ថៃ៖ រកឃើញបង្កួយយក្សមួយក្បាល នៅក្នុង«ពិតាន»រដ្ឋសភា (VDO)
បង្កួយយក្សមួយ ដែលមានបណ្ដោយប្រមាណជា២ម៉ែត្រ ត្រូវបានគេចាប់បញ្ជូនចេញ ពីកន្លែងដែលវាបានលាក់ខ្លួន គួរឲ្យភ្ញាក់ផ្អើល នោះគឺនៅក្នុងពិតាននៃបន្ទប់មួយ ក្នុងអាគាររដ្ឋសភារបស់ប្រទេសថៃ។
សត្វបង្កួយយក្ស។ (រូបជំនួស)
ជាការរកឃើញមួយយ៉ាងអស្ចារ្យ និងថែមទាំងរន្ធត់ថែមទៀត នៅពេលដែលគេបានស្ដាប់លឺសម្លេងស្រែករបស់អ្នកបានឃើញផ្ទាល់ភ្នែក។ នៅថ្ងៃព្រហស្បត្តិ៍ទី២៣ខែឧសភានេះ បង្កួយយក្សដែលមានបណ្ដោយប្រមាណជា២ម៉ែត្រមួយក្បាល ត្រូវបានគេដឹងថាវាកំពុងលាក់ខ្លួននៅក្នុងពិតាននៃរដ្ឋសភាថៃ កណ្ដាលទីក្រុងបាងកក។
បន្ទាប់ពីបានដឹងពីព្រឹកនោះមក ក្រុមគ្រូពេទ្យសត្វបានចំណាយជាច្រើនម៉ោង ដើម្បីចាប់បង្កួយនេះ ចេញពីកន្លែងដែលវាលាក់ខ្លួន ដែលមានពោរពេញទៅដោយខ្សែកាបនោះ។
វីដេអូខាងក្រោមនេះត្រូវបានថតដោយទីភ្នាក់ងាររ៉យទ័រ បានបង្ហាញពីភាពភ័យខ្លាច របស់អ្នកទស្សនាជាច្រើនអ្នកនៅនឹងកន្លែង និងបង្ហាញពីភាពលំបាកនឹងចាប់ដកសត្វដែលមានជើងស្អិតតតាត់ ចេញពីចន្លោះពិតានដ៏ចង្អៀត។ ពួកគេមិនចង់ធ្វើឲ្យ សត្វនេះមានរបួសនោះទេ។
តែនៅទីបំផុតពួកគេបានចាប់សត្វនេះបាន ដោយមានជំនួយពីខ្សែររុំរួតខ្លួន ដែលបានធ្វើឲ្យវាពិបាករើ។ បន្ទាប់មក គេបានយកវាទៅព្រលែងនៅក្នុងឧទ្យានធម្មជាតិ ដែលស្ថិតនៅជុំវិញរដ្ឋសភានេះ។ បើតាមមន្ត្រីនៅទីនោះ សត្វបង្កួយនេះទំនងជាវង្វេងផ្លូវ ហើយបានដើរចូលដោយចៃដន្យ តាមប្រហោដំបូលឬជញ្ជាំងណាមួយ នៃអាគារ៕
សូមទស្សនាវីដេអូ ដូចខាងក្រោម៖
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