អូស្ត្រាលី៖ បុរសម្នាក់ប្រទះ«តុកកែ»១,៥ម៉ែត្រ លើជញ្ជាំងផ្ទះខ្លួន
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - យកការណ៍៖ សុបិន្ត៖ ភ្នំពេញ ថ្ងៃទី០៩ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 10, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នរណាមួយមិនភ័យ... នៅពេលដែលផ្ទះ ដែលខ្លួនធ្លាប់រស់នៅរាល់ថ្ងៃ ស្រាប់តែមានភ្ញៀវដ៏ចម្លែកម្នាក់ បានចូលមកសួរសុខទុក្ខ ទាំងមិនបានអញ្ជើញ យ៉ាងដូច្នេះនោះ? បន្ទាប់ពីត្រឡប់ ពីធ្វើការងារកំប៉ិចកំប៉ុក នៅក្នុងសួនច្បារក្រោយផ្ទះរួច លោក អេរិច ហូឡង់ (Eric Holland) បានត្រឡប់មកលំនៅដ្ឋានវិញ តែលោកបានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅនឹងជញ្ជាំងផ្ទះលោក មានសត្វ«តុកកែ»ដ៏ធំមួយ កំពុងសំងំយ៉ាងស្ងាត់ស្ងៀម នៅទីនោះ។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មាន «The Guardian» ដែលមានស្នាក់ការសាខារបស់ខ្លួន ក្នុងប្រទេសអូស្ត្រាលី។
«ចុមយក្ស! ស្អីគេអញ្ចេះ?»
បុរសរូបនេះ ដែលកំពុងរស់នៅក្នុងក្រុង «Thurgoona» នៃរដ្ឋ «New South Wales» ប្រទេសអូស្ត្រាលី បានថ្លែងប្រាប់សារព័ត៌មានថា៖ «ខ្ញុំមើលឃើញអ្វីមួយ ដូចជារង្គើៗ នៅពេលដែលខ្ញុំចេញពីរោងជាង ក្នុងសួនច្បារ នៅខាងក្រោយផ្ទះ។ នៅពេលខ្ញុំទៅមើលជិត ខ្ញុំភ្ញាក់ព្រើត៖ ចុមយក្ស ស្អីគេអញ្ចេះ? ខ្ញុំបានប្រមូលអារម្មណ៍ឡើងវិញ ហើយបានចូលទៅក្នុងផ្ទះ ទាញយកម៉ាស៊ីនថតរូបចេញមក។»
ប្រសិនបើសត្វតុកកែដ៏ធំ ឬ«បង្គួយយក្ស»ប្រភេទនេះ សម្បូរនៅក្នុងតំបន់ក៏ពិតមែន តែជាទូទៅពួកវា តែងតែរស់នៅ ក្នុងព្រៃស៊ុបទ្រុប និងមិនចូលចិត្តមនុស្ស នៅក្បែរវាទេ។ សត្វនេះត្រូវបានចាត់ទុក ថាមានគ្រោះថ្នាក់ ដោយសារវាមានធ្មេញធំៗ និងក្រចកមុតស្រួច ដែលអាចខាំមនុស្ស ឲ្យមានរបួសខ្លាំងក្លាបាន។
លោក អេរិច ហូឡង់ បាននិយាយទៀតថា លោកមិនបានឃើញ សត្វបង្គួយធំរបៀបនេះ ចូលមកក្នុងបរិវេណលំនៅដ្ឋានលោក តាំងពីយូរមកហើយ។ បើតាមការិយាល័យបរិស្ថាន និងបេតិកភ័ណ្ឌ របស់ប្រទេសអូស្ត្រាលី បានបញ្ជាក់ថា «តុកកែ ឬបង្គួយយក្ស» ប្រភេទនេះ នៅអូស្ត្រាលីមានឈ្មោះ ជាភាសាអង់គ្លេសថា «Goanna»។ វាអាចមានបណ្ដាោយ ប្រវែងរហូតដល់ទៅ២ម៉ែត្រ និងមានទំងន់ រហូតដល់ទៅ២០គីឡូក្រាម៕