ការ​ប្រើ​ហិង្សា​ឲ្យ​របួសមនុស្ស នៅ​ប៉ោយប៉ែត មាន​អាថ៌កំបាំង​អ្វី?

នេះជាលើកទីមួយ រាប់ពីក្រោយកិច្ចព្រមព្រៀង បញ្ចប់ភាពជាប់គាំងនយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដែល​កើត​មាន ការប៉ះទង្គិចគ្នាជា«ថ្មី» រវាងអាជ្ញាធរសាធារណៈ ជាមួយនឹងកម្មករអូសរទេះ រហូតឈានដល់ការដុត និង​កំទេច​សម្ភារៈ​សាធារណៈ​មួយ​ចំនួន រហូតដល់អាជ្ញាធរ បានប្រើប្រាស់នូវអាវុធ ដើម្បីទប់ស្កាត់ និងបញ្ឈប់នូវសកម្មភាពហិង្សាទាំងនោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៦ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 28, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប៉ះទង្គិច រហូតមានមនុស្សរបួស នៅត្រង់ចំណុចផ្លួវជាតិលេខ៥ មុខការិយាល័យគយ និងរដ្ឋាករច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែតនេះ បានកើតឡើង ព្រោះតែកម្មករអូសរទេះទាំងអស់ ទាមទារ​ឲ្យ​បញ្ចុះតម្លៃ ពន្ធលើទំនិញ ដឹកតាមរទេះពីប្រទេសថៃ ចូលមកកម្ពុជា។ ការបះទង្គិចគ្នាដ៏ហិង្សានេះ បានរំលឹក​ឲ្យឃើញ​ឡើង​វិញ ពីព្រឹត្តិការណ៍ដ៏ជូរចត់ នៃការបង្ក្រាបយ៉ាងរង្គាល នៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្សស្លាប់ របួស បាត់ខ្លួន និងចាប់ខ្លួនជាច្រើននាក់។

នៅចំពោះការតវ៉ា របស់ក្រុមកម្មករ ប្រមាណជា១៥០នាក់ នៅក្រុងប៉ោយប៉ែតនេះ ត្រូវបានប្រភព ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ លើក​ឡើងថា បណ្ដាលមកពីលោក ឈួន ហៃ ប្រធានការិយាល័យគយច្រកទ្វារ អន្តរជាតិ​ប៉ោយប៉ែត មិនបាន​ចេញ​​មក​ជួបកម្មករភ្លាមៗ  ដើម្បីស្វែងរកដំណោះស្រាយ ទាក់ទង​នឹងការសុំមិនបង់ពន្ធគយ លើទំនិញដឹក​អូស​តាមរទេះនោះ​។ ការមិនចេញ មកដោះស្រាយរបស់លោក បានធ្វើបាតុកម្ម បានប្រែរូបរាង រហូតមានការដុតសំបកកង់ឡាន និង​ក្រោយមក បានផ្ទុះ​ជា​អំពើហិង្សា​ឡើង ដោយ​ក្រុមកម្មករ បានយកដុំថ្ម គប់បំផ្លាញ​ទីតាំង​ធ្វើការ នៃអាគារការិយាល័យ គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ព្រម​​ទាំង​​វាយ​បំផ្លាញ រថយន្តនានា ជាច្រើនគ្រឿង វាយកំទេចស្លាកប៉ាយរបស់គយ ទ្វារ កញ្ចក់ បង្អួច​នានា នៃ​​អាគារ​គយ​ជា​ដើម។

បើគ្រាន់តែដើម្បីសណ្ដាប់ធ្នាប់ ហេតុអ្វីបង្កឲ្យមានមនុស្សរបួសធ្ងន់ និងស្រាល?

បន្ទាប់ពីមានករណីនេះកើតឡើងហើយ នគរបាល និងកងរាជអាវុធហត្ថ បានផ្ទុះអាវុធ និងចូលទៅចាប់ និងវាយខ្នោះ​កម្មករ​ម្នាក់ ដែលឈរតវ៉ា ដោយមិនព្រមចាកចេញទៅណា ទោះមានការអំពាវនាវ ពីអាជ្ញាធរឲ្យចាកចេញ ជាបណ្តោះ​អាសន្នក៏ដោយ។ កម្មករដែលត្រូវសមត្ថកិច្ច វាយខ្នោះដៃនោះ ឈ្មោះ ម៉ៅ សុន ភេទប្រុសអាយុ ៣៣ឆ្នាំ ហើយត្រូវបាន ក្រុម​កងអាវុធហត្ថ វាយរហូតដល់សន្លប់។ ប៉ុន្តែ នៅបន្តិចក្រោយមក ក្រុមបាតុករបាននាំគ្នាមកចោមរោម រំដោះកម្មករ ម៉ៅ សុន ទាំង​ដៃ​ជាប់ខ្នោះនៅឡើយនោះ យកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកក្រុង។

