តើ​វាសនា​នៃកូនៗ របស់​អតីត​មេ​ដឹកនាំ​ផ្ដាច់ការ​លីប៊ី ក្លាយ​ជា​អ្វី?

ជាប់ពន្ធនាគារ រងបណ្ដឹងនៅតុលាការ ភៀសខ្លួន ឬត្រូវបានសម្លាប់... ទាំងនេះសុទ្ធសឹង ជាវាសនា​របស់​កូន​ទាំង​ដប់ (កូនបង្កើត៨នាក់ កូនចិញ្ចឹម២នាក់) របស់លោក កាដាហ្វី បន្ទាប់ពីអតីតមេដឹកនាំផ្ដាច់ការ នៃ​ប្រទេស​លីប៊ី​មួយ​នេះ ត្រូវ​បាន​បណ្ដេញចេញពីអំណាច និងត្រូវបានសម្លាប់ ដោយក្រុមអ្នកបះបោរ ក្នុង​ឆ្នាំ​២០១១។ ទស្សនវដ្ដី​មនោរម្យ.អាំងហ្វូ សូម​រៀប​រាប់​ជូនប្រិយមិត្តអ្នកអាន ពីវាសនារបស់ពួកគេទាំងនេះ នៅក្នុង​អត្ថបទ​ដូច​ខាង​ក្រោម។
Loading...
  • ដោយ: ដ. កែវ អត្ថបទ - ស្រាវជ្រាវ៖ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១១ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 12, 2015
  • ប្រធានបទ: ស្រវជ្រាវ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បងប្អួនត្រកូល កាដាហ្វី ដែលជាកូនរបស់លោក មូអាម៉ារ កាដាហ្វី (Mouammar Kadhafi) អតីត​មេ​ដឹកនាំ​ផ្ដាច់ការ របស់ប្រទេសលីប៊ី មានឈ្មោះ «Mohamed» «Saïf al-Islam» «Saadi» «Mouatassim» «Hannibal» «Saïf Al-Arab» «Khamis» និង«Milad (កូនប្រុសចិញ្ចឹម)»។ កូនស្រីបង្កើត​តែ​មួយ​គត់ របស់​លោក កាដាហ្វី មានឈ្មោះ «Aïcha»។

រីឯកូនស្រីចិញ្ចឹមម្នាក់ទៀត ឈ្មោះ «Hannah» ត្រូវបានរាយការណ៍ ថាបានស្លាប់ តាំងពីអាយុ១៥ខែ នាឆ្នាំ​១៩៨៦មកម្លេះ  នៅក្នុងការវាយប្រហារមួយ របស់កងទ័ពអាមេរិក។ សេចក្ដីរាយការណ៍​ផ្សេង​ទៀត បាន​អះអាង​ថា កូនស្រីឈ្មោះ «Hannah» នេះ កំពុងរស់រាន​មានជីវិតនៅឡើយ តែកូនស្រីរូបនេះ មិន​ចង់​ចេញ​ឈ្មោះ ជា​កូន​ចិញ្ចឹមរបស់លោក កាដាហ្វី ឡើយ។

ទាក់ទងនឹងចំណេះដឹងវិញ កូនៗរបស់លោក កាដាហ្វី ភាគច្រើនសុទ្ធសឹង ទទួលបានការរៀនសូត្រជ្រៅជ្រះ។ កូនៗមួយចំនួន បានចូលរៀន នៅសាលាជាន់ខ្ពស់ល្បីៗ នៅប្រទេសលោកខាងលិច ដូចជាលោក «Saïf al-Islam» រៀននៅ London School of Economics, អ្នកស្រី «Aïcha» រៀននៅសាលា University Paris-Dauphine និងលោក «Seïf Al-Arab» រៀននៅសាលាវិស្វកម្មជាន់ខ្ពស់ ក្នុង​ប្រទេស​អាល្លឺម៉ង់​ជា​ដើម។

បើទោះជាមានកូនៗមួយចំនួន បានដើរតាមផ្លូវដែលកាប់ឆ្ការ ដោយឪពុករបស់ខ្លួនក៏ដោយ ប៉ុន្តែកូន​របស់​លោក កាដាហ្វី មួយចំនួនទៀត មិនបានចូលរួម ឬបង្កើតការខ្នក់ចិត្ត ដល់ប្រជាជនលីប៊ីនោះទេ។ រីឯកូនៗ​ខ្លះ​ទៀត បែរជាសម្ងំរស់នៅ យ៉ាងអាថ៌កំបាំង មិនសូវចេញមុខអ្វីឡើយ។ យ៉ាងណាក៏ដោយ ក៏នៅក្នុងបដិវត្ត​«ផ្កា​រីក» ឆ្នាំ២០១១ កូនចៅក្រុមគ្រួសាររបស់លោក កាដាហ្វី សុទ្ធតែត្រូវរងគ្រោះ តិចឬច្រើន ពីសំណាក់​ការខឹង​សម្បា​របស់​ពលរដ្ឋ​លីប៊ី​។ បន្ទាប់​ពី​លោក កាដាហ្វី ត្រូវបានសម្លាប់ នៅថ្ងៃទី២០ ខែតុលានោះ កូនៗ​មួយ​ចំនួន របស់​អតីតបុរសមានអំណាច ខ្លះ​ត្រូវបានសម្លាប់ ខ្លះត្រូវបានចាប់ខ្លួន និងខ្លះទៀត ត្រូវបានក្រុម​អ្នក​ធ្វើ​បដិវត្តន៍ ដេញតាមប្រមាញ់ មិនត្រឹមតែ​នៅ​ក្នុងប្រទេសទេ តែនៅគ្រប់ទីកន្លែងទាំងអស់ ក្នុងពិភពលោក។

