កឹម សុខា៖ បក្សសង្រ្គោះជាតិ មិនស្ទាក់ស្ទើរនឹងពឹងពាក់បរទេស
អនុប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា បានអះអាងថាគោលនយោបាយ របស់គណបក្សរបស់លោក មិនមានការរារែកនឹងស្នើភាគីបរទេស ឲ្យជួយអន្តរាគមន៍ ក្នុងវិបត្តិនយោបាយកម្ពុជានោះទេ ហើយក៏មិនអល់អែកជំរុញឲ្យភាគីបរទេសទាំងនោះ បដិសេធមិនទទួលស្គាល់ការគ្រប់គ្រងអំណាច របស់ គណបក្សប្រជាជនកម្ពុជាផងដែរ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ O. Vary)
នយោបាយ - ថ្លែងទៅកាន់អ្នកគាំទ្រនៅសហរដ្ឋអាមេរិក លោកកឹម សុខា បានបញ្ជាក់ថា៖ «ឲ្យជួយដោះស្រាយបញ្ហាខ្មែរ ឬបញ្ហាជាប់គាំងនយោបាយ ឲ្យធ្វើអាជ្ញាកណ្តាល គណបក្សសង្រ្គោះជាតិ មិនមែនពឹងតែចិនទេ ឲ្យតែអ្នកជួយបាន ជប៉ុន អាមេរិក អូស្រ្តាលី អ៊ឺរ៉ុប ក៏សុំទាំអស់ សុំឲ្យអ្នកឯងជួយមកធ្វើអាជ្ញាកណ្តាល។ (...) យើងត្រូវការមហាអំណាចទាំងអស់ឲ្យមកនៅខាងយើង កុំឲ្យនៅខាងគណបក្សប្រជាជន»។ ហើយដែលត្រូវបាន នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤។
សារនយោបាយដដែល ដែលត្រូវបានបង្ហោះលើទំព័រហ្វេកប៊ុកផ្លូវការរបស់លោកនោះ អនុប្រធានគណបក្សជំទាស់ បានអះអាងថា វាមានភាពចាំបាច់ណាស់ដែលតម្រូវឲ្យគណបក្សសង្រ្គោះជាតិ ជំរុញឲ្យប្រទេសមហាអំណាចទាំងអស់បានដឹងការពិតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាញ់ឆ្នោត ហើយគណបក្សសង្រ្គោះជាតិ គឺជាអ្នកទទួលជ័យជំនះយ៉ាងពិតប្រាកដ នៅក្នុងការបោះឆ្នោតកាលពីពេលកន្លងមក។
នៅក្នុងជម្លោះនយោបាយដ៏ប្រទាំងប្រទើស កើតមានតាំងពីក្រោយការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០១៣កន្លងមកនោះ បណ្ដាប្រទេសមហាអំណាច រួមនឹងអង្គការសហប្រជាជាតិផង បានបង្ហាញជំហរបែបការទូតរបស់ពួកគេ ជំរុញឲ្យភាគីមានជម្លោះ ក្នុងប្រទេសកម្ពុជា មានការអត់ធ្មត់ ហើយប្រើប្រាស់យន្ដការដោះស្រាយ ភាពជាប់គាំងផ្នែកនយោបាយដោយសន្តិវិធី។
យ៉ាងណាក៏ដោយ មហាប្រទេសទាំងនោះ នៅតែមានភាពស្ទាក់ស្ទើរ ក្នុងការទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលត្រូវបានរាយការណ៍ថា មានការលួចបន្លំយ៉ាងខ្លាំងមួយ។ សហរដ្ឋអាមេរិកតាមរយៈរបាយការណ៍មួយរបស់ខ្លួន កាលពីពេលកន្លងមក បានលើកពីការបោះឆ្នោតសកល ក្នុងខែកក្កដា ថាពោរពេញទៅដោយភាពមន្ទិល ហើយបានស្នើសុំឲ្យមានការស៊ើបអង្កេត ប្រកបដោយឯករាជ្យភាពឡើងវិញ។
ដោយឡែក ប្រទេសចិនដែលជាមហាអំណាចមួយក្នុងតំបន់ បានទទួលស្គាល់ និងស្វាគមន៍រួចហើយ នូវជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសកលនេះ តែបានអំពាវនាវឲ្យភាគីជម្លោះទាំងសងខាងឲ្យចូលមកអង្គុយក្នុងតុចរចា ដើម្បីដោះស្រាយបញ្ហារវាងភាគីខ្មែរ និងខ្មែរ។
សម្រាប់គណបក្សប្រជាជនកម្ពុជាវិញ មិនចង់ឲ្យមានការលូកដៃពីភាគបរទេស ណាមួយឡើយ។ អតីតគណបក្សកុម្មុយនីស ដែលបានដឹកនាំប្រទេសកម្ពុជា តាំងពីជាង៣០ឆ្នាំមកហើយនេះ បានលើកឡើងថា ស្ថានការណ៍នយោបាយនៅកម្ពុជាក្នុងពេលនេះ មិនមានភាពចាំបាច់ សុំការអន្តរាគមន៍ពីភាគីបរទេស ឬអង្គការសហប្រជាជាតិនោះទេ៕
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៨ មេសា ២០១៤