ប្រភពពីពលរដ្ឋ នៅកន្លែងបាតុកម្មបានឲ្យដឹងថា នៅម៉ោង២ ថ្ងៃទី២៥ ខែឧសភានេះ កម្មករ ម៉ៅ សុន ខាងលើនេះ បាន​ស្លាប់​បាត់​បង់ជីវិតហើយ ចំណែកកម្មករមួយចំនួនទៀត បានរងរបួសធ្ងន់ ដោយសារសមត្ថកិច្ចបាញ់បង្រ្កាបផងដែរ។ ប៉ុន្តេការលើកឡើង ពីការស្លាប់នេះ គ្មានប្រភពផ្លូវការណាមួយ អះអាងបន្ថែមឡើយ។

មាននយោបាយ នៅពីក្រោយ?

យោងតាមលិខិតរបស់លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ប្រកាសជូនអភិបាលខេត្ត បន្ទាយមនាជ័យ លោក គោ ស៊ុំសារឿន បានសរសេរថា បាតុកម្មនេះដឹកនាំដោយ ចៅសង្កាត់រងទី២ នៃសង្កាត់ប៉ោយប៉ែត លោក ចៅ វាសនា មក​ពី​គណបក្សសង្គ្រោះជាតិ និងលោក ឌិន ពុទ្ធី ប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងគូកនមួយចំនួនធំ​ទៀត។ លិខិតបានសសេរទៀតថា បន្ទាប់ពីស្ថានការណ៍ កាន់តែមានភាពធ្ងន់ធ្ងរនោះ និងដើម្បីទប់ទល់ នឹងសភាពការណ៍ រួម​ទាំង​ការពារទ្រព្យសម្បត្តិរដ្ឋនោះ ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង បានប្រើកម្លាំងបាញ់បង្អើលឡើងលើ។ លោក ម៉េងជ្រួន បានសរសេរបន្តថា ពេលនោះក្រុមបាតុករ បាននាំគ្នាដកថយចេញ ពីបរិវេណទីតាំងមុខការិយាល័យ​គយ។

ការចោទប្រកាន់ខាងលើនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់មានប្រតិកម្មតប ពីលោក ឈួន ហៃ ប្រធាន​ការិយាល័យ​គយច្រកទ្វារ អន្តរជាតិ​ប៉ោយប៉ែត លោក ចៅ វាសនា ចៅសង្កាត់​រង​ទី២ សង្កាត់ប៉ោយប៉ែត និងពីលោក ឌិន ពុទ្ធី ប្រធាន​សមាគមអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននៅឡើយ នាពេលនេះ។

ឬជាករណីតំអក់ មិនដោះស្រាយ ពីមន្ត្រីមានសមត្ថកិច្ច?

សូមរំលឹកថា ការតវ៉ា ដែលឈានទៅដល់អំពើហិង្សា បានកើតឡើងនៅពេលនេះ ព្រោះតែមន្រ្តីនៃការិយាល័យគយ និង​រដ្ឋាករប្រចាំនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត មិនបានគោរព និងអនុវត្តន៏តាមកិច្ចសន្យា ដែលបានធ្វើឡើង រវាងលោក ង៉ោ ម៉េងជ្រូន អភិបាលក្រុងប៉ោយប៉ែត, លោក ញឹម សុខ តំណាងអនុប្រធានការិយាល័យគយ ប្រចាំនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ជាមួយនឹងតំណាងកម្មករ កាលពីពេលថ្មីៗកន្លងមកនេះ។

ការតវ៉ានេះ មិនមែនជាហេតុការណ៍លើកទីមួយទេ តែវាបានកើតមានជាហូហែរ ក្នុងកំឡុងឆ្នាំ២០១៥ នៅច្រកទ្វារអន្តរជាតិ​មួយ​នេះ រវាងមន្រ្តី គយ និងអ្នកអូសរទេះ។ ប៉ុន្តែការជជែក ដែលឈានទៅដល់ការយោគយល់គ្នា កម្រកើតមានណាស់ ជា​ពិសេស​ក្រុមកម្មករ នៅតែត្អូញត្អែរ ពីការយកពន្ធលើមុខទំនិញ ខុសពីប្រក្រតី ទៅលើពួកគេ។

ដោយឡែក ក្នុងថ្ងៃទី២៦ ខែឧសភានេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញនូវការសោក​ស្តាយ ដែលមានហិង្សាមួយកើតឡើង បណ្តាលឲ្យមានមនុស្សរបួសធ្ងន់ និស្រាល។ ជាមួយគ្នានេះ គណបក្សក៏ស្នើ​ឲ្យ​មាន​ការស៊ើបអង្កេតមួយ ដោយឯករាជ្យ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងជៀសវាងការចោទប្រកាន់នានា ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...