កឹម សុខា ត្រូវបញ្ជូនខ្លួនទៅឃុំ នៅពន្ធនាគារត្រពាំងផ្លុង

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា បន្ទាប់ពីត្រូវបានចាប់ខ្លួនខ្លួនហើយ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានបញ្ជូនខ្លួន ទៅឃុំនៅឯពន្ធនាគារ«ត្រពាំងផ្លុង» ដែលស្ថិតក្នុងខេត្តត្បូងឃ្មុំ នៅមិនឆ្ងាយប៉ុន្មាន ពីព្រំដែនកម្ពុជា-វៀតណាម។ 
កឹម សុខា ត្រូវបញ្ជូនខ្លួនទៅឃុំ នៅពន្ធនាគារត្រពាំងផ្លុង
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងការបង្ហាញខ្លួន តាមដីកាកោះមួយ របស់សាលាដំបូងរាជធានី កាលពីខែមេសា ឆ្នាំ២០១៥។ (រូបថត MONOROOM.info/ S.Tith)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 03, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួន នៅឯពន្ធនាគារ«ត្រពាំងផ្លុង» ក្នុងខេត្តត្បូងឃ្មុំ ដែលមានចំងាយ ជិត២០០គីឡូម៉ែត ពីរាជាធានីភ្នំពេញ និងនៅមិនឆ្ងាយប៉ុន្មាន ពីព្រំដែន«ខ្មែរ-យួន»។ នេះ បើតាមការអះអាង របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលត្រូវបានស្រង់សំដី ដោយវិទ្យុអាស៊ីសេរីនៅមុននេះបន្តិច។ 

មេដឹកនាំប្រឆាំងនៅកម្ពុជារូបនេះ បានក្លាយជាអ្នកនយោបាយមួយរូបទៀត ដែលត្រូវបានបញ្ជូនទៅឃុំខ្លួន នៅទីនោះ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បន្ទាប់ពីលោក វន់ ពៅ ជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមនុស្សចំនួន ជាង​