សម រង្ស៊ី៖ «បង្ហាញ​រូបថត​ខ្ញុំ​កាល​បួស​ជា​សង្ឃ តើ​មាន​ទោស​ឬ​ទេ?»

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះរូបថតប៉ុន្មានសន្លឹក កាលពីពេលដែលលោកបានកោរសក់ បួសជាព្រះសង្ឃ និងសួរឡើងថា បើបង្ហាញរូបថតលោកទាំងនេះ និងបើតាមច្បាប់ថ្មី «តើមានទោសឬទេ?»។
សម រង្ស៊ី៖ «បង្ហាញ​រូបថត​ខ្ញុំ​កាល​បួស​ជា​សង្ឃ តើ​មាន​ទោស​ឬ​ទេ?»
ភិក្ខុ សម រង្ស៊ី នៅពេលគ្រង់ស្បង់ ជាព្រះសង្ឃ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 30, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះច្បាប់កែថ្មី ស្ដីពីគណបក្សនយោបាយ ដែលទើបត្រូវបានសម្រេចអនុម័ត្រ ដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលមានសមាជិកភាគច្រើន ជាមន្ត្រីមាននិន្នាការស្និត នឹងគណបក្សប្រជាជនកម្ពុជានោះ លោក សម រង្ស៊ី ដែលគេគិតថា កំពុងរងសម្ពាធ ពីច្បាប់ថ្មីនេះ បានបន្តបង្ហោះរូបថតរបស់លោក ម្ដងហើយម្ដងទៀត ដើម្បីបញ្ឈឺទៅដល់អ្នកកែច្បាប់ ជាមួយនឹងសំនួរថា បើបង្ហាញរូបថតបែបនេះ ឬបែបនោះ តើអ្នកបង្ហាញ«មានទោសឬទេ?»។

នៅមុននេះបន្តិច មេដឹកនាំប្រឆាំងរូបនេះ បានបង្ហោះ​នៅលើទំព័រ​ហ្វេសប៊ុករបស់លោក នូវ​រូបថតប៉ុន្មានសន្លឹក កាលពីពេលលោកបានកោរសក់ បួសជាព្រះសង្ឃ និងសរសេរអម​ មានសេចក្ដីដើមទាំងស្រុងថា៖ «តាមច្បាប់ [ដែល]គេចេញថ្មី បើបង្ហាញរូបថតខ្ញុំ កាលបួសជាព្រះសង្ឃ តើមានទោសឬទេ?»។

កាលពីយប់ម្សិលម៉ិញ លោក សម រង្ស៊ី ក៏បានបង្ហោះរូបថតមួយសន្លឹកដែរ ដែលលោកបានថត ជាមួយមន្ត្រី និងថ្នាក់ដឹកនាំច្រើននាក់ ជាពិសេសជាមួយលោក ហ៊ុន សែន - លោក ស ខេង និងលោក សាយ ឈុំ។ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបង្ខំចិត្តលាលែង ពីតំណែងជាប្រធានគណបក្ស ព្រោះច្បាប់ដដែល ដែលត្រូវបានកែម្ដងហើយ កាលពីដើមឆ្នាំនេះនោះ បានសរសេរបញ្ឈឺ ដាក់អ្នកកែច្បាប់ ជាមួយនឹងរូបថតនេះថា៖ 

«ចាប់ពីសប្តាហ៍ក្រោយទៅ ដោយសារតែច្បាប់ចេញថ្មី នរណាហ៊ានបង្ហាញរូបខ្ញុំជាមួយលោក កឹម សុខា នឹងមានទោស។ តែបើបង្ហាញរូបខ្ញុំជាមួយជន ៣ នាក់ (សូមទោស សម្តេច ៣ អង្គ ! នៅខាងឆ្វេងរូបថតនេះ) តើនឹងមានទោសដែរឬទេ?»

សំណើ​វិសោធនកម្ម​ជាលើកទីពីរ លើច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ នឹង​ចូល​ជា​ធរមាន ​នៅ​សប្ដាហ៍​ក្រោយ​នេះ បន្ទាប់ពី​ប្រមុខ​រដ្ឋ (ដែលមកដល់ថ្ងៃនេះ ជំនួសដោយប្រមុខរដ្ឋស្ដីទី ដែលជាប្រធានព្រឹទ្ធសភា លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា) ​ចុះ​ហត្ថលេខា​រួច។ ច្បាប់កែថ្មីនេះ ត្រូវបានក្រុមសមាជិកសភា មកពីគណបក្សកាន់អំណាច រៀបចំធ្វើ និងអនុម័តយ៉ាងប្រញាប់ប្រញាល ទៅតាមបញ្ជារបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្ស ដែលបានប្រកាសឡើង កាលពីចុងខែកន្លងមក។

នៅចំពោះសមាជិក និងអ្នកគាំទ្ររាប់ពាន់នាក់ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃ​ទី២៨ ខែមិថុនានោះ នៅលើមជ្ឈមណ្ឌលកោះពេជ្រ លោក ហ៊ុន សែន បានបញ្ជាឲ្យកែច្បាប់នេះ បន្ទាប់ពីបាននិយាយ ដោយមិនចេញឈ្មោះ សំដៅទៅមេដឹកនាំ​ប្រឆាំង ដ៏មានសក្ដានុពល លោក សម រង្ស៊ី ​ ដែលលោកនាយករដ្ឋមន្ត្រីជឿថា នៅតែមានសកម្មភាព«ផ្សារភ្ជាប់»ជាមួយ ជាមួយគណបក្សសង្គ្រោះជាតិដដែល។

បន្ទាប់មកប៉ុន្មានថ្ងៃ គឺនៅដើមខែកក្កដា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រកាសប្រាប់សារព័ត៌មាន «The Cambodia Daily» ថា ការធ្វើវិសោធនកម្មជាលើកទី២ ទៅលើច្បាប់ដ៏ចម្រូងចម្រាស់ ជាការប៉ុនប៉ង«សម្លាប់ជីវិតនយោបាយ សម រង្ស៊ី»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...