នៅភ្នំដិល រៀបរបងថ្មបិទផ្ទះពលរដ្ឋ ព្រោះអាងអំណាច?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៦ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 26, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានផ្ទះ មានដី បែរជាត្រូវគេធ្វើជញ្ជាំងរបង បិតមិនឲ្យចេញចូលរួច។ ករណីនេះ ត្រូវបានពលរដ្ឋដែលរងការប៉ះពាល់ បរិហារពីការប្រើប្រាស់អំណាច របស់ជនមួយចំនួន ដើម្បីធ្វើការរំលោភបំពាន ទៅលើសិទ្ធិពលរដ្ឋ និងដីសមូហភាព។ តែសម្រាប់អាជ្ញាធរមូលដ្ឋានវិញ បានពន្យល់ថា មិនមែនគ្មានភ្លើង ហើយមានផ្សែងនោះទេ។ រឿងរ៉ាវបានកើតឡើង នៅក្នុងផ្សារភ្នំដិល ភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម តាំងពីច្រើនខែមកហើយ តែរហូតមកដល់ថ្ងៃនេះ គេមិនទាន់ឃើញ មានដំណោះស្រាយអ្វីនៅឡើយ។
លោក ម៉ុត សៀងហៃ ដែលត្រូវជាកូនប្រុសម្ចាស់ផ្ទះ ដែលរងការប៉ះពាល់នេះ បានអះអាងថា ក្រុមគ្រួសារលោក ត្រូវបានសមាជិកក្រុមប្រឹក្សាស្រុក បាធាយ ម្នាក់ឈ្មោះ គង់ ណន អាងអំណាចជា«ជីតា» របស់អភិបាលស្រុកបាធាយ មកធ្វើរបងថ្ម លើដីផ្សារភ្នំឌិល (ដីសមូហភាព) ហើយបានបិទច្រកចេញ-ចូលផ្ទះ បើកជាហាងលក់គុយទាវ របស់គ្រួសារលោក ស្ថិតនៅចុងឬក្រោយ ផ្សារភ្នំដិល។
ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក សៀងហៃ បានឲ្យដឹងថា ក្នុងចំណោមផ្ទះចុងផ្សារជាច្រើននោះ មិនត្រូវបានលោក គង់ ណន ធ្វើរបង ឬជញ្ជាំងបិទទេ តែផ្ទុយមកវិញ លោក គង់ ណន បានបិទតែហាងលក់គុយទាវ របស់ឪពុកម្តាយលោក តែមួយប៉ុណ្ណោះ (ខណផ្ទះថ្មធំ និងផ្ទះជិតនោះមួយចំនួនទៀត នៅក្បែរផ្ទះរបស់លោក មិនត្រូវបានបិទឡើយ)។ លោក ម៉ុត សៀងហៃ បានរៀបរាប់ទៀតថា មុននឹងកណីនេះកើតឡើង លោក គង់ ណន បានដើរផ្តិតមេដៃ ពីពលរដ្ឋផ្សេងទៀត ក្រោមហេតុផលថា ស្នើរដាក់អំពូលភ្លើងបំភ្លឺ។ លុះក្រោយមក ក៏ស្រាប់តែយកស្នាមមេដៃ ដែលភាគច្រើន ជាកូនក្មួយរបស់ខ្លួន ជាង៣០នាក់នោះ មកសំអាងថា គាំទ្រឲ្យធ្វើរបងបិទច្រកចូលផ្ទះលោកតែម្តង។
ម្ដាយឪពុករបស់លោក សៀងហៃ គឺអ្នកស្រី អួង សុខុម អាយុ៥០ឆ្នាំ ជាអ្នកលក់គូយទាវក្នុងហាងនេះ និងលោក ឈឹម សៀងហុង អាយុ៦៥ឆ្នាំ ជាប្ដី ហើយកំពុងមានជំងឺលើសឈាម ប្រចាំកាយផង។ លោក សៀងហៃ បានបន្តទៀតថា លោក គង់ ណន សមាជិកក្រុមប្រឹក្សា បញ្ជាឲ្យកូនក្មួយរបស់ខ្លួន រៀបរបងបិទច្រកចេញ-ចូល នៅថ្ងៃទី៦ ខែសីហា ហើយបានរំកិលរោង និងពាងទឹក មកដាក់ពាំង នៅថ្ងៃទី១៧ ខែសីហាបន្ថែមទៀត ធ្វើឲ្យក្រុមគ្រួសារលោក កាន់តែពិបាក ក្នុងការចេញចូលខ្លាំងឡើង។
