សង្គម​ស៊ីវិល​ចំនួន​៣៖ ចាប់​ឈូក បណ្ឌិត ឲ្យ​បាន​មុន​បោះឆ្នោត ឬ​បន្ត​និទណ្ឌភាព?

អង្គការសង្គមស៊ីវិលបានធ្វើការទាមទារ ដោយជម្រុញឲ្យរដ្ឋភិបាលចាប់ខ្លួនលោក ឈូក បណ្ឌិត តាមអំណាច​សាលក្រម​របស់តុលាការខេត្តស្វាយរៀង ឲ្យបានមុនការបោះឆ្នោត ខណៈដែល ឈូក បណ្ឌិត នៅបន្តមានសេរីភាព បើទោះជា​តុលាការបានចេញសាលក្រម ឲ្យចាប់ខ្លួនជាងមួយខែហើយក្តី។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: July 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការសង្គមស៊ីវិលបានធ្វើការទាមទារ ដោយជម្រុញឲ្យរដ្ឋភិបាលចាប់ខ្លួនលោក ឈូក បណ្ឌិត តាមអំណាច​សាលក្រម​របស់តុលាការខេត្តស្វាយរៀង ឲ្យបានមុនការបោះឆ្នោត ខណៈដែល ឈូក បណ្ឌិត នៅបន្តមានសេរីភាព បើទោះជា​តុលាការបានចេញសាលក្រម ឲ្យចាប់ខ្លួនជាងមួយខែហើយក្តី។


លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ (រូបថត CD)

សេចក្តីថ្លែងការណ៍រួម របស់អង្គការសង្គមស៊ីវិលចំនួនបី ដែលចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣នេះ បាន​សម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះករណីលោក ឈូក បណ្ឌិត។ ពួកគេស្នើដោយទទូច ឲ្យរដ្ឋភិបាល​ចាំបាច់​ត្រូវនាំខ្លួន ឈូក បណ្ឌិត ដាក់ពន្ធនាគារ តាមអំណាចសាលក្រមរបស់តុលាការខេត្តស្វាយរៀង និងត្រូវឲ្យលោក ឈូក បណ្ឌិត បង់សំណងជម្ងឺចិត្តជូនកម្មការនីរងគ្រោះ តាមសាលក្រមផងដែរ។

សេចក្តីថ្លែងការណ៍ដដែលនេះ បញ្ជាក់ថា រដ្ឋាភិបាលពុំបានបង្ហាញឆន្ទះពិតប្រាដក ក្នុងការស្វែងរកយុត្តិធម៌ និងឈានទៅ​លុបបំបាត់ វប្បធម៌និទណ្ឌភាពនៅកម្ពុជានោះទេ។

លោក អាត់ ធន់ តំណាងសហភាពការងារ ដែលបានចូលរួមក្នុងសេចក្តីថ្លែងការណ៍បានពន្យល់ថា៖ «ក្រសួងមហាផ្ទៃ​មិនទាន់ចាប់ខ្លួនលោក ឈូក បណ្ឌិតនោះទេ ដោយបណ្តោយឲ្យលោក ឈូក បណ្ឌិត បន្តមានសេរីភាព ខណៈដែល​ប្រជាពលរដ្ឋធម្មតានឹងត្រូវចាប់ខ្លួនភ្លាម ប្រសិនបើពួកគេមានដីកាឲ្យចាប់ខ្លួនដូចលោក ឈូក បណ្ឌិត តើហេតុអ្វីបាន​ជាពួកគេមិនចាប់ខ្លួន លោក ឈូក បណ្ឌិត ភា្លមៗ ឬមួយពួកគេមិនចង់ចាប់»។

លោក អាត់ ធន់ បន្ថែមថា៖ «ប្រសិនបើសមត្ថកិច្ចចង់ចាប់ខ្លួន លោក ឈូក បណ្ឌិត ពួកគេប្រាកដជាអាចធ្វើបាន វាគ្មាន​អ្វីពិបាកទេ វាខ្លាចតែគេមិនចង់ធ្វើ»។

