ប្រតិកម្មប្រឆាំងនឹងការដាក់ពង្រាយទ័ពព័ទ្ធក្រុង ដោយរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ ប្រតិកម្មប្រឆាំងនឹងការដាក់ពង្រាយកងទ័ព រួមនឹងសម្ភារៈសឹកធុនធ្ងន់ផង ក្រោមមូលហេតុដើម្បីពង្រឹកសន្តិសុខជាតិ និងសុវត្ថិភាពសង្គម របស់រដ្ឋាភិបាលចាំផ្ទះ បានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះរួមមានមន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងផង។ ពីសហរដ្ឋអាមេរិក ទីកន្លែងដែលលោកកំពុងបំពេញបេសកកម្មនោះ លោកសម រង្សី បានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់ នូវអំពើនេះ ខណៈដែលអន្តរជាតិនានា បានសម្ដែងការព្រួយបារម្ភ។
ក្បួនម៉ូតូរបស់កងកម្លាំងអាវុធហត្ថ ដែលបានចូលទៅដល់ក្នុងវត្តអារាមមួយ នៅភ្នំពេញ។ (រូបថត AFP)
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងបំពេញបេសកម្មនៅសហរដ្ឋអាមេរិក បានអំពាវនាវតាមរយៈគេហទំព័រហ្វេសប៊ុករបស់លោក ឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបង្កើនកម្លាំងទ័ព និងបញ្ឈប់ការចល័តកងកម្លាំងប្រដាប់អាវុធ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។
លោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុកខ្លួន នៅល្ងាចថ្ងៃអង្គារថា លោកសូមអំពាវ នាវ ឲ្យរដ្ឋាភិបាលបញ្ឈប់ការបង្កើនកម្លាំងទ័ព និងបញ្ឈប់ការចល័តកងកម្លាំងប្រដាប់អា វុធ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ លោកបានថ្លែងទៀតថា ៖«ខ្ញុំក៏សូមអំ ពាវនាវដល់ប៉ូលីសនិងទាហានទាំងអស់ កុំប្រើអំពើហិង្សាមកលើប្រជារាស្រ្តស្លូតត្រង់ឲ្យសោះ ពីព្រោះយើងទាំងអស់គ្នាគឺជាខ្មែរដូចគ្នា ជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា និង ជាអ្នកស្រលាញ់ប្រទេសជាតិរបស់យើង ទាំងអស់គ្នា»។
បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបឋម នៅយប់ថ្ងៃទី២៨ ខែកក្កដា ដោយ គ.ជ.ប គេសង្កេតឃើញមានការចល័តកម្លាំងយោធា ប៉ូលិស និងរថពាសដែកមករាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចពីអស្ថិរភាពសង្គម ឬក៏សង្គ្រាម។ បន្ទាប់មក លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចេញមុខបកស្រាយជាសាធារណៈ ដោយមានប្រសាសន៍ថា ការចល័តទ័ពនៅរាជធានីភ្នំពេញ គឺដើម្បីការពារសន្តិសុខ នៅពេលគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
លោក ជាម យៀប ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា បានមានប្រសាសន៍ឲ្យដឹងថា ការសម្រេចដកទ័ព ឬមិនដកនោះ គឺសម្រេចនៅលើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ពុំអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយ បានទេ។
ប្រតិកម្មរបស់សហគមន៍អ៊ឺរ៉ុប
នៅថ្ងៃម្សិលម៉ិញផងដែរនោះ លោកស្រី កាតេរីន អាស្តុន (Catherine Ashton) អនុប្រធានគណៈកម្មការអឺរ៉ុប បានសរសេរលិខិតមួយជូន លោក សម រង្ស៊ី ដោយបានសម្តែងការស្វាគមន៍ចំពោះលទ្ធផលបោះឆ្នោត ដែលគណបក្សប្រឆាំងទទួលបាន និងស្នើសុំឲ្យមេបក្សប្រឆាំងរូបនេះរក្សាស្មារតី ចរចារដោយសន្តិភាព នៅក្នុងស្ថានការណ៍ថ្មីៗនេះ វាមានសារៈសំខាន់ណាស់ ដែលភាគីពាក់ព័ន្ធទំាងអស់ត្រូវថែរក្សាសនិ្តភាព ដើម្បីរឹតបន្តឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា។ លោកស្រីបានលើកឡើងទៀតថា ៖ «ខ្ញុំសូមធ្វើការលើកទឹកចិត្តយ៉ាងខ្លំាង ចំពោះគណបក្សរបស់លោក ដើម្បីខិតមកជិតនៃកិច្ចព្រមព្រៀង គ្នាឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយជាមួយនឹងបញ្ហាទំាងនេះ។ ទោះបីជាមានភាពមិនប្រក្រតី មួយចំនួនកើតឡើងក៏ដោយ ក៏ការបោះឆ្នោតនេះ ប្រព្រឹត្តឡើងក្នុងបរិយាកាស ពោរពេញដោយសន្តិភាព»។
