អតីតប្រធានតុលាការរាជធានី ត្រូវឃុំខ្លួន«ស្ងាត់ៗ»នៅពន្ធនាគារ
- ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ សីហា ២០១៥
- កែប្រែចុងក្រោយ: August 17, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅវេលាម៉ោងជិត១៨ ល្ងាចថ្ងៃទី១៦ ខែសីហានេះ លោក អាំង មាលតី អតីតប្រធានតុលាការរាជធានី ត្រូវបានតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួន យ៉ាងស្ងាត់កំបាំងជាទីបំផុត នៅក្នុងពន្ធនាគារខេត្តកណ្តាល។ លោក មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា មុននឹងបញ្ជូនលោក មកកាន់តុលាការខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៦ ខែសីហានេះ ដើម្បីទទួលការសម្រេចរបស់តុលាការ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញលោក អាំង មាលតី ចូលមកសាកសួរស្តាប់ចម្លើយ កាលពីថ្ងៃទី១៤ ខែសីហា។ ការសាកសួរនេះ បានធ្វើឡើងជាច្រើនដងមកហើយ ប៉ុន្តែការសាកសួរលើកនេះ លោក អាំង មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនទុកតែម្ដង ជុំវិញបទចោទ វិតិក្រម ( ជំរិតទារប្រាក់ ) កាលពីវេលាថ្ងៃត្រង់ ថ្ងៃដដែលនោះ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្ថែមទៀតថា អនុលោមតាមនីតិវិធីច្បាប់ អង្គភាពប្រឆាំងអំពើពុករលួយ មានពេលយ៉ាងយូរ ៤៨ ម៉ោង ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនលោក អាំង មាលតី ទៅកាន់តុលាការ។ ហេតុដូច្នេះហើយ គឺនៅវេលារសៀលម៉ោង ១៤ ថ្ងៃទី១៦ ខែសីហានេះ អង្គភាពរបស់លោក បានបញ្ជូនលោក អាំង មាលតី ទៅកាន់តុលាការខេត្តកណ្ដាល ដើម្បីសម្រេច ថាតើត្រូវឃុំខ្លួនឬយ៉ាងណា។
យ៉ាងណាក៏ដោយ ក៏ការនាំខ្លួន ការសាកសួរ និងការសម្រេចរបស់ក្រុមសមត្ថកិច្ច និងតុលាការ ធ្វើទៅលើលោក អាំង មាលតី ត្រូវបានធ្វើឡើងយ៉ាងលាក់កំបាំង ជាទីបំផុតពីក្រុមអ្នកសារព័ត៌មាន ហាក់ដូចជាមានគម្រោងរួមគ្នាមួយ មិនចង់ឲ្យក្រុមអ្នកសារព័ត៌មាន អាចដឹងពីរឿងរ៉ាវនេះ។ លោក អាំង មាលតី ត្រូវបានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នាំចូលតុលាការខេត្តកណ្តាល តាមទ្វារក្រោយ។ នៅបរិវេណជុំវិញតុលាការ មានការរឹតបន្តឹង ដោយហាមមិនឲ្យអ្នកកាសែត ចូលយកព័ត៌មានទេ រហូតលុះត្រាមានការតវ៉ាខ្លាំងក្លា ទើបក្រុមនគរបាលអនុញ្ញាត ឲ្យអ្នកសារព័ត៌មានចូលក្នុងបរិវេណតុលាការ។
ក្រោយការសម្រេចឲ្យឃុំខ្លួន របស់តុលាការ ដើម្បីឃុំខ្លួនលោក អាំង មាលតី នោះ ក្រុមមន្ត្រីតុលាការបានយកមនុស្សម្នាក់ ដែលមានគ្របក្បាលបិតជិត មកដើរចូលឡាននគរបាល ដើម្បីនាំទៅពន្ធនាគារ ធ្វើឲ្យមានការគិតថា មនុស្សម្នាក់នោះ ជាលោក អាំង មាលតី។ ប៉ុន្តែតាមពិត លោក អាំង មាលតី ត្រូវបានគេដឹកតាមឡានកាមរីបាឡែន ពណ៌សផ្សេងទៀត ទៅកាន់ពន្ធនាគារខេត្តកណ្តាល។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានសាកល្បងទាក់ទង ទៅកាន់មន្ត្រីតុលាការ ដើម្បីសុំការបកស្រាយ តែទាំងព្រះរាជអាជ្ញា លោក លឹម សុគន្ថា និងទាំងចៅក្រស៊ើបសួរ លោក ហុក វ៉ាន់ធីណា ដែលជាប្រធានតុលាការ សាលាដំបូងខេត្តកណ្តាលផងនោះ មិនបានអត្ថាធិប្បាយអ្វី ជុំវិញរឿងទាំងនេះឡើយ។
