ហ៊ុន សែន ចូលរួមប្រជុំនៅអ.ស.ប ទោះមានបាតុកម្មប្រឆាំងក្ដី
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៣ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 26, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទោះជាមានការព្រមាន ថានឹងមានបាតុកម្មប្រឆាំងវត្តមានលោកក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែអះអាងថា លោកនឹងទៅចូលរួម ក្នុងអង្គប្រជុំ នៃអង្គការសហប្រជាជាតិ ចាប់ផ្តើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥។ លោក ហ៊ុន សែន ថែមទាំងបានអះអាងទៀតថា «សន្ទរកថា»របស់លោក ដែលត្រូវថ្លែងនៅទីនោះ នឹងលើកឡើង ពីការកំចាត់គ្រាប់មីន ដោយខុសពីគោលបំណងដើម របស់អង្គប្រជុំ ដែលលើកឡើង ពីការត្រួតពិនិត្យ ការអភិវឌ្ឍន៍សហវត្សរ៍ និងគោលដៅអភិវឌ្ឍន៍ ដោយចិរភាពឆ្នាំ២០៣០។
នាពិធីបិទសន្និបាត ស្តីពី ការប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញានេះ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា៖ «មេដឹកនាំពិភពលោក នឹងនាំគ្នាប្រជុំនៅអង្គការសហប្រជាជាតិ នៅបុរីញូវយ៉កទាំងអស់។ (...) កិច្ចប្រជុំអង្គការសហប្រជាជាតិ ដែលមានមេដឹកនាំពិភពលោក គោលបំណងដើម្បីត្រួតពិនិត្យការអភិវឌ្ឍន៍សហវត្សរ៍ និងដាក់ចេញ នូវគោលដៅអភិវឌ្ឍន៍ ដោយចិរភាពឆ្នាំ២០៣០ ដែលមានដល់១៧ ចំណុច។ (...) តែគ្មានគោលដៅកំចាត់គ្រាប់មីន (...) ក្នុងសន្ទរកថារបស់ខ្ញុំ ទោះបីជាគេមិនដាក់ ក៏ខ្ញុំត្រូវតែដាក់ដែរ ព្រោះអាហ្នឹងត្រូវដោះមីន។»
យោងតាមគេហទំព័រ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចាកចេញ ពីកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញានោះ នឹងថ្លែងសុន្ទរកថានាថ្ងៃទី២៦ ខែកញ្ញា ក្នុងកិច្ចប្រជុំកំពូល អង្គការសហប្រជាជាតិ សម្រាប់អនុម័តរបៀបរវារៈ អភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥។ លុះថ្ងៃទីថ្ងៃទី២៧ ខែកញ្ញា លោកនាយករដ្ឋមន្រ្តី នឹងចូលរួមកិច្ចប្រជុំ ប្រមុខដឹកនាំពិភពលោក ស្តីពី សមភាពយេនឌ័រ និងការលើកកម្ពស់ស្ត្រី និងបន្តថ្លែងសុន្ទរកថាជាថ្មី។ ចុងបញ្ចប់លោក នឹងជួបជាមួយប្រជាពលរដ្ឋកម្ពុជា រស់នៅអាមេរិក មុននឹងចាកចេញមកកម្ពុជាវិញ។