លោក សុក សំអឿន ប្រធានអ្នកច្បាប់ការពារសិទ្ធិកម្ពុជា កាលពីពេលថ្មីៗនេះ បានថ្លែងប្រាប់ការសែតភ្នំពេញប៉ុស្តិ៍ ថាជន​ដែលត្រូវបានតុលាការបានសម្រេចផ្តន្ទាទោស ហើយចេញដីកាតាមចាប់ខ្លួន បើទោះជាមិនទាន់ចាប់ខ្លួនបានក៏ដោយ ក៏ពួកគេបានទទួលទណ្ឌកម្មមួយផ្នែកហើយ គឺការរស់នៅដោយលួចលាក់។ លោកលើកឡើងថា៖ «តុលាការបានអនុវត្ត​ការងាររបស់ខ្លួន រួចរាល់ហើយ តើមន្រ្តីយុត្តិធម៌  (ឬនិតិប្រតិបត្តិ) បានអនុវត្តការងាររបស់ពួកគេដែរឬអត់?»។

កន្លងមកមន្រ្តីនគរបាលក្រសួងមហាផ្ទៃ និងនគរបាលខេត្តស្វាយរៀងធ្លាប់អះអាងថា ពួគគេកំពុងអនុវត្តន៍​សាលក្រម​របស់តុលាការ ដោយតាមចាប់ខ្លួនលោក ឈូក បណ្ឌិត ខណៈដែលមានការសង្ស័យថា លោក កំពុងលាក់ខ្លួននៅ​ខេត្ត​មណ្ឌលគីរី។

លោក រ៉ុង ឈុន ជាប្រធានសហព័ន្ធសហជីព ដែលបានចូលរួមក្នុងសេចក្តីថ្លែងការណ៍នេះដែរ បានបដិសេធមិនធ្វើ​អត្ថាធិប្បាយអំពីបញ្ហានេះនោះទេ ដោយលើកហេតុផលថាកំពុងជាប់រវល់។

សូមរម្លឹកថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ អតីតអភិបាលក្រុងបាវិតដ៏មានឥទ្ធិពលលោកឈូក បណ្ឌិតត្រូវបាន​សាលាដំបូងខេត្តស្វាយរៀង រកឃើញថាមានទោស ពីបទបង្ករបួសស្នាមដោយអចេតនា។ ហើយតុលាការបានចេញ​ដីកា​បង្គាប់ឲ្យចាប់ខ្លួន ដោយសម្រេចធ្វើការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារចំនួន១ឆ្នាំ ៦ខែ និងតម្រូវឲ្យបង់សងជំងឺចិត្តចំនួន ៣៨លានរៀលដល់កម្មការិនីរងគ្រោះទាំងបីនាក់។

ប៉ុន្តែលោក ឈូក បណ្ឌិត ដែលកំពុងរត់គេចខ្លួន បានសម្រេចដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ ជំទាស់នឹងសាលក្រម​សាលាដំបូងខេត្តស្វាយរៀង តាមរយៈមេធាវីរបស់ខ្លួន ។

លោក ស៊ុន ប៊ុណ្ណារិទ្ធ មេធាវីការពារលោក ឈូក បណ្ឌិត បានថ្លែងប្រាប់ការសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣ថា លោកបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ទៅសាលាឧទ្ធរណ៍ប្រមាណជា ២សប្តាហ៍ហើយ ហើយលោកកំពុង​រង់ចាំ​ការបើកសវនាការ។ ទន្ទឹមនឹងនោះ លោកបញ្ជាក់ថា លោកក៏មិនដឹងអំពីទីកន្លែង ដែលកូនក្តីរបស់លោក​កំពុង​រស់​នៅនោះទេ។

--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...