ចំងល់មួយទៀត ដែលពិបាកនឹងរកចម្លើយនោះ គឺមូលហេតុអ្វី ក៏ករណីលោក អាំង មាលតី ត្រូវបញ្ជូនទៅឲ្យតុលាការខេត្តកណ្ដាល ជាអ្នកសម្រេចទៅវិញ ខណៈសំនុំរឿងធំៗជាច្រើន រដ្ឋាភិបាលតែងប្រគល់ ទៅឲ្យតុលាការរាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុកនោះ? ប្រភពមួយ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ទស្សនាវដ្ដីថា ដោយសារពន្ធនាគារខេត្តកណ្តាល ជាពន្ធនាគារស្អាតល្អជាងពន្ធនាគារណាទាំងអស់ ជាពន្ធនាគារ ដែលសាងសង់ឡើង ដោយប្រទេសអូស្ត្រាលី ស្របតាមស្តង់ដារអន្តរជាតិ។
គួររំឭកថា លោក អាំង មាលតី ត្រូវបានដកចេញពីតំណែង ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ និងត្រូវផ្ទេរភារកិច្ច ឲ្យមកធ្វើការ នៅក្រសួងយុត្តិធម៌វិញ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងសំណុំរឿងដោះលែង ឪពុកម្តាយលោកឧកញ៉ា ថោង សារ៉ាត់។ ការដកហូតពីតំណែងនេះ បានធ្វើឲ្យលេចធ្លាយរឿងរ៉ាវផ្សេងទៀតជាច្រើន ដូចជាយករថយន្តជាវត្ថុតាង ក្នុងបទល្មើសផ្សេងៗជាច្រើនគ្រឿង ទៅឲ្យមនុស្សជំនិតលោក មានលោកឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុនី និងកូនប្រុសឈ្មោះ អាំង មុនី ជាអធិការរងខណ្ឌ៧មករា ប្រើប្រាស់ផ្ទាល់ខ្លួន។
លោក អាំង មាលតី ក៏បានរងនូវពាក្យបណ្ដឹងជាច្រើន ដែលត្រូវបានធ្វើ ស្នើមកលោកនាយករដ្ឋមន្ត្រី ឲ្យជួយអន្តរាគមន៍ ដោយចោទលោក អាំង មាលតី ជុំវិញទង្វើមិនប្រក្រតី និងរំលោភច្បាប់ ប្រឌិតបំភ្លៃអង្គហេតុ ភ័ស្តុតាង បំពានបទចោទនានា ក្នុងករណីកាប់រានដីព្រៃរបស់រដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ។
កាលលោកនៅកាន់ការ ជាប្រធានសាលាដំបូង ខេត្តបន្ទាយមានជ័យ (ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៤) លោក អាំង មាលតី ធ្លាប់មានរឿងអាស្រូវ ប៉ះទង្គិចគ្នា ជាមួយអាជ្ញាធរខេត្ត រហូតលោក អ៊ុង អឿន អតីតអភិបាលខេត្តបន្ទាយមានជ័យ សរសេរលិខិតផ្លូវការ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យផ្ទេរភារកិច្ចលោកចៅក្រម អាំង មាលតី ចេញពីខេត្តនេះ។ ចំណារតបនៅលើលិខិតនោះ លោក ហ៊ុន សែន បានបង្គាប់ ឲ្យលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចាត់វិធានការជាបន្ទាន់។
ប៉ុន្តែការផ្ទេរតំណែងនោះ មិនមែនដោយសារលោក អាំង មាលតី ត្រូវបាននាយករដ្ឋមន្ត្រីមើលឃើញ ពីកំហុសនោះទេ ព្រោះស្ងាត់ៗក្រោយមក អតីតប្រធានសាលាដំបូង ខេត្តបន្ទាយមានជ័យរូបនេះ ត្រូវបានតាំងតាំង ឲ្យក្លាយជាប្រធានសាលាដំបូង រាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០១៤ យ៉ាងពេញមុខ៕