ប្រតិកម្មរបស់អង្គការលើកលែងទោសអន្តរជាតិ
បន្ទាប់ពីបានចេញសេចក្ដីប្រកាសព័ត៌មាន សម្ដែង«ការព្រួយបារម្ភ»នឹងការចល័តកងទ័ពមកកាន់រាជធានីភ្នំពេញនេះ កាលពីសប្ដាហ៍មុនរួចមក លោកស្រីអ៊ីស៊ាប៊ែល អារ៉ាដុន (Isabelle Arradon) នាយិការងអង្គករលើកលែងទោសអន្តរជាតិ ទទួលបន្ទុកតំបន់អាស៊ីបាស៊ីភិក បានថ្លែងនៅថ្ងៃទី១២ខែសីហានេះថា «អាជ្ញាធររបស់ប្រទេសកម្ពុជាត្រូវធានាថា ស្ថានភាពនៅក្រោយការបោះឆ្នោត នឹងមិនឈានទៅដល់ ការប្រើប្រាស់អំពើហឹង្សានោះឡើយ»។ លោកស្រីបាននិយាយ ប្រជាពលរដ្ឋកម្ពុជា ត្រូវមានឱកាសគ្រប់គ្រាន់ ដើម្បីសម្ដែងមតិរបស់ពួកគេ ហើយត្រូវបានអនុញ្ញាតឲ្យសម្ដែង នូវសិទ្ធិសេរីភាពរបស់ពួកគេដោយសន្តិវិធី។ នាយិកាអង្គការអន្តរជាតិ បានសង្កត់ធ្ងន់ថា «កងកម្លាំងសន្តិសុខរបស់ប្រទេសកម្ពុជា ត្រូវជៀសវាងឲ្យបានជាដាច់ខាត នូវការប្រើប្រាស់កម្លាំងហួសប្រមាណ ឬមិនអាចផ្ទៀងផ្ទាត់បាន ប្រឆាំងនឹងបាតុករ។ គេ(កងកម្លាំងសន្តិសុខ) មិនត្រូវបង្កឲ្យស្ថានភាពដែលកំពុងតានតឹងរួចហើយ ឈានទៅដល់ដំណាក់កាលដ៏ហួសហេតុ ដោយមិនបានគិត និងគោរពទៅដល់"សិទ្ធិមនុស្ស"ជាមូលដ្ឋាននោះទេ»។
ប្រតិកម្មពីអង្គការសង្គមស៊ីវិល
នៅរសៀលថ្ងៃពុធ ទី១៤ ខែសីហានេះ អង្គការសង្គមស៊ីវិលប្រមាណជា២០អង្គការ រួមទាំងពលរដ្ឋប្រមាណជា ២៥០នាក់ ដែលស្រលាញ់សន្តិភាព បានធ្វើពិធីបួងសួងសុំសន្តិភាពនៅនៅក្បែរវត្តភ្នំ ខណៈកម្ពុជាកំពុងមានវិបត្តិនយោបាយ ក្រោយការបោះឆ្នោតនិងការដាក់ពង្រាយកងទ័ព និងរថពាសដែកនៅរាជធានីភ្នំពេញនេះ។ ការជួបជុំគ្នារបស់មន្ត្រីអង្គការសង្គមស៊ីវិល និងក្រុមប្រជាពលរដ្ឋនៅថ្ងៃនេះ ដើម្បីបង្ហាញសារទៅអ្នកនយោបាយថា ប្រជាពលរដ្ឋចង់បានសន្តិភាព ហើយស្នើឲ្យគ្រប់ភាគីដោះស្រាយបញ្ហាដោយសន្តិភាព។
រីឯសហព័ន្ធសហជីព និងអង្គការគាំទ្រវិស័យការងារចំនួន១៥ បានសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី ១៣ ខែសីហា បានថ្កោលទោសចំពោះការដាក់កម្លាំងយោធា នៅរាជធានីភ្នំពេញ ដែលជាហេតុធ្វើឲ្យមានភាពភ័យខ្លាចដល់កម្មករ និងធ្វើឲ្យផលិតផលវិស័យកាត់ដេរថយចុះ ហើយតាមការប៉ាន់ប្រមាណអវត្តមានរបស់កម្មករ និយោជិតនៅ កន្លែងការងារ មានការកើនឡើង ប្រហែលជា២០%។
ស្ថានការណ៍នយោបាយកម្ពុជា បានធ្លាក់ដុនដាបបន្តិចម្ដងៗ ចាប់តាំងពីក្រោយការបោះឆ្នោតមក ក្រោយបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានធ្វើការបដិសេធដាច់ខាត ចំពោះលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបានព្រមានធ្វើមហាបាតុកម្មអហិង្សា ប្រសិនបើគណៈកម្មការចម្រុះមួយ ដែលដឹកនាំដោយអង្គការសហប្រជាជាតិ មិនត្រូវបានបង្កើតឡើង ទៅតាមការទាមទាររបស់ខ្លួន ដើម្បីធ្វើការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតទេនោះ។
នៅថ្ងៃពុធនេះ គណកប្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងតវ៉ាទៅ គ.ជ.ប ចំពោះការប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតនេះ ដែលបានប្រកាស កាលពីដើមសប្តាហ៍នេះ។ ចំណែកឯលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គ្រោងនឹងវិលត្រលប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះផងដែរ៕
-----------------------------------------------------
ដោយ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