ហ៊ុន សែន បញ្ជា ស៊ុយ សែម ឲ្យ​រក្សា​រ៉ែ​«ទីតាញ៉ូម»​ដើម្បី​ព្រៃឈើ

«ឯកឧត្តម ស៊ុយ សែម យើងអត់មានធ្វើទេណា អារឿងបញ្ហាអា “ទីតាញ៉ូម” ថានៅក្រោម ដើម្បីយកអា២២​ពាន់លាន (ដុល្លារ) បានពីអាទីតាញ៉ូមហ្នឹង ត្រូវកាប់ព្រៃនៅខាងលើ អស់មិនចេះតិចទេណា។» នេះជាការធានាមួយ​ជាថ្មីទៀត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងរឿង «រ៉ែទីតាញ៉ូម» នៅតំបន់រមណីយដ្ឋានជីផាត ខេត្តកោះកុង។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៣ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 26, 2015
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីការពារបរិដ្ឋានទឹកសមុទ្រ ខេត្តកោះកុង ឲ្យនៅខៀវស្រងាត់នោះ ត្រូវតែគ្មានការកាប់បំផ្លាញ​ឈើ​ខាង​លើ ដែលធ្វើក្រោមហេតុផល ជីកកកាយ យករ៉ែទីតាញ៉ូមនោះ។ នេះជាបទបញ្ជាដោយផ្ទាល់មាត់ របស់​លោក ហ៊ុន សែន ទៅកាន់រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពលលោក ស៊ុយ សែម ទាក់ទងនឹងការថែរក្សាព្រៃឈើ ជៀស​ជាងការជីកយករ៉ែទីតាញ៉ូម ក្នុងខេត្តកោះកុង ដែលអាចទទួលបានចំណូល ដល់ទៅរាប់ពាន់លានដុល្លា។

ថ្លែងក្នុងពិធីបិទសន្និបាត ស្តីពីការប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤ នៅ​សណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពី​រសៀល​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា៖ «វាមែនទៅជាតំបន់ ទេសចរណ៍រមណីយដ្ឋាន ជីផាតទៀតទេណា។ (...) ទឹកហូរទៅហើយ ទឹក​សមុទ្រ នៅតំបន់ហ្នឹង មិនមែនទឹកសមុទ្រខៀវស្រងាត់ ដូចសព្វថ្ងៃនេះ ទៅជាទឹកសមុទ្រល្អក់តែម្តង។ អញ្ជឹង​ទេ... ទុកវាសិនទៅ អត់ទាន់ផ្អូមទេ។»។

ប៉ុន្តែការអះអាង របស់លោកនាយករដ្ឋមន្ត្រី ត្រូវបានមន្ត្រីជាន់ខ្ពស់ម្នាក់ ពីគណបក្សសង្គ្រោះជាតិ វាយតម្លៃថា ជាការសន្យា«ខ្យល់» ឬជាការធានា ឲ្យតែរួចពីមាត់ ដោយគ្មានវិធានការតឹងរឹង តាមរយៈការអនុវត្ត ដោយ​គ្មាន​ប្រសិទ្ធិភាព ដូចការសន្យាកន្លងមក ថានឹងមិនមាន ការកាប់បំផ្លាញព្រៃឈើជាដើម។ ផ្ដល់កិច្ចសម្ភាស​ឲ្យ​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដោយសុំមិនបញ្ចេញឈ្មោះ មន្រ្តីរូបនោះបានលើកជាឧទាហរណ៍ថា ដូចករណី​ព្រៃឈើជាដើម លោកនាយករដ្ឋមន្រ្តី ហ៊ានធានារហូតដល់«កាត់ក» បើបន្តនៅមាន ការកាប់បំផ្លាញព្រៃឈើ​នោះ។ តើលទ្ធផលឥឡូវយ៉ាងណា? ព្រៃឈើនៅតែបន្ត«កាប់» ស្ទើរអស់ ឯ«ក»លោកនាយករដ្ឋមន្រ្តី នៅតែ​បន្ត​«ជាប់»នឹងខ្លួនដដែរ។

យ៉ាងណា លោក ហ៊ុន សែន បានធានានិងអះអាង មិនឲ្យបងប្អូន ប្រជាពលរដ្ឋនៅតំបន់ជីផាតនោះ ថាកុំឲ្យ​ភ័យ និងព្រួយបារម្ភ ពីបញ្ហាកាប់ឈើ ជីករករ៉ែទីតាញ៉ូមនោះឲ្យសោះ។ នាយករដ្ឋមន្ត្រីបីទសវត្សន៍ បាន​អះអាង​ថា៖ «កុំព្រួយរឿងជីផាត ខ្ញុំមិនធ្វើឲ្យខូចទេ។ អាទីតាញ៉ូមតម្លៃ ប្រមាណជាង២២ពាន់លានដុល្លារ ខ្ញុំ​មិន​ឲ្យ​ធ្វើទេ ដើម្បីរក្សាទុកអាជីផាតហ្នឹង។»

មន្រ្តីគណបក្សប្រឆាំងដដែល បានប្រតិកម្មបន្តថា៖ «ដឹងថាមាន រ៉ែទីតាញ៉ូម ដែលមានតម្លៃ ជាង២២ពាន់​លានដុល្លាអាមេរិក តើបុគ្គលណាដែលខ្វាកមិនចង់បាន។ (...) មានវិធានការទប់ស្កាត់ មានរហូតដល់​ច្បាប់​ផង នៅមិនអាចការពារព្រៃឈើបាន ចុះទម្រាំវិធានការ ត្រឹមមាត់និយាយ របស់លោក ហ៊ុន សែន តើអាច​ឃាត់​ចិត្ត"លោភ” របស់បុគ្គល ដែលមានចេតនា ចង់បានប្រាក់ ជាង២២ពាន់លានដុល្លាអាមេរិក បានដែរឬ​ទេ? តើលើកនេះ លោកនាយករដ្ឋមន្រ្តីហ៊ានសន្យា ធានាដាក់អ្វីទៀត ក្រៅពីកាត់ក ចុះចេញពីតំណែង និង​ដើរ​ចូលពន្ធនាគារ ក្នុងរឿងផែនទី-ព្រំដែនជាដើមនោះ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...