កម្ពុជា៖ កុមារអាយុ៣ឆ្នាំម្នាក់ ចេះព្យាបាលជម្ងឺ

ក្មេងប្រុសម្នាក់អាយុ៣ឆ្នាំ ត្រូវបានគេជឿថាមានបារមីពិសេស ហើយបានទាក់ទាញហ្វូងមនុស្សអោយផ្អើលភ្លូកទឺកភ្លូកដី នៅកម្ពុជា។ ក្នុងមួយថ្ងៃៗ មនុស្សម្នាច្រើនជាង១០០នាក់ បានធ្វើដំណើរទៅឃុំកោះរកា ជាមួយនឹងក្តីសង្ឃឹម ថានឹងទទួលបានការព្យាបាលជំងឺ ពីសំណាក់កុមារទេពនោះ។
Loading...
  • ដោយ: សុខជា រស្មី
  • កែប្រែចុងក្រោយ: September 28, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមមនុស្ស មិនតិចជាង ៣០០០នាក់ បានធ្វើដំណើរទៅជួបកុមារាម្នាក់ ដែលពួកគេជឿថាមានរិទ្ធីបារមី ក្នុងការព្យាបាល ជំងឺ។ អ្នកជំងឺជាច្រើនបានអះអាង ថាបានជាសះស្បើយពីជំងឺប្រាកដមែន។


កុមារនិងឪពុកកំពុងចាប់ផ្ដើម ពិធីព្យាបាលជម្ងឺនៅចំពោះគំនរដង្វាយជាច្រើន។

តាមសេចក្ដីរាយការណ៍ ជាភាសាកាណាដាមួយ របស់ទូរទស្សន៍ ញូវ ថាង ឌីណាស្ស៊ី (New Tang Dynasy) មានទីតាំង នៅទីក្រុងញូវយ៉ក ដែលបានបង្កើតកាលពីឆ្នាំ២០០១ ដោយក្រុមអ្នកជឿសាសនាចិននិកាយ ហ្វាឡាង ហ្កុងនោះ បាន អោយដឹងថា មានក្មេងប្រុសម្នាក់អាយុ៣ឆ្នាំ ត្រូវបានគេជឿថាមានបារមីពិសេស ហើយបានទាក់ទាញហ្វូងមនុស្ស អោយផ្អើលភ្លូកទឺកភ្លូកដី នៅកម្ពុជា។ ក្នុងមួយថ្ងៃៗ មនុស្សម្នាច្រើនជាង១០០នាក់ បានធ្វើដំណើរទៅឃុំកោះរកា ជាមួយ នឹងក្តីសង្ឃឹម ថានឹងទទួលបានការព្យាបាលជំងឺ ពីសំណាក់កុមារទេពនោះ។ អ្នកជំងឺទាំងនោះ យកទឹកមន្ដ ទានធូប និង លុយ ដាក់នៅលើដីមុខផ្ទះ ដើម្បីរង់ចាំអោយកុមារានោះ ចេញមកប៉ះវត្ថុទាំងនេះ មុននឹងពួកគេយកមកព្យាបាលជំងឺ។

ដោយមានការជួយពីឪពុកផង ក្មេងប្រុសតូចល្អិត ដែលអ្នកផងមិនសូវស្គាល់នេះ ក៏អាចផ្សំថ្នាំបូរាណ សំរាប់អោយអ្នកជំងឺ យកទៅព្យាបាលរោគផងដែរ។ តំលៃជានិមិត្តរូប តែ២០០០រៀល ត្រូវជា ០,៥ដុល្លា ឬ ០,៤អ៊ឺរ៉ូ នោះ ត្រូវឪពុករបស់កុមារ សុំអោយបង់ ក្នុងការអោយកុមារនេះទៅប៉ះរបស់ទាំងនោះ។ តែអ្នកជំងឺ នឹងត្រូវបង់ប្រាក់លើសពីនេះ ប្រសិនបើចង់អោយ កុមារផ្សំថ្នាំអោយ។

ជីតារបស់ក្មេងប្រុសនេះបានរៀបរាប់ថា ក្មេងប្រុសនេះ បានចាប់ផ្ដើមបង្ហាញអោយគេដឹងពី ទេពកោសល្យរបស់ខ្លួន ក្នុងការព្យាបាលជំងឺ តាំងពីម្ដាយមីងរបស់ក្មេងប្រុសធ្លាក់ខ្លួនឈឺជាទម្ងន់នោះមក។ ផ្ទុយពីការព្យាបាលរបស់ពេទ្យ ដែលអស់សង្ឃឹមទៅហើយនោះ កុមារទេព បានជួយសង្គ្រោះម្ដាយមីងរបស់ខ្លួន អោយជាសះស្បើយមកវិញ។ កុមារ នេះបានដើរបេះ ប្រមែប្រមូលរុក្ខជាតិជាច្រើន ដើម្បីផ្សំទៅជាថ្នាំ យកមកអោយម្ដាយមីងទទួលទាន។ បន្ទាប់ពីនោះ ម្ដាយមីងរបស់កុមារ ក៏បានជាសះស្បើយ ដែលបង្កអោយមានការភ្ញាក់ផ្អើលពេញទាំងភូមិ ហើយអ្នកស្រុកក៏ចាប់ផ្ដើម នាំគ្នាមកចោមរោមសុំការព្យាបាលដែរ។ រហូតមកទល់នឹងថ្ងៃនេះ ភាពល្បីល្បាញរបស់កុមារ មានរយៈពេលពីរខែ មកហើយ។

