អនុប្រធាន CNRP ហៅ ហ៊ុន សែន ជា«មនុស្សពាល»?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២១ ធ្នូ ២០១៧
- កែប្រែចុងក្រោយ: December 21, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្គ្រាមពាក្យសំដី នៅតែបន្តហូរ! នៅថ្ងៃនេះ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន នៅសហរដ្ឋអាមេរិក បានសរសេរសារបញ្ឆិតបញ្ឆៀង ដាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយទំនងជាហៅបុរសខ្លាំងរូបនេះ ថាជា«មនុស្សពាល»។ ហើយនេះ ជាប្រតិកម្មដ៏ខ្លីមួយ បន្ទាប់ពីការការថ្លែងជាសាធារណៈ របស់នាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលម៉ិញ ដែលប្រើពាក្យ«ហ្អែង អញ អាមឹង...» ជាច្រើន។
មេដឹកនាំគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានសរសេរនៅលើបណ្ដាញសង្គមថា៖ «មនុស្សពាល អវិជ្ជា ចូលចិត្តប្រើពាក្យ" ហ្អែង អញ អា មឹង..."។ មនុស្សប្រភេទនេះ មិនស័ក្តិសមជាមេដឹកនាំប្រទេសឡើយ។»
កាលពីម្សិលម៉ិញ នៅចំពោះក្រុមកម្មករ កម្មការិនីច្រើនពាន់នាក់ ក្នុងពិធីសំណេះសំណាលមួយ នាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដោយ ពាក្យពេជន៍ដ៏គ្រោតគ្រាតថា លោកនឹងមិន«ជ្រលក់មាត់» និយាយពីគណបក្សសង្គ្រោះជាតិទៀតទេ។ លោកបានថ្លែងដូច្នេះ បន្ទាប់ពីលោកបានបន្ទន់ជំហរ កាលពីម្សិលម្ងៃ ប្រាប់ឲ្យមន្ត្រីគណបក្សប្រឆាំង បង្កើតគណបក្សថ្មីមួយទៀត ដើម្បីចូលរួមការបោះឆ្នោតខាងមុខ។
នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានថ្លែងឡើងថា៖ «អស់លោកអ្នកកុំទាញគេ ឲ្យទទួលកំហុសជាមួយ។ កុំ! មិនចាំបាច់ជ្រលក់មាត់ទេ។ ហ្អែងមិនបង្កើតបក្សថ្មីទេ មុខដូចម៉ែអញ! យើងមិនបានដេញអ្នកឯងទេ អ្នកឯងចេញទៅក្រៅ ស្រុកខ្លួនឯងតើ!»។
លោក ហ៊ុន សែន បានពន្យល់ថា ការហៅមន្ត្រីប្រឆាំងទាំងឡាយ ឲ្យបង្កើតគណបក្សនយោបាយថ្មី គឺជា«បំណងល្អ»របស់លោក ខណៈគណបក្សសង្គ្រោះជាតិ ត្រូវបានរដ្ឋាភិបាលលោករំលាយរួចហើយនោះ។ លោកថា៖ «ជួនកាលយើងមានបំណងល្អ តែគេបែរជាយល់ថា យើងបង្ខំឲ្យធ្វើតាម។ មិនបាច់ធ្វើតាម ហ៊ុន សែន ទេ មិនបាច់ធ្វើទេ ទៅងាប់ឯណាងាប់ចុះ! និយាយស្រួល អានេះថាយើងទន់។»។
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា ត្រូវបានគេស្គាល់ជាទូទៅ ថាតែងបានប្រើពាក្យដ៏«អសុរស» ក្នុងការឆ្លើយឆ្លងជាសាធារណៈ ហៅមន្ត្រីគណបក្សប្រឆាំង ជាពិសេសលោកបានហៅមេដឹកនាំគណបក្សប្រឆាំង ដោយប្រើពាក្យថា «អាគុក» ឬ «អាកូនជនក្បត់ជាតិ» ជាដើម៕