ហ៊ុន សែន ឲ្យ សម រង្ស៊ី ពន្យល់ពាក្យ «លោកដូចកាដាហ្វី»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៣ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 26, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្លែងក្នុងពិធីបិទសន្និបាត ស្តីពី ការប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ លោកនាយករដ្ឋមន្រ្តី បានប្រើពាក្យធ្ងន់ៗ សំដៅទៅលើប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងជម្រុញឲ្យមេដឹកនាំ គណបក្សប្រឆាំងនេះ ធ្វើការបកស្រាយ ឲ្យបានច្បាស់នូវពាក្យ ប្រដូចលោក (ហ៊ុន សែន) ទៅនឹងមេដឹកនាំផ្ដាច់ការ ការដាហ្វី របស់ប្រទេសលីប៊ី។
ការថ្លែងខ្លាំងៗជាសាធារណៈ របស់លោក ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីកាសែតបារាំងមួយឈ្មោះថា លីបេរ៉ាស្យុង (Libération) បានចុះផ្សាយកិច្ចសម្ភាស ដ៏លំអិតមួយ ជាមួយលោក សម រង្ស៊ី ដែលមានលើកឡើង នូវសម្ដីមួយម៉ាត់ថា៖ «លោក ហ៊ុន សែន ភ័យខ្លាចនឹងការទទួលវាសនា ដូចលោក កាដាហ្វី (Hun Sen a la hantise de connaître le même sort que celui de Kadhafi)»។
លោក ហ៊ុន សែន បានថ្លែងបង្ខំឲ្យលោក សម រង្ស៊ី ធ្វើការបកស្រាយជាបន្ទាន់ នូវពាក្យប្រដូចខាងលើនោះ។ លោកថា បើមិនដូច្នេះទេ អ្វីដែលលោក សម រង្ស៊ី រំពឹងថាបាននោះ មុខជាមិនបានឡើយ ព្រោះ (សម រង្ស៊ី) មិនមែនជាដៃគូសន្ទនា ដ៏ស្មោះត្រង់នោះឡើយ ហើយវប្បធម៌សន្ទានា ក៏នឹងត្រូវបញ្ចប់ ជាមួយរូបលោកដែរ។
មិនត្រឹមតែប៉ុណ្ណឹង លោកនាយករដ្ឋមន្រ្តី នៅឲ្យលោក សម រង្ស៊ី បកស្រាយលើពាក្យមួយ មុនលោកចូលសភា ដែលបានលើកឡើងថា ដើម្បីចាប់ចោរ ត្រូវចូលឲ្យកៀក នឹងមេចោរនោះ។ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «អ្នកឯង ត្រូវមានការបកស្រាយមួយសមស្រប ដើម្បីធានាកិត្តិយសខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ អត់មាននិយាយលេងសើចទេ។ អត់មានលេងសើចទេ ន័យយ៉ាងម៉េចដែលថា “ដើម្បីចាប់ចោរបាន ទាល់តែចូលកៀក នឹងមេចោរ”។ ន័យនេះយ៉ាងម៉េច? និយាយឲ្យច្បាស់មក។ (...) ទាល់តែចូលសភា ទើបចាប់មេចោរបាន។ អញ្ចឹងអ្នកឯង គ្មានភាពស្មោះត្រង់ណាមួយនោះទេ។ (...) គ្មានការបកស្រាយណាមួយទេ គឺអ្វីដែលអ្នកឯងចង់បាន គឺ “អត់”។ ម៉ោងនេះហើយ គ្មានសល់អ្វី សន្លឹកបៀរ“អាត់”ណាមួយ ដើម្បីតថ្លៃនោះទេ គឺអស់ហើយ។»
ប្រតិកម្មនឹងការលើកឡើង របស់លោកនាយករដ្ឋមន្ត្រីខាងលើ មន្ត្រីជាន់ខ្ពស់មួយរូប នៃនាំគណបក្សសង្គ្រោះជាតិ ដែលផ្ដល់កិច្ចសម្ភាស ដោយសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា លោក ហ៊ុន សែន ក៏ធ្លាប់ប្រើពាក្យ មេចោរ ឬកូនចោរ ទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិ និងសកម្មជនរបស់គណបក្សនេះដែរ។ មន្ត្រីរូបនេះ បានបន្តថា កាលនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅ លោក សម រង្ស៊ី ជា«មេចោរ» និងមន្ត្រី-សកម្មជន ជា«កូនចោរ» នៅបន្ទាប់ពីលោក សម រង្ស៊ី និយាយថា «ឈប់ចាក់ក្រឡេករដ្ឋាភិបាលហើយ»នោះ។ សំនួរសួរទៅវិញថា តើមកទល់ពេលនេះ លោកនាយករដ្ឋមន្ត្រី បានធ្វើការបកស្រាយ ហើយឬនៅ?
» សូមអានអត្ថបទបន្ថែម ដោយចុចនៅលើទីនេះ។
សូមរំលឹកឡើងវិញថា ការលើកឡើង ទាក់ទងនឹងមេដឹកនាំផ្ដាច់ការ នៃប្រទេសលីប៊ី ជាចម្លើយដែលត្រូវលោក សម រង្សី ឆ្លើយទៅនឹងសំណួរ របស់អ្នកសារព័ត៌មានបារាំង ដែលសួរថា៖ «ជាមួយនឹងការផ្ដន្ទាទោស ទៅលើសកម្មជននយោបាយ មកពីបក្សប្រឆាំងទាំង១១នាក់ តើ"វប្បធម៌"សន្ទនានឹងត្រូវស្លាប់ឬ»? លោក សម រង្ស៊ី បានឆ្លើយ (ដូចដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបកប្រែចម្លើយក្រៅផ្លូវការនេះ) ថា៖ «ទេ។ ដំណើរការនៃការបោះឆ្នោត នៅបន្តរៀបចំ ជាមួយការចុះឈ្មោះនៃអ្នកបោះឆ្នោត និងការរៀបចំ បញ្ជីឈ្មោះបោះឆ្នោតថ្មីមួយ។ យើងមានការអត់ធ្មត់ ព្រោះយើងជឿជាក់ ទៅលើអ្វីដែលកើតឡើង នៅពេលអនាគត។ (...) វប្បធម៌សន្ទនា មានរូបរាងនៅពេលនេះ ក៏ដើម្បីជាការធានា សម្រាប់ក្រុម ឬបក្សមួយទៀតដែរ។ ប្រសិនជាគណបក្សប្រឆាំង ឡើងកាន់អំណាចនោះ របបលោក ហ៊ុន សែន បារម្ភពីការប្រមាញ់ - ពីការកំចាត់ - ពីការរៀបចំនីតិវិធីច្បាប់ តាមចាប់ចង ព្រោះរបបនេះ បានប្រព្រឹត្តិ នូវឧក្រិដ្ឋកម្មជាច្រើន។ លោក ហ៊ុន សែន ភ័យខ្លាចនឹងការទទួលវាសនា ដូចលោក កាដាហ្វី។ លោកមិនចង់បាន ការសងសឹកនោះទេ។ លោកចង់ឲ្យកូនចៅជំនាន់ក្រោយ ទាំងសងខាង អាចធ្វើការជាមួយគ្នា។ យើងរៀបចំគម្រោង សម្រាប់ថ្ងៃអនាគត។ (...) គេត្រូវបង្កើត នូវការធានាដ៏ពិតប្រាកដ ដើម្បីឲ្យការផ្លាស់ប្ដូរអំណាច អាចធ្វើទៅបាន ដោយគ្មានអំពើហិង្សា។»។