លោក យម អ៊ុន ដដែល ដែលជាជីតារបស់កុមារបានពន្យល់បន្ថែមថា «តាមខ្ញុំសង្កេតមើលទៅ ព្រះអង្គ(ចៅ) មិនមាន អាគមគាថាអ្វីទេ គ្រាន់តែមើលហើយ ក៏ថា “បានហើយយកចុះ ជាហើយ!”។ បន្ទាប់ពីបានប៉ះវត្ថុ របស់របរ របស់អ្នកជំងឺ ហើយ ព្រះអង្គ(ចៅ)ក៏ដើរពីលើ ហើយអ្នកជំងឺយករបស់របរទាំងនោះ ទៅប្រើប្រាស់ដើម្បីបានជាសះស្បើយ។»

លោកយាយ ឈួន យេន ជាអ្នកជំងឺម្នាក់ ដែលសព្វថ្ងៃ បានជាសះហើយនោះ បានអះអាងថា «ខ្ញុំហូបបាយបានជាងមុន ហើយខ្ញុំមានកំលាំងឡើងវិញ បន្ទាប់ពីបានផឹកទឹក និងថ្នាំប្រសិទ្ធិដោយក្មេងប្រុសតូចនេះ។ ខ្ញុំទើបនឹងដើរបាន មុននឹង មកដល់ទីនេះ។»។ ស្វាមីរបស់អ្នកជំងឺម្នាក់ ដែលមានកំលាំងកំហែងវិញ បន្ទាប់ពីការវះកាត់មួយនៅប្រទេសវៀតណាម បានបន្ថែមថា «ប្រពន្ធរបស់ខ្ញុំបានស្រួលខ្លួនឡើងវិញ បន្ទាប់ពីបានផឹកទឹកដែលប្រសិទ្ធិរួច។ គឺវាមិនគួរអោយជឿ ដែល ថាទឹកសុទ្ធមួយដប មិនបានបើកគម្របនេះ មានមហិទ្ធិរិទ្ធខ្លាំងបែបនេះ គឺខ្លាំងជាងថ្នាំបុរាណទៅទៀត។ មានព្រះសង្ឃ មួយអង្គ បាននិមន្តដោយគេសែងមកទីនេះ កាលពីប៉ុន្មានថ្ងៃមុន ហើយលោកបានឆាន់ទឹកអស់កន្លះដប ក៏ស្រាប់តែ មានអារម្មណ៍ថាស្រួលខ្លួន។ លោកនិមន្ត ត្រលប់ទៅវត្តវិញ ដោយថ្មើជើង។ មានមនុស្សជាច្រើន ដែលជឿជាក់លើបារមី បានមកទីនេះ ដើម្បីព្យាបាល ជំងឹ។»

ទោះបីជាយ៉ាងណាក៏ដោយ ក៏ភាពជាសះស្បើយ នៃការព្យាបាលនេះ ស្ថិតនៅជារឿងដែលនិយាយតៗគ្នា និងមិនអាច បញ្ចាក់បាននៅឡើយ។ ឪពុកម្តាយរបស់កុមារ មិនចង់អោយកូនរបស់ពួកគាត់ ធ្វើការព្យាបាលបន្ដទៅទៀតទេ ដោយ បារម្ភខ្លាចបាក់កំលាំងរបស់កុមារដ៏តូចនេះ។ គ្រួសាររបស់កុមារ ក៏មិនចង់អោយអ្នកសារពត៌មានថតរូប ក្នុងពេលព្យាបាល នោះដែរ។ បើតាមពួកគេ កូនក្មេងប្រុសនេះ មិនចូលចិត្តអោយមានអ្នកកាសែត នៅជុំវិញខ្លួនគេទេ។ នៅក្នុងខ្សែរវីដេអូ ខាងក្រោម គេឃើញឪពុកកុមារ កំពុងពរកូនតូចរបស់គាត់នៅក្នុងដៃ ហើយអោយប្រសិទ្ធិពរដល់ហ្វូងមនុស្ស ពីមុខគំនរ ដង្វាយ ហើយបានគេចពីម៉ាស៊ីនថត ដែលព្យាយាមចាប់យករូបភាពនេះ។

នេះជាមហិទ្ធិរិទ្ធដ៏អស្ចារ្យមួយទៀត ដែលប្រទេសកម្ពុជាជារឿយៗ តែងតែមានផ្ទុះចេញជារឿងប្លែកៗ បង្កអោយមនុស្ស ម្នាផ្អើលរាប់រយនាក់បែបនេះ។ ក្នុងអំឡុងពេល៣ខែចុងក្រោយនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានផ្សាយរួចហើយ ពី«គល់ឈើមានសិល្ប៍» និងបន្ទាប់មកទៀត «ដើមដូងទេព»។ តែក្នុងពេលនេះ រឿងដ៏អស្ចារ្យត្រូវវេន «កុមារពេទ្យទេព» ម្ដង៕

សូមទស្សនារបាយការណ៍ ជាវីដេអូដូចតទៅ៖

-------------------------------------------
ដោយ៖ សុជារស្មី - ភ្នំពេញថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...