ថៃ៖ ច្បាប់នៃអំណាច មាសប្រាក់ បុណ្យស័ក្ដិ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: September 29, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកមានមុខមាត់ខ្ពង់ខ្ពស់ កាន់តែច្រើនឡើងៗ ក្នុងប្រទេសថៃ បានប្រើប្រាស់ ទ្រព្យសម្បត្តិ ឋានៈ និង អំណាចរបស់ពួកគេ ដើម្បីគេចបញ្ជៀសខ្លួន អោយផុតពីអ្វីដែលខ្លួនបានបង្ក ជាពិសេសក្នុងពេលប្រព្រឹត្តកំហុសអ្វីមួយនោះ។ សូមអានរបាយ ការណ៍ របស់មនោរម្យព័ងអាំងហ្វូ ដែលនឹងយកករណីមួយចំនួន របស់អ្នកទាំងនោះ មកជូនលោកអ្នកដូចតទៅ៖
នៅពេល តារាចំរៀងនាង ពីយ៉ា ប៉ុងគុយឡាប៉ា (Piya Pongkulapa) ត្រូវបាននគរបាលឃាត់ខ្លួន ដោយសារឃើញនាង បើករថយន្តនៅម៉ោងពីរភ្លឺ កណ្ដាលទីក្រុងបាងកក កាលពីថ្ងៃទី១១ ខែកញ្ញាកន្លងទៅ តែនាងបែរជានិយាយ អោយ ភ្នាក់ងារវិញថា «ខ្ញុំមិនមែនជាមនុស្សធម្មតាទេ។ ខ្ញុំស្គាល់នគរបាលថ្នាក់ខ្ពស់ជាច្រើន។» ពេលនោះភ្នាក់ងារតម្រួត បាន សុំពិនិត្យជាតិស្រានៅក្នុងខ្លួន ក្រែងនាងបើកបរទាំងស្រវឹង តែតារាម្នាក់នេះបែរជាតវ៉ាត្រឡប់វិញ ថានាងនឹងអោយ ត្រួតពិនិត្យ នៅពេលដែលនាងស្វាងបន្ដិច ហើយនាងបានសំងំក្នុងឡាន ដោយគិតតែពីផឹកទឹកជាច្រើនលីត្រ។
នៅពេលដែលលោក វរ៉ាយុទ្ធ យ៉ូវីឌីយ៉ា (Vorayud Yoovidhya) ហៅក្រៅ «បូស (Boss)» អាយុ២៧ឆ្នាំ ជាអ្នកស្នងមរតក នៃម្ចាស់សហគ្រាស គោជល់ (អ្នកមានទីបួន នៅថៃ) បានបើកឡាន ទៅបុកនគរបាលម្នាក់ដែលជិះម៉ូតូ មួយទំហឹង កាល ពីថ្ងៃទី ៣ កញ្ញា ម៉ោង៥ទៀបភ្លឺ ក្នុងទីក្រុងបាងកក «បូស»មិនបានបញ្ឈប់រថយន្តទេ ប៉ុន្តែបានអូសយកនគរបាលនោះ នៅ ជាប់នឹងក្បាលឡានទៅជាមួយ រហូតចំងាយ២០០ម៉ែត្រ។ ត្រលប់មកដល់ផ្ទះវិញ «បូស»បានប្រាប់ទៅអង្គរក្សផ្ទាល់ខ្លួន អោយបដិសេធនូវរាល់សំនួររបស់អ្នកណាក៏ដោយ បើទោះជាជានគរបាលក៏ដោយ។ ក្រោយបន្ដិចមក សមាជិកម្នាក់ក្នុង គ្រួសាររបស់«បូស» បានហៅទៅអនុសនីយ៍ឯកម្នាក់ នៃភ្នាក់ងារនគរបាល ដើម្បីអោយដកចេញនូវសំនុំរឿង ដែលជាការ ទទួលខុសត្រូវរបស់«បូស»នេះចេញ។ ហើយអ្វីដែលអស្ចារ្យនោះ គឺអនុសនីយ៍ឯក បានធ្វើតាមការ«បញ្ជា» នេះ ដោយ គ្មានបានជជែកវែកញែកអ្វីទាំងអស់។
នាង ឈឺម៉ាន ប៊ូនយ៉ាសក្តិ តារាភាពយន្ដ តារាទូរទស្សន៍ និងជាតារាបង្ហាញម៉ូត។