កូនលោក កាដាហ្វី ដែលបានស្លាប់នៅក្នុងបដិវត្ត«ផ្ការីក» មាន៖

  • លោក «Mouatassim» ត្រូវបានរកឃើញស្លាប់ នៅថ្ងៃតែមួយ នៃមរណភាពរបស់ឪពុកខ្លួន។
  • លោក «Saïf Al-Arab» ត្រូវបានប្រភពជាច្រើន និយាយថា បានស្លាប់នៅក្នុងការវាយប្រហារមួយ របស់​អង្គការ​អូតង់ (OTAN ឬ NATO) ក្នុងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១១។
  • លោក «Khamis» ត្រូវបានប្រកាសថា ទំនងជាស្លាប់ នៅចុងខែសីហា ឆ្នាំ២០១១ និងត្រូវបានបញ្ជាក់​បន្ថែម​ទៀត នៅពេលក្រោយមក ថាលោកពិតជាស្លាប់មែន។

ក្រៅពីនេះ កូនផ្សេងទៀតនៅរស់ទាំងអស់ តែកូនពីរនាក់កំពុងជាប់ពន្ធនាគារ នៅក្នុងប្រទេសលីប៊ី និង​​ប៉ុន្មាន​ផ្សេង​ទៀត កំពុងរស់នៅភៀសខ្លួន នៅក្រៅប្រទេស។ លោក «Mohammed» និងអ្នកស្រី «Aicha» កំពុង​រស់នៅ​ភៀសខ្លួន ជាមួយនឹងសិទ្ធិ​ជ្រកកោននយោបាយ នៅក្នុងប្រទេសអាល់ហ្សេរី។ ចំពោះ​កូន​ប្រុស​ចិញ្ចឹម លោក «Milad» បានបាត់ដំណឹង សូន្យឈឹងតែម្ដង។

កូនប្រុសពីរនាក់ ដែលជាប់ពន្ធនាគារ៖

លោក «Saïf al-Islam» ដែលជាប់ឈ្មោះ ជាអ្នកបន្តវេនពីឪពុក នៅមុនបដិវត្តន៍កើតឡើងនោះ ត្រូវ​បាន​ឃាត់​ខ្លួន ដោយកងសេនាជនប្រចាំតំបន់ នៅខែវិច្ឆិកា ឆ្នាំ២០១១ ពីក្រុង«Zentan» ស្ថិតនៅភាគពាយ័ព្យ នៃ​ប្រទេស​លីប៊ី។ លោកត្រូវបានតុលាការ ផ្ដន្ទាទោសប្រហារជីវិត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ពីបទ​ចោទ​ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ។ គេនៅមិនទាន់ដឹងថា តើការប្រហារជីវិតលោក «Saïf al-Islam» នឹងត្រូវធ្វើ​នៅ​ពេលណានោះទេ។

ចំណែកឯលោក «Saadi» ដែលជាអតីតកីឡាករបាល់ ទាត់មួយរូបនោះ សព្វថ្ងៃកំពុងជាប់ឃុំ នៅក្នុង​ពន្ធនាគារ​នៃរដ្ឋធានី ទ្រីប៉ូលី ហើយទើបនឹងត្រូវបានតុលាការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ អស់មួយជីវិត កាល​​ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥នេះ។ នៅក្រោយការដួលរំលំ នៃរបបឪពុករបស់លោក លោក «Saadi» បាន​រត់​ភៀស​ខ្លួន ទៅ​កាន់​ប្រទេសនីហ្សេ ដែលជាប់ព្រំដែននឹងប្រទេសលីប៊ី ហើយបានសុំសិទ្ធិ​«ជ្រកកោន​នយោបាយ» ​នៅ​ទី​នោះ។ ក្រោមការកៀបសង្កត់ ពីសហគមន៍អន្តរជាតិ ប្រទេសនីហ្សេបានសម្រេច​នៅ​ទី​បំផុត ប្រគល់​លោក «Saadi» ទៅ​ឲ្យ​រដ្ឋាភិបាល​ថ្មី​នៃប្រទេសលីប៊ី នៅឆ្នាំ២០១៤។

ករណីចុងក្រោយ ដែលទើបនឹងកើតឡើង នៅថ្ងៃសុក្រកន្លងមកនេះ គឺលោក «Hannibal» កូនប្រុស​ម្នាក់​ទៀត របស់អតីតមេដឹកនាំផ្ដាច់ការ ដែលកំពុងរស់នៅភៀសខ្លួន ក្នុងប្រទេសលីបង់ (ប្រទេស​ប្រពន្ធលោក) ត្រូវ​​បាន​ក្រុមជនប្រដាប់អាវុធមួយ នាំខ្លួនយកទៅឃុំខ្លួន អស់ប៉ុន្មានម៉ោង មុននឹងដោះលែងមក​វិញ នៅ​ពេល​យប់​​ថ្ងៃ​ដដែល។ ការចាប់ខ្លួនមួយរយៈខ្លីនោះ មិនត្រូវបានពន្យល់ឲ្យដឹង ពីមូលហេតុថាជាអ្វីនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...