ញ៉ាំហឹមប៊ើហ្គើរមួយឆ្នាំឥតគិតថ្លៃ សម្រាប់វីរបុរសជួយស្ត្រីរងគ្រោះនៅក្រុងក្លេវឡេន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: May 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ឆាល រ៉ាំសី វីរបុរស ដែលបានជួយស្ត្រីបីរូបឲ្យរួចខ្លួន ពីការចាប់ពង្រត់។
ថ្លែងតាមបណ្ដាញទូរទស្សន៍ និងសារព័ត៌មានជាច្រើនក្នុងពិភពលោក លោកឆាល រ៉ាំសី បានឲ្យដឹងថា «ខ្ញុំលឺសូរសម្លេងស្រែក ខណៈពេលដែលខ្ញុំកំពុងតែញ៉ាំ"ម៉ាកដូណាល់"។ ខ្ញុំចេញទៅក្រៅផ្ទះ ហើយខ្ញុំបានឃើញនារីម្នាក់ ដែលមានអាការៈជ្រួលច្របល់ជាខ្លាំង បានកំពុងព្យាយាមចេញពីផ្ទះរបស់ខ្លួន។ ខ្ញុំបានដើរទៅជិតដល់ច្រកចូលផ្ទះនោះ ហើយលឺនាងនិយាយថា៖ ជួយខ្ញុំឲ្យចេញទៅផង! ខ្ញុំនៅទីនេះតាំងពីយូរមកហើយ។»
ពាក្យសម្ដីជាមួយនឹងរូបភាពផ្ទាល់ខ្លួន បានថ្លែងប្រាប់ទៅកាន់ពិភពលោក ជាមួយការរៀបរាប់យ៉ាងលំអិត ពីហេតុការណ៍ដែលលោកបានជួយ នាងអាមេនដា ប៊ើរី (Amanda Berry) ឲ្យរំដោះខ្លួនរួចពីជនចាប់ពង្រត់ ឈ្មោះអារីយ៉េល កាស្ត្រូ (Ariel Castro)។ មកទល់នឹងពេលនេះ នរណាៗក៏គេបានដឹងថា «វីរបុរសញ៉ាំម៉ាកដូ» រូបនេះ បានផ្អាកអាហារពេលរបស់គាត់ ដើម្បីជួយស្ត្រីរងគ្រោះទាំងបីនាក់ ហើយពួកគេបានស្នើសុំឲ្យសហគ្រាសហឹមប៊ើហ្គើរ ផ្ដល់រង្វាន់ឲ្យទៅវីរជនរបស់យើង។
ការស្នើសុំនេះ ទទួលបានជោគជ័យដូចបំណងមែន។ កាលពីថ្ងៃព្រហស្បត្តិ៍ អ្នកនាំពាក្យសហគ្រាសដ៏ធំរបស់អាមេរិក បានបញ្ជាក់ប្រាប់បណ្ដាញទូរទស្សន៍ស៊ីអ៊ិនអ៊ិន ថា ម៉ាកដូណាល់ បានឲ្យរង្វាន់ទៅលោកឆាល រ៉ាំសី នូវការទទួលទានហឹមប៊ើហ្គើរ ក្នុងរយៈពេលមួយឆ្នាំ ដោយឥតគិតថ្លៃ។ មិនត្រឹមតែប៉ុណ្ណោះ សហគ្រាសដែលមានភោជនីយដ្ឋាន នៅជុំវិញពិភពលោកមួយនេះ ថែមទាំងបានផ្ដល់វិភាគទានក្នុងនាម ឆាល រ៉ាំសី និងស្ត្រីទាំងបីរូប នូវទឹកប្រាក់ចំនួន១០ពាន់ដុល្លា សម្រាប់កម្មវិធីសង្គ្រោះកុមាទាំងឡាយរ ដែលត្រូវបានគេចាប់ពង្រត់។
ឆាល រ៉ាំសី ដែលធ្លាប់មានរឿងប្រលាក់ប្រលូក ជាមួយតុលាការទាក់ទងនឹងគ្រឿងញៀន ការលួចគាស់ផ្ទះ និងអំពើហឹង្សាក្នុងផ្ទះតាំងពីឆ្នាំ២០០០នោះ នឹងមិនចំណាយប្រាក់សូម្បីមួយសេនឡើយ បើសិនជាគាត់ចូលញ៉ាំហឹមប៊ើហ្គើរមួយពេល នៅក្នុងភោជនីយដ្ឋានចំនួន១៣ផ្សេងទៀតប្រចាំតំបន់។ ការលើកទឹកចិត្តនេះ បានផ្ដល់ជូនគាត់ រហូតមួយជីវិត ដោយមិនមានកាលកំណត់។
សូមអានអត្ថបទដែលទាក់ទងនឹងសំនុំរឿងនេះឡើងវិញ ដោយចុចនៅទីនេះ។ ខាងក្រោមជាវីដេអូ ស្ដីពីកិច្ចសម្ភាសដែលឆាល រ៉ាំសី បានផ្ដល់ទៅឲ្យស្ថានីយទូរទស្សន៍៖
នៅពេលអ្នកដឹងថា មានរង្វាន់ដល់ដៃ និងមានការលើកទឹកចិត្តបែបនេះ តើអ្នកមានបំណងចងក្លាយជា«វីរបុរស»ដូចគាត់ដែរឬទេ?
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