នៅពេលដែលតារាភាពយន្ដ ដ៏ល្បាញល្បាញនាង ឈឺម៉ាន ប៊ូនយ៉ាសក្តិ (Chermarn Boonyasak) ត្រូវបានគេរិះគន់យ៉ាង ចាស់ដៃ កាលពីខែសីហាកន្លងទៅ ពីការលួចបន្លំពន្ធដារ ដោយសារតែនាង បានអោយគេធ្វើឯកសារបង់ពន្ធ ក្នុងនាមជា បុរសចំណាស់អាយុ៧៧ឆ្នាំ ដើម្បីទទួលបានអត្រានៃការបង់ពន្ធធូរស្រាលជាង។ នាងបានដាក់រូបថតរបស់នាង និងកូន ប្រុសម្នាក់ នៃមន្រ្តីជាន់ខ្ពស់ក្នុងក្រសួងហិរញ្ញវត្ថុ នៅលើទំព័រហ្វេសប៊ុករបស់នាង ជាមួយនឹងឃ្លាថា«កុំរករឿងយើង»។
យើងអាចបន្ថែមករណីទាំងនេះ ផ្សេងទៀត ដែលវាសុទ្ធតែបានបង្ហាញ ពីវប្បធម៌មួយ ដែលមានក្នុងសង្គមថៃសព្វថ្ងៃ និង ត្រូវបានយកទៅប្រើប្រាស់ ដោយអ្នកមានមុខមាត់ថៃ នូវអ្វីដែលហៅថា៖ «អំណាចនៃម្ចាស់សហគ្រាស» និងច្បាប់នៃ «អ្នកមានខ្នងក្រាស់»។ នៅពេលដែលសមាជិកណាម្នាក់ នៃក្រុមអ្នកមានមុខមាត់ទាំងនោះ ជួបបញ្ហាធ្ងន់ធ្ងរអ្វីមួយ ប្រតិកម្ម ត្រឡប់មកវិញរបស់សមាជិកនោះ តែងតែបានយកឋានៈយសស័ក្តិរបស់គេ មកបង្ហាញនៅចំពោះមុខមហាជន ក្នុងន័យថា «តើអ្នកដឹងថា ខ្លួនឯងកំពុងតែនិយាយជាមួយនរណារឬទេ?»
ប្រជាជនថៃមួយភាគធំ មានប្រតិកម្មក្ដៅក្រហាយ ទៅនឹងរឿងរ៉ាវដែលកើតមាន ដូចមានក្នុងឧទាហរណ៍ខាងលើ ដែល បង្ហាញពីឬកពាររបស់ ពួកអ្នកអន្ទ្រើសទាំងនេះ ហើយកាន់តែលែងទទួលយកបាន។ ជាពិសេសគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ដែលនិយាយផ្ដោត ទៅលើការគេចវេស មិនទទួលខុសត្រូវ របស់ពួកអ្នកមានប្រាក់ និងមានអំណាចអស់ទាំងនេះ បាន នឹងកំពុងដើរតួនាទីកាន់តែស្រួចស្រាល និងមានជំហរតាមសតិសម្បជញ្ញៈ ក្នុងបំណងចង់បំបាត់ចោល នូវប្រព័ន្ធគួរអោយ ស្អប់ខ្ពើម ពីសង្គមមួយ ដែលអួតខ្លួនថាមានប្រជាធិបតេយ្យនោះ។
យន្ដការទូទៅ នៃម៉ាស៊ីនយុត្តិធម៌ របស់ប្រទេសនេះ មិនប្រាកដថា នឹងរត់ទាន់ ទៅនឹងការវិវត្តន៍យ៉ាងលឿនបែបនេះ នៃ សង្គមបានទេ។ ពួកកូនអ្នកមានៗភាគច្រើន តែងតែត្រូវបានដោះលែងអោយមានសេរីភាព តាមរយៈការបង់ប្រាក់ធានា បើទោះជាទម្ងន់ឧក្រិដ្ឋកម្មរបស់គេ មានកម្រិតធ្ងន់បែបណាក៏ដោយ។ បើទោះជាពួកគេត្រូវផ្តន្ទាទោស ក៏ទោសនោះមាន ទម្ងន់ទោសស្រាល និងបន្តិចបន្តួច បើប្រៀបធៀបទៅនឹងអំពើអាក្រក់របស់ពួកគេ។ ជាក់ស្ដែង កាលពីឆ្នាំ ២០១០ កញ្ញា អូរ៉ាឆន ថេផាសាឌីន ណា អយុត្ថាយ៉ា (Orachorn Thephasadin na Ayutthaya) មានអាយុ១៦ឆ្នាំ ជាកូនស្រីរបស់គ្រួសារ អ្នកមានម្នាក់ បានបើកបរដោយគ្មានប័ណ្ណបើកបរ ទៅបុកប៉ះនឹងឡានធុនមធ្យមមួយ នៅលើផ្លូវល្បឿនលឿន បណ្តាល អោយមានមនុស្សស្លាប់៩នាក់។ នាងទើបតែបានត្រូវផ្តន្ទាទោស