បារាំងទំនងជាអស់គ្រាប់បែក ទម្លាក់លើក្រុមរដ្ឋអ៊ីស្លាមហើយ!
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៦ ធ្នូ២០១៥
- កែប្រែចុងក្រោយ: December 07, 2015
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពីរថ្ងៃ បន្ទាប់ពីភេរវកម្មវាយប្រហារ កណ្ដាលរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងមក គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា ប្រទេសបារាំងបានបើកការវាយប្រហារ តាមផ្លូវអាកាសយ៉ាងសន្ធាប់ ទៅលើទីតាំងនានា នៃក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ជាពិសេសនៅក្នុងទីក្រុង រ៉ាកា (Raqqa) ដែលជាបញ្ជាការដ្ឋាន របស់ក្រុមភេរវជន។ នៅក្នុងរយៈពេល៣ថ្ងៃ យន្ដហោះប្រមាញ់១០គ្រឿង របស់បារាំង បានទម្លាក់គ្រាប់បែក ច្រើនជាង៦០គ្រាប់ទៅលើទីនោះ។
ទម្លាក់គ្រាប់បែករាល់ថ្ងៃ
អ្នកជំនាញខាងកងទ័ពអាកាសម្នាក់ បានថ្លែងប្រាប់សារព័ត៌មាន ដែលចេញផ្សាយប្រចាំថ្ងៃមួយនេះថា៖ «យើងបានវាយប្រហារ នៅពេលនេះ មានចំនួនច្រើនជាង ក្នុងប្រទេសលីប៊ី កាលពីឆ្នាំ២០១១»។
ការចូលរួមរបស់បារាំង ក្នុងការទម្លាក់គ្រាប់បែក ជាមួយនឹងក្រុមសម្ព័ន្ធមិត្តអន្តរជាតិ ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម បានកើនឡើងបន្ថែមទៀត នៅក្នុងរយៈពេល១០ថ្ងៃចុងក្រោយ ដោយសារនាវាចម្បាំងបារាំង «Charles-De-Gaulle» ដែលមានផ្ទុកយន្ដហោះ បានបញ្ជូនយន្ដហោះជាច្រើន ទៅដល់ឆកសមុទ្រនៃប្រទេសស៊ីរី ដើម្បីពង្រឹងកម្លាំង នៃការវាយប្រហារនោះទៀត។ ចំនួនយន្ដហោះប្រដេញ បានកើនឡើងដល់ទៅជាងបីដង គឺពី១២គ្រឿង ទៅដល់៣៨គ្រឿង។
សារព័ត៌មាន ឡឺម៉ុង បានរាយការណ៍ទៀតថា ការវាយប្រហាររបស់ប្រទេសបារាំង ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម បានធ្វើឡើងជារៀងរាល់ថ្ងៃ នៅក្នុងពេលនេះ។ តាំងពីជាងមួយឆ្នាំមកហើយ គ្រាប់បែកចំនួន៦៨០គ្រាប់ ត្រូវបានទម្លាក់ ប្រឆាំងនឹងក្រុមភេរវជនរដ្ឋអ៊ីស្លាម ដែលកាន់សាសនាអ៊ីស្លាមនិយមតឹង និងបានសម្លាប់យុទ្ធជន ស្ម័គ្រប្រយុទ្ធដើម្បីព្រះអាឡាហ៍ ប្រមាណជាង១០០០នាក់។
តួលេខខាងលើ មិនត្រូវបានអះអាងជាផ្លូវការ ដោយក្រសួងការពារជាតិ ឬកងទ័ពបារាំងនោះទេ។ តែកាលពីថ្ងៃទី៣ ខែធ្នូ របាយការណ៍ផ្លូវការមួយ បានបង្ហាញតុល្យភាពថា យន្ដហោះបារាំង ត្រូវបានបង្ហោះចេញ ចំនួន២៥០០ដង ធ្វើការវាយប្រហារ ៣២១ដង និងទីតាំងនៃចំណុចវាយប្រហារ ចំនួន៥៨០កន្លែង ត្រូវបានកំទេច៕