្នុងរឿងរបស់ខ្ញុំ។»

របងការពារភាពសុខដុម ពីអំពើល្មើស

ជាមួយនឹងការយំអង្វរ ស្នើសុំឲ្យមានកិច្ចអន្តរាគមន៍តាមច្បាប់ ដើម្បីបញ្ឈប់ការវាយធ្វើបាប ដល់ក្រុមគ្រួសាររបស់​ខ្លួននោះ កញ្ញា លី ស៊ាវម៉ី ត្រូវជាកូនស្រីលោក លី ស្រ៊ាខេង បានទាមទារចង់ធ្វើរបងហ៊ុំព័ទ្ធដីផ្ទះរបស់ខ្លួន ដោយលើក​ជាហេតុផលថា ផ្ទះនេះបើមិនមានរបងហ៊ុំព័ទ្ធរឹងមាំនោះទេ គេអាចមកធ្វើ«បាប»បានគ្រប់ពេលវេលា និងគ្រប់ម៉ោង។

ការសង់របងផ្ទះ របស់ក្រុមគ្រួសាលោក លី ស្រ៊ាងខេង នេះ មិនត្រូវបានអាជ្ញាធរអនុញ្ញាតនោះទេ។ លោក សាំង សុភ័ក្រ្តវិចិត្រ អភិបាលរងខណ្ឌទួលគោក ដែលអមដំណើរដោយក្រុមពាក់ឯកសណ្ឋានគគីរ ពាក់មួកឃ្លុបបិទមុខ​ជា​ច្រើននាក់ បានចុះទៅហាមឃាត់នោះ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ទោះមានរឿងរ៉ាវអ្វីពីមុនមក លោកមិនបានដឹង នឹងទទួលដឹងលឺនោះទេ។ ប៉ុន្តែអភិបាលរងរូបនេះបានសន្យាថា អ្នកដែលមកវាយធ្វើបាប​លើ​គ្រួសារលោក លី ស៊្រាខេង នឹងមិនអាចឲ្យរួចខ្លួនឡើយ។ យ៉ាងណាក៏ដោយ ក៏សុវត្ថិភាពនៃគ្រួសារជនក្រីក្រទាំងពីរ មិនត្រូវបានលោក សាំង សុភ័ក្រ្តវិចិត្រ ធានាត្រឹមត្រូវនោះទេ ដោយបាននិយាយថា លោកនឹង«ព្យាយាម»។

លោកបានថ្លែងបញ្ជាក់ ពីជំហររបស់សាលាខណ្ឌទួលគោកថា គ្រួសារទាំងពីរនេះ បានមក​រស់​នៅលើដីរបស់គេ។ ខាងសាលាខណ្ឌ បានទុកពេលវេលាឲ្យគ្រួសារនេះ ពិភាក្សាគ្នាជាច្រើនដងមកហើយ ជាមួយនឹងភាគី​ដែលចង់​បាន​កន្លែងនេះ តែនៅមិនត្រូវគ្នា។ «សាលាក្រុងនឹងធ្វើការចចារ ជាមួយនឹងក្រុមគ្រួសារនេះ។ តែបើមិនត្រូវគ្នាទេ រឿងនេះ​មានតែទៅតុលាការ។»

ផ្លែល្វា ...?

សម្រាប់លោក រៀល ខេមរិន្ទ្រ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលស្វាយរៀង មកពីគណបក្សសង្គ្រោះជាតិ បាន​បាននិយាយរិះគន់ថា៖ «តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ពីថ្នាក់ក្រោមដល់ថ្នាក់លើ សុទ្ធតែអះអាងថា ការពារ​សុវត្តិភាព​ប្រជារាស្រ្ត ការពារសុខសន្តិភាពជូនជាតិ។ នេះគ្រាន់តែជាការដោះសារ​មួយអន្លើរៗរបស់គាត់តែ​ប៉ុណ្ណឹង​ឯង។ មួយរយៈនេះ ដើម្បីបង្វែងដានយើង ឲ្យយើងស្ងប់ចិត្តប៉ុណ្ណោះ។ (…) បើគេចេះការពារ មិនមានរឿងរ៉ាវាវ​នេះ​កើតឡើងបានទេ។»

អនុប្រធានផ្នែក និងមេធាវីតំបន់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានបញ្ជាក់ថា នេះមិន​មែនជារឿងថ្មីទេ។ លោកបន្តថា មុនការបោះឆ្នោត ដោយសារមានអំពើហិង្សាកើតឡើងនៅទីនេះ លោកស្នងការ​នគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីនេះ ជាមួយនឹងការសន្យាថានឹងការពារសន្តិសុខ សុវត្ថិភាពជូនម្ចាស់ផ្ទះ​រហូតដល់មានដំណោះស្រាយ។ «ការសន្យាពីមួយពេល ទៅមួយពេល ចេះតែកើតមាន ក៏ប៉ុន្តែភាពពិតជាក់ស្តែង​នៃ​ការការពារ នៃការដោះស្រាយ នៅតែមានភាពមិនច្បាស់លាស់។ រីឯជនរងគ្រោះនៅតែមានបញ្ហាការកាប់ ការប្រើ​អំពើហិង្សា ការបោះពស់ចូលក្នុងផ្ទះ។»

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ បានចាត់ទុកថា ការលើកដាក់គា្នរបស់អាជ្ញាធរ ជាការគេចវេសមិនទទួលខុសត្រូវ វាមិនមែនជាដំណោះស្រាយនោះទេ វាគ្រាន់តែជាលេសប៉ុណ្ណោះ។ លោកក៏ស្នើសុំឲ្យមានការដោះស្រាយពិតប្រាកដ ច្បាស់លាស់ ជជែកគ្នាដោយសន្តិវិធី និងមិនមានការបង្ខំដល់ជនរងគ្រោះ។ ស្វែងរកឬសគល់នៃបញ្ហា ដោយឈាន​ទៅរកអ្វី ជាការចង់បានពិតប្រាកដរបស់ជនរងគ្រោះ។ «មុននឹងធ្វើការសន្និដ្ឋានថាស្របច្បាប់ ឬមិនស្របច្បាប់ ត្រូវ​តែពិនិត្យមើលឯកសារឲ្យបានច្បាស់លាស់ និងធ្វើការស៊ើបអង្កេតទើបអាចធ្វើការសន្និដ្ឋានបាន»៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៨ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...