នៅជប៉ុន បាំងមាត់កុំឲ្យឃើញ ញ៉ាំហ៊េមប៊ើហ្គើរ«អាក្រក់មើល» (VDO)
ក្រុមហ៊ុនមួយ ដែលមានហាងច្រើនកន្លែង ឯកទេសខាងហ៊េមប៊ើហ្គើរ នៅប្រទេសជប៉ុន បានសង្កេតឃើញថា នំប៊័ងសង់វិច របស់ខ្លួន មិនសូវត្រូវបានស្ត្រីៗបញ្ជាទិញ យកទៅទទួលទាននោះទេ ដោយសារតែពួកនាងៗមានអារម្មណ៍ថា «ខ្មាស»នៅពេលដែលយកវាមកដាក់ចូលក្នុងមាត់។ បើអញ្ចឹងធ្វើយ៉ាងម៉េចទៅវិញ ?
នៅពេលនាងញ៉ាំប៊ើរហ្គើរ ដោយមានក្រដាសបំបាំងមាត់ពីមុខនោះផង។ (រូបថត ក្រុមហ៊ុន)
ពីនេះពីនោះ - យកហ៊េមប៊ើហ្គើរ មួយដុះធំ ដោយកាន់ដៃពីរ មកដាក់ក្នុងមាត់ ហើយទំពារឃ្មមៗ ជាមួយនឹងធ្មេញលាន់លឺសូរគ្រួបៗ ... បន្ទាប់មក ចំណិតសាឡាត់ ប៉េងប៉ោះ ឬត្រសក់ នៅជាប់នឹងគៀនធ្មេញ និងថែមទាំងមានទឹកជ្រលក់ហៀរចេញពីហ៊េមបាហ្គើរ មកប្រឡាក់ពេញដៃ... គួរឲ្យមានអារម្មណ៍ខ្ពើមណាស់មែនទេ? នៅប្រទេសណាមិនដឹងទេ តែសម្រាប់ស្ត្រីជនជាតិជប៉ុន ពួកគាត់មានអារម្មណ៍មិនចង់ឲ្យ សម្ផស្សស្អាតផូរផង់របស់ពួកនាង ត្រូវបានធ្វើឲ្យប្រលាក់ប្រលូក ដោយហ៊េមប៊ើហ្គើរនោះឡើយ។
ក្រុមហ៊ុនមួយ ដែលមានហាងច្រើនកន្លែង ឯកទេសខាងហ៊េមប៊ើហ្គើរ នៅជប៉ុនមានឈ្មោះថា ហ្វ្រេសនីស ប៊ើហ្គើរ (Freshness Burger) បានសង្កេតឃើញថា ហ៊េមប៊ើហ្គើរជំនាន់មុន លែងត្រូវបានស្ត្រីជប៉ុនចូលចិត្តញ៉ាំទៀតហើយ ហើយហ៊េមប៊ើហ្គើរប្រភេទនេះច្រើនតែបញ្ជាទិញ យកទៅទទួលទានតែពួកបុរសៗប៉ុណ្ណោះ។ មូលហេតុដែលធ្វើពួកនាងមិនចូលចិត្ត ទិញយកសង់វិចប្រភេទនេះ យកមកញ៉ាំ នោះគឺពួកនាងមានអារម្មណ៍ថា«ខ្មាស» នៅពេលដែយកវាមកដាក់ក្នុងមាត់។
ហ៊េមបាហ្គើរជំនាន់ចាស់ ប្ដូរឈ្មោះមកជា «ប៊ើរហ្គើរបំបាំងមាត់»
នៅជប៉ុន ជាទំនៀមទំលាប់របស់ប្រទេសជប៉ុន គេមិនសូវចូលចិត្តឲ្យស្ត្រីហាមាត់«ធំៗ»នោះទេ។ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ពីដើមមក ស្ត្រីដែលមានបបូរមាត់ស្ដើង ឬតូចនោះ ត្រូវបានគេចាត់ទុកថា ជាស្ត្រីគ្រប់លក្ខណ៍មានសម្ផស្សស្អាតផូរផង់។ ក្រុមហ៊ុនហាងលក់ប៊ើរហ្គើរ បានពន្យល់ថា «អតិថិជនស្ត្រីរបស់យើង មានអារម្មណ៍ថាទើសទាល់ណាស់ ដែលមិនបានញ៉ាំប៊ើរហ្គើរជំនាន់ចាស់នេះ»។
បន្ទាប់ពីនោះមក ក្រុមហ៊ុននេះបានរកបានដំណោះស្រាយមួយ នោះគឺបង្កើតឲ្យមានក្រដាសបំបាំងមាត់មួយ នៅពីមុខមាត់របស់ពួកនាង។ ហ៊េមបាហ្គើរនេះ ហៅថា «ប៊ើរហ្គើរបំបាំងមាត់» ដែលធ្វើឲ្យអ្នកផងមើលចំពីមុខនោះ គឺឃើញតែផ្នែកខាងលើនៃផ្ទៃមុខរបស់អ្នកញ៉ាំប៉ុណ្ណោះ។ តែផ្ទុយទៅវិញ នៅលើក្រដាសនេះ មានរូបភាពបបូរមាត់«ញញឹម»របស់ស្ត្រីស្អាតម្នាក់ ដែលបើទោះជាអ្នកញ៉ាំបើកមាត់ ទទួលហ៊េមបាហ្គើរប៉ុណ្ណា ឬជាប់កំទេចចំណីអាហារនៅគល់ធ្មេញក៏ដោយ ក៏គេនៅតែឃើញអ្នកញញឹម«ស្រស់»ជានិច្ច។ នេះគេហៅថា «ពេលអូនញ៉ាំប៊ើរហ្គើរ ពិតជានៅតែគួរឲ្យស្រឡាញ់មែន»៕
សូមទស្សនាវីដេអូ ពីការទទួលទានហ៊េមប៊ើរហ្គើររបស់ស្ត្រីជប៉ុន ៖
--------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