អង់គ្លេស៖ ប្រើពេល៣៦នាទី ដើម្បីញ៉ាំសង់វិច ២,៥គីឡូក្រាម
យុវជន ជេម ប្រឺទែយ បានអួតអាងសម្ដែងពីរសជាតិ«ឈ្ងុយយឆ្ងាញ់» បន្ទាប់ពីបានទទួលមកលេប ទាល់តែបានសម្រេច នូវ«សង់វិចយក្ស»មួយ ដែលមានទម្ងន់ ២,៥គីឡូក្រាម ដោយប្រើរយៈពេល៣៦នាទីប៉ុណ្ណោះ។
យុវជន ជេម ប្រឺទែយ ក្រោយបំបែកឯកត្តកម្ម អ្នកញ៉ាំសង់វិចបានធំជាងគេ។ (រូបថត ហ្វេសប៊ុក)
ឯកត្តកម្ម - គ្មាននរណាម្នាក់ក្លាហាន ហ៊ានទទួលទានសង់វិចមហាធំ ដែលពោរពេញទៅដោយថាមពល (៨ពាន់កាឡូរី) នេះ ពីមុនមកទេ បើគេប្រៀបធៀបមកជីវិតប្រចាំថ្ងៃ ដែលមនុស្សម្នាក់ត្រូវការថាមពលតែ ២,៥ពាន់កាឡូរីប៉ុណ្ណោះ។ ប៉ុន្តែយុវជនដ៏អង់អាច ជេម ប្រឺទែយ (James Brettell) បានលេបបញ្ចូលសង់វិចយក្សនេះ ដោយប្រើពេលតិចជាងមិនដល់៤០នាទីផង។
ដើម្បីជាការលើកទឹកចិត្ត ជេម ប្រឺទែយ ទទួលបានរង្វាន់ពីកម្មវិធី នូវអាវយឺតមួយនិងទឹកប្រាក់១១៦ លីវស្ទេលីង (ប្រមាណជា ២០០ដុល្លា) ដែលជានិមិត្តរូបនេះ មនុស្ស១១៦នាក់ ដែលបានប្រកួតដូចនាយដែរ តែបានបរាជ័យរហូតមក។
ជេម ប្រឺទែយ ពន្យល់ប្រាប់កាសែតដេល្លីមែល ថា «ខ្ញុំឃើញតាមរូបថត ពីសង់វិចធំដូចយក្សនេះ តាមហ្វេសប៊ុក។ ខ្ញុំគិតថា ខ្ញុំត្រូវតែសាកល្បងវា ឲ្យបានម្ដង។» យុវជនអាយុ២៦ឆ្នាំរូបនេះ មានរូបរាងមិនជាធាត់ណាស់ណាទេ ប៉ុន្តែទំនងជាមានអាថ៌កំបាំងអ្វីមួយ ដែលធ្វើឲ្យយុវជនយកសង់វិចមួយដុំធំយ៉ាងនេះ ទៅទុកក្នុងពោះបាន។ យុវជនបានបន្តទៀតថា «ខ្ញុំមិនមានរូបរាងធាត់ធំនោះទេ តែខ្ញុំបានធ្វើកីឡាច្រើនណាស់ កាលពីពេលថ្មីៗនេះ ហើយខ្ញុំញ៉ាំអាហារពេល ដែលម្ដងឬពីរដងប៉ុណ្ណោះ នៅពេលយប់។ ខ្ញុំក៏មានអារម្មណ៍ថាភ្ញាក់ផ្អើលណាស់ដែរ នៅពេលដែលខ្ញុំបានបញ្ចប់សង់វិចដ៏ធំនេះ។»
ប៉ុន្តែជេម បានសារភាពថា នាយមិនមានអារម្មណ៍ល្អប៉ន្មានទេ បន្ទាប់ពីបានបញ្ចប់អាហារ ដែលមានទំហំប៉ិនកូនក្មេងម្នាក់នេះ។ យុវជនបានអះអាងទៀតថា «នៅពេលជិតចប់ វាក្លាយជារឿងមួយពិបាកណាស់ ដែលលេបវាចូលទៅក្នុង នៅពេលមានអារម្មណ៍ថាដូចជាលេបដុំថ្មនោះ។ ខ្ញុំគិតថា ម្ចាស់ភោជនីយដ្ឋាប្រហែលជាបានឃើញខ្ញុំពិបាកហើយ ទើបគាត់ងើបទៅប្ដូរបទចម្រៀងមួយបទផ្សេង ដែលចង់ផ្ដល់កម្លាំងចិត្តឲ្យខ្ញុំ។ ការប្ដូរបទចម្រៀងនេះ បានទទួលជោគជ័យមែន ហើយទីបំផុតខ្ញុំបានមកដល់ទីបញ្ចប់ នៃចំណិតចុងក្រោយរបស់សង់វិច។»
សូមបញ្ជាក់ ថាមិនមែនត្រឹមតែសង់វិចទេ សូម្បីតែដំឡូងបារាំងចៀន និងជ្រក់ទឹកស ដាក់អបក្បែរនឹងសង់វិច ក៏ត្រូវតែញ៉ាំវាឲ្យអស់ដែរ។ អ្នកណាទៀត ចង់សាកល្បង?
--------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