អាហ្វហ្គានីស្ថាន កូរ៉េខាងជើង និង​សុម៉ាលី ពុក​រលួយ​ជាង​គេ បើ​តាម​អង្គការ​តម្លាភាព​អន្តរជាតិ

នៅក្នុងបញ្ជីចាត់ចំណាត់ថ្នាក់ ពីប្រទេសដែលស្អាតស្អំជាងគេ មកប្រទេសដែលពុករលួយជាងគេ របស់អង្គការ​តម្លាភាព​ពិភពលោក (Transparency International) ដែលមានទីស្នាក់ការនៅទីក្រុងប៊ែកឡាំងប្រទេសអាឡឺម៉ង់ បានចាត់ប្រទេស អាហ្វហ្គានីស្ថាន ប្រទេសកូរ៉េខាងជើង និងប្រទេសសូម៉ាលី ជាប្រទេសដែលមានអំពើ​ពុករលួយ​ច្រើនជាងគេ ខណៈប្រទេសដាណឺម៉ាក និងប្រទេសញ៉ូហ្សេឡេន ជាប្រទេសដែលស្អាតស្អំបំផុត។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: December 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងបញ្ជីចាត់ចំណាត់ថ្នាក់ ពីប្រទេសដែលស្អាតស្អំជាងគេ មកប្រទេសដែលពុករលួយជាងគេ របស់អង្គការ​តម្លាភាព​ពិភពលោក (Transparency International) ដែលមានទីស្នាក់ការនៅទីក្រុងប៊ែកឡាំងប្រទេសអាឡឺម៉ង់ បានចាត់ប្រទេស អាហ្វហ្គានីស្ថាន ប្រទេសកូរ៉េខាងជើង និងប្រទេសសូម៉ាលី ជាប្រទេសដែលមានអំពើ​ពុករលួយ​ច្រើនជាងគេ ខណៈប្រទេសដាណឺម៉ាក និងប្រទេសញ៉ូហ្សេឡេន ជាប្រទេសដែលស្អាតស្អំបំផុត។


អំពើពុករលួយ ដែលទូរទាត់ជាលុយទ្រនាប់ដៃ។ (រូបថត ឯកសារ)

អំពើពុករលួយ - ទោះបីជាយ៉ាងណាក៏ដោយ ក៏អង្គកាតម្លាភាពអន្តរជាតិ បាននិយាយដែរថា ក្នុងចំណោម​ប្រទេស​ទាំង១៧៧ ដែលយកមកសិក្សាក្នុងបញ្ជីនៃភាពស្អាតស្អំ ប្រចាំឆ្នាំ២០១៣នេះ មិនមានប្រទេសណាមួយ ដែលទទួល​បានពិន្ទុ ច្បាស់លាស់នោះទេ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ការសិក្សាទៅលើអំពើពុករលួយ បានធ្វើទៅលើការទទួល​សំណូកនៃគណបក្សនយោបាយ មន្ត្រីនគរបាល ប្រព័ន្ធយុត្តិធម៌ និងសេវាកម្មសាធារណៈ ដែលសុទ្ធជា​លក្ខខ័ណ្ឌ​​ដ៏សំខាន់ សម្រាប់រំខានទៅដល់ការអភិវឌ្ឍន៍ និងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។

អ្នកស្រាវជ្រាវមួយរូប មកពីអង្គការនេះ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា «អំពើពុករលួយបាន​ប៉ះពាល់​ធ្ងន់ធ្ងរ ទៅអ្នកក្រីក្រជាងគេ។ អ្វីដែលបានឆ្លុះបញ្ចាំងចេញពីបញ្ជីនេះ ប្រទេសដែលពុករលួយជាងគេ គឺប្រទេសដែល​ក្រីក្រជាងគេ ហើយសម្រាប់ប្រទេសទាំងនេះ អ្នកដែលមានធនធានតិចជាងគេ ជាអ្នករងគ្រោះជាងគេ។ ប្រជាជាតិ​ទាំងនោះ នឹងមិនអាចងើបចេញពីភាពក្រីក្របានទេ បើប្រទេសទាំងនោះ មិនប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ​នោះ។»

ប្រទេសដែលបាន«ធ្លាក់»ចំណាត់ថ្នាក់ គួរឲ្យកត់សម្គាល់នោះ គឺប្រទេសស៊ីរី ប្រទេសលីប៊ី និងប្រទេសម៉ាលី ដោយ​សារ​តែប្រទេសទាំងនោះ បានផុងខ្លួនយ៉ាងជ្រៅទៅក្នុងសង្គ្រាមរាំងជល់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប៉ុន្តែប្រទេសដែល​រងគ្រោះខ្លាំងជាងគេ ដោយសារប្រព័ន្ធរដ្ឋបាលមិនមានដំណើរការនោះ គឺប្រទេសសូម៉ាលី ជា​មួយ​នឹងចំណាត់ថ្នាក់​លេខ១៧៥។ នៅក្នុងប្រទេសនេះ អង្គការតម្លាភាពបានចាត់ទុកថា រដ្ឋាភិបាលនៃប្រទេសនេះ មិន​បាន​គ្រប់គ្រង​ប្រកប​ដោយប្រសិទ្ធិភាពនោះទេ ហើយបណ្ដាជនត្រូវប្រើគ្រប់មធ្យោបាយ ដើម្បីទទួល​បាន​សេវាកម្ម​សាធារណៈ ដើម្បីចិញ្ចឹមជីវិត និងដើម្បីរស់រានមានជីវិត។