គេហទំព័រគណបក្សប្រជាជនកម្ពុជា បានសរសេរទៀតថា៖ «សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមេដឹកនាំពិភពលោក ចំនួន ១៥០ប្រទេស គ្រោងនឹងជួបជុំគ្នា ក្នុងកិច្ចប្រជុំកំពូល ៣ថ្ងៃ នៅទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិ នៃបុរីញូយ៉កសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ ។ (...) នៅក្នុងកិច្ចប្រជុំកំពូលនោះ សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងថ្លែងសុន្ទរកថាចំនួន២ គឺនៅថ្ងៃទី២៦ កញ្ញា និងថ្ងៃទី២៧ កញ្ញា ជាបន្តបន្ទាប់ ។ (...) សម្តេចតេជោ សែន ក្នុងដំណើរស្នាក់នៅ ក្នុងបុរីញូយ៉កនៅចុងសប្តាហ៍នេះ សម្តេចគ្រោងនឹងជួបសំណេះសំណាលជាមួយនឹង ប្រជាពលរដ្ឋខ្មែរ មកពីគ្រប់ទិសទីកន្លែងទាំងអស់ ក្នុងសហរដ្ឋអាមេរិក។»
ពលរដ្ឋខ្មែរ-អាមេរិកាំងមួយចំនួន បានប្រកាសពីគម្រោង របស់ពួកគេ ថានឹងធ្វើបាតុកម្មប្រឆាំងនឹងរូបលោក ហ៊ុន សែន នៅទីក្រុងញ៉ូយក ជាពិសេសបាតុកម្ម នៅមុខអាគារ របស់អង្គការសហប្រជាជាតិតែម្ដង។។ ពួកគេ បានចាត់ទុកលោក ហ៊ុន សែន ថាជាមេដឹកនាំ ដែលមិនគោពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដនៅកម្ពុជា។ ជាងនេះបាតុកម្ម របស់ពលរដ្ឋខ្មែរអាមេរិកកាំងទាំងនោះ នឹងធ្វើការទាមទារ ឲ្យរដ្ឋាភិបាលកម្ពុជា គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងធ្វើការរៀបចំ ឲ្យមានភាពត្រឹមត្រូវ ដោយសេរី និងយុត្តិធម៌ សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០១៨ខាងមុខ ដើម្បីបង្ហាញការផ្លាស់ប្តូរអំណាចមួយ ដោយសន្តិវិធី និងស្របច្បាប់។
តាមការប្រកាស របស់ក្រុមបាតុករ បានឲ្យដឹងថា បាតុកម្មនោះ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា មុខទីស្នាក់ការធំ របស់អង្គការសហប្រជាជាតិ ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីចាប់ពីម៉ោង ១០ និង ៣០ នាទី ព្រឹកដល់ម៉ោង ៣ រសៀល។ ពលរដ្ឋដែលចូលរួមធ្វើបាតុកម្មនោះ មានប្រមាណច្រើនជាង៥០០នាក់ មកពីរដ្ឋមួយចំនួន នឹងធ្វើបាតុកម្មទាមទារយុត្តិធម៌ សម្រាប់ពលរដ្ឋខ្មែរ នៅក្នុងប្រទេសកម្ពុជា ក្នុងឱកាសសម័យប្រជុំទី៧០ របស់អង្គការសហប្រជាជាតិ។ ពលរដ្ឋទាំងនោះ មកពីបណ្តារដ្ឋមួយចំនួន នៃសហរដ្ឋអាមេរិកដូចជា រដ្ឋវឺជីនៀ (Virginia), រដ្ឋម៉ារីឡែន (Maryland), រដ្ឋញូយ៉ក(New York), រដ្ឋម៉ីនីសូតា (Minnesota), រដ្ឋកាលីហ្វ័រញ៉ា (California), រដ្ឋនូហ្យឺហ្សី (New Jersey) និងរដ្ឋផេនស៊ីលវេនីញ៉ា (Pennsylvania) ជាដើម។
ចំពោះសំនួរថា នឹងមានការចូលរួម ពីសមាជិកគណបក្សសង្គ្រោះជាតិ ក្នុងបាតុកម្មនេះឬយ៉ាងណា ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចស្វែងរកការបញ្ជាក់ ឬការអះអាង ពីអ្នកនាំពាក្យគណបក្សប្រឆាំង បាននៅឡើយ។ តែសម្រាប់អ្នកនាំពាក្យរដ្ឋាភិបាល ក៏ដូចជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការធ្វើបាតុកម្ម ជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ៕