អោយជាប់ពន្ធនាគារ២ឆ្នាំ ជាមួយនឹងការព្យួរទោស និង ហាមមិនអោយបើកបររហូតអាយុ២៥ឆ្នាំ។ ក្រោយពីសាលក្រម ដែលធ្វើអោយគ្រួសារជនរងគ្រោះសោកសៅនេះ ក្មេងស្រី ជំទង់ត្រូវបានគ្រួសារនាង បញ្ជូនទៅរៀននៅឯបរទេស។ រូបថតដែលបានថតភ្លាមៗ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដ៏មហន្ដរាយនេះ បានផ្សាយពេញបណ្ដាញអាំងធើណែត បង្ហាញពីរូបនាងដែលកំពុងឈរសរសេរសារ នៅលើទូរស័ព្ទដៃ របស់នាង ហាក់ដូចជាមិនខ្វាយខ្វល់ ជាមួយនឹងគ្រោះថ្នាក់ឬជនរងគ្រោះសូម្បីបន្តិច។ រូបថតនេះ បានធ្វើអោយបណ្ដាជន ថៃជាច្រើននាក់ មានសេចក្តីខឹងសម្បារយ៉ាងខ្លាំង។
កញ្ញា អូរ៉ាឆន ថេផាសាឌីន ណា អយុត្ថាយ៉ា ដូចជាកំពុងសរសេរសារក្នុងទូរស័ព្ទ។
ជនគ្មានយសសក្តិ គ្មានឈ្មោះវង្សត្រកូល និង ជនគ្មានប្រាក់ នឹងត្រូវរង នូវការផ្ដន្ទាទោសជាទម្ងន់ បើពួកគេហ៊ានបំពាន ច្បាប់៖ គ្មានការដោះលែង ដោយមានការធានា - គ្មានការព្យូរទោស - គ្មាន«ការយោគយល់»ពីចៅក្រម។ ផ្នត់គំនិតនៃ «ការយោគយល់»នេះ មានសំរាប់តែអ្នកដែលមានបុព្វសិទ្ធធំៗ ដែលជាទូទៅស្ថិតនៅក្នុងជួររដ្ឋាភិបាល ឬពួកដែលមាន ថានះខ្ពស់ៗ។ រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ូរ៉ាពុង ទុកវីចាក់ឆៃកុល (Surapong Tokvichakchaikul) ធ្លាប់ទទួលការ ស្តីបន្ទោស ពីសំណាក់ពួកអ្នកតំណាងរាស្រ្ត ថាបានផ្ដល់សុពលភាពទៅអោយលិខិតឆ្លងដែន របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) វិញ ខុសពីវិធានផ្ទៃក្នុងរបស់ក្រសួង។ លោក ថាក់ស៊ីន បានភៀសខ្លួនចេញទៅ ក្រៅប្រទេស ខណៈលោកត្រូវតុលាការ ផ្តន្ទាទោសអោយជាប់ពន្ធនាគារ ២ឆ្នាំ ពីបទពុករលួយ កាលពីឆ្នាំ២០០៨។ ដោយមិនយកចិត្តទុកដាក់ ពីសេចក្ដីអះអាងលំអិត របស់ពួកក្រុមអ្នកតំណាងរាស្រ្ត រដ្ឋមន្ត្រីការបរទេសលោក ស៊ូរ៉ាពុង គ្រាន់តែបានឆ្លើយតបវិញ ថាលោកគ្មានកំហុសទេ ប៉ុន្តែពួកគេព្យាយាម បង្កាច់បង្ខូចលោកអោយមានទោស។
ប៉ុន្តែប្រទេសថៃ មិនមែនជាប្រទេសតែមួយ នៅក្នុងតំបន់ ដែលនិយម«ការយោគយល់» សំរាប់តែពួកអ្នកអន្ទ្រើសៗ នោះទេ។ ប្រទេសកម្ពុជា ដែលជាប្រទេសជិតខាងមួយរបស់ថៃ ក៏មានស្ថានភាពដូចគ្នានេះដែរ ហើយថែមទាំងល្បីរន្ទឺ ខាងការអនុវត្ត ច្បាប់«របស់អ្នកខ្លាំង» ថែមទៀតផង៕
-------------------------------------------
ដោយ៖ សេក មនោរកុមា - ភ្នំពេញថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