បន្ទាប់មកប្រទេសដែលមានចំណាក់ថ្នាក់អន់ ក្នុងចំណាត់ថ្នាក់ដូចគ្នា (១៧៥) គឺប្រទេសកូរ៉េខាងជើង ដែលត្រូវបាន​អង្គការតម្លាភាពចាត់ទុកថា ជាសង្គម«ផ្ដាច់ការ»ទាំងស្រុងមួយ ដែលទទួលរងគ្រោះនឹង​ប្រព័ន្ធគ្រប់គ្រងដោយ​ខ្លួន​ឯង។ «នៅទីនោះ អ្នកត្រូវការស្គាល់នរណាម្នាក់ ដែលពុករលួយ តែមានថានៈខ្ពង់ខ្ពស់នៅក្នុងគណបក្សកុម្មុយនីស ដើម្បីអនុញ្ញាតឲ្យអ្នករស់រានមានជីវិតបាន»។

ចំណែកប្រទេសទីបី ដែលស្ថិតក្នុងចំណាក់ថ្នាក់ដូចគ្នា នឹងប្រទេសទាំងពីរខាងលើដែរ គឺប្រទេសអាហ្វហ្គានីស្ថាន ដែលកងទ័ពរបស់បក្សសម្ព័ន្ធអូតង់ នឹងត្រូវដកចេញពីប្រទេសក្នុងពេលខាងមុខ។ បន្ទាប់ពីបានគ្រប់គ្រងដោយ​ពួក​តាលីបង់ ហើយបានផុងខ្លួនទៅក្នុងភ្នក់ភ្លើងសង្គ្រាម ដោយការវាយលុករបស់អាមេរិក រហូតមកដល់ការគ្រប់គ្រង​ដោយ​បក្សសម្ព័ន្ធអូតង់ ប៉ុន្តែប្រទេសនេះមិនមានអ្វីដែលបានរីកចម្រើន ទាក់ទងនឹងភាពស្អាតស្អំនោះឡើយ។

ប្រទេសដែលគួរឲ្យលើកទឹកចិត្ត ហើយងាកចេញពីចំណាត់ថ្នាក់ទាបបំផុតនោះ គឺប្រទេសភូមា ជាមួយនឹងចំណាត់​ថ្នាក់ទី១៥៧។ បន្ទាប់ពីងើបចេញរបបយោធា ហើយបានបើកចំហជើងមេឃទៅកាន់ពិភពលោក ដោយប្រកាន់យក​លិទ្ធិប្រជាធិបតេយ្យនោះមក ប្រទេសនេះបានធ្វើកំណែទម្រង់យ៉ាងច្រើន ហើយការវិនិយោគទុនបរទេស ក៏បាន​សម្រុក​ចូលទៅក្នុងប្រទេសនេះ កាន់តែច្រើននោះដែរ។

គួរឲ្យកត់សម្គាល់ផងដែរ សម្រាប់ចំណាត់ថ្នាក់នៃបណ្ដាប្រទេសអាស៊ាន មានប្រទេសឡាវ ទទួលបានចំណាត់ថ្នាក់ ១៤០ វៀតណាម ១១៦  ឥណ្ឌូនេស៊ី ១១៤ ថៃ ១០២ ហ្វីលីពីន ៩៤ ម៉ាឡេស៊ី ៥៣ និងប្រទេសប្រ៊ុយណេ បានចំណាត់​ថ្នាក់ ៣៨។ ដោយឡែកប្រទេសកម្ពុជា ដែលហៅខ្លួនឯងជាព្រះរាជាណាចក្រ«អច្ឆះរិយៈ»នោះ បានទទួលពីអង្គការ​តម្លាភាព នូវចំណាត់ថ្នាក់ទី ១៦០ (អន់ជាងឆ្នាំមុន ១៥៨/១៧៦) ដែលជាចំណាក់ថ្នាក់អន់ជាងគេ មានន័យថា ជា​ប្រទេសដែលមានអំពើ​ពុក​រលួយ​ខ្លាំងជាងគេ នៅក្នុងតំបន់។ រីឯប្រទេសសាំងហ្គាពួរ ជាប់ចំណាត់ថ្នាក់លេខ៥។

ប្រទេសដែលមានចំណាក់ថ្នាក់លេខមួយ ល្អប្រសើរជាងគេ គឺប្រទេសដាណឺម៉ាក និងប្រទេសញ៉ូហ្សេឡេន ដែល​ទទួលបានដល់ទៅ ៩១ពិន្ទុរៀងខ្លួន។ ប្រទេសដែលមានចំណាត់ថ្នាក់បន្ទាប់មកទៀត មានលុចហ្សំបួរ កាណាដា អូស្ត្រាលី ហូឡង់ ស្វីស សាំងហ្គាពួរ ណ័វេស ស៊ុយអែដ និងប្រទេសហ្វាំងឡង់៕

ចំណាក់ថ្នាក់ទាំងមូល អាចរកមើលបាន និងអាចទាញយកបាន នៅទីនេះ

----------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...