រហូតមកដល់ថ្ងៃទី២៦ ខែកញ្ញា ដំណោះស្រាយចំពោះវិវាតនេះ នៅមិនទាន់មានពន្លឺនៅឡើយ បើទោះជាគ្រួសារពលរដ្ឋ ដែលរងការប៉ះពាល់ខាងលើ បានស្វែងរកកិច្ចអន្តរាគមន៍ ពីអាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ក៏ដោយ។ លោក ម៉ុត សៀងហៃ បានបរិហារទៀតថា អាជ្ញាធរទាំងថ្នាក់ឃុំ និងថ្នាក់ស្រុក គឺសុទ្ធតែឃុបឃិត និងត្រូវគ្នា ដូចប៉ី និងទ្រ។
លោក កុយ ណន មេឃុំតាំក្រាំង ស្រុកបាធាយ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទទួលស្គាល់ថា ការបិទររបងថ្ម ដែលធ្វើឡើងដោយលោក គង់ ណន នោះពិតជា«មិនត្រឹមត្រូវឡើយ» ប៉ុន្តែទាំងនេះ សុទ្ធតែមានមូលហេតុរបស់វា។ លោកបានធ្វើការរំលឹកថា ដើមឡើយផ្ទះនោះ មានសភាពតូចទេ តែក្រោយមក ស្រាប់តែធ្វើធំឡើងៗ ដោយមិនបានប្រាប់អាជ្ញាធរមូលដ្ខាន ឲ្យបានដឹង។ ចំពោះដំណោះស្រាយវិញ ត្រូវបានលោកមេឃុំអះអាងថា សំណុំរឿងបានឡើង ទៅដល់ថ្នាក់ស្រុក ហើយកំពុងធ្វើការសម្របសម្រួល។
គេនៅមិនទាន់ដឹងថា តើការសង់ហាងគុយទាវ ជាការកាប់កាប់ដីធ្លី ធ្វើអាជីវកម្ម ពីសំណាក់ពលរដ្ឋខាងលើ ដោយមានការអនុញ្ញាត ឬយ៉ាងណាទេ។ ទាក់ទងនឹងករណីនេះ លោក ម៉ុត សៀងហៃ បានរៀបរាប់ថា៖ «នៅក្នុងផ្សារភ្នំដិលទាំងអស់ហ្នឹង ដីនៅទីនោះ មិនមែនជាដីរបស់បុគ្គលណាមួយ ឬមានកម្មសិទ្ធិផ្ទាល់ខ្លួន ជាអចលនៈទ្រព្យអ្វីឡើយ។ ជាដីរបស់រដ្ឋទាំងអស់ ប្រជាពលរដ្ឋរស់នៅទីនោះ តាមបែបវប្បធម៌ និងប្របៃណី ក្នុងការសាងសង់រោង និងផ្ទះជុំវិញផ្សារ។» លោក សៀងហៃ បានចាត់ទុកថា នេះ ជាការរំលោភបំពានសិទ្ធិពលរដ្ឋ និងដីសមូហភាព យ៉ាងពិតប្រាកដ។
លោក ឡោ ចាន់លី អភិបាលស្រុកបាធាយ ដែលត្រូវជា«ចៅ» របស់លោក គង់ ណន់ មិនអាចភ្ជាប់ទំនាក់ទំនង ដើម្បីសុំការបកស្រាយបានទេ ក្នុងថ្ងៃនេះ។ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក៏មិនអាចសុំការបញ្ជាក់ ពីលោក គង់ ណន សមាជិកក្រុមប្រឹក្សាស្រុកបាធាយ ចំពោះការចោទប្រកាន់ខាងលើនេះ បានដែរ។
បើតាមការអះអាង របស់លោក កុយ ណន មេឃុំតាំក្រាំងដដែល បានលើកឡើងថា ខាងស្រុកបានធ្វើការសម្របសម្រួល ចំនួនពីរលើកហើយ។ ដើមឡើយ ខាងលោក ឈឹម សៀងហុង មិនព្រមទេ។ លុះលើកទីពីរ លោក ឈឹម សៀងហុង ព្រម តែលោក គង់ ណន មិនព្រមវិញម្តង។ លោកមេឃុំ បានបន្តថា បើភាគីមិនត្រូវគ្នាទេ ករណីនេះនឹងបញ្ជូនទៅកាន់លោក លន់ លឹមថៃ អភិបាលខេត្ដកំពង់ចាម ដើម្បីដោះស្រាយបន្ត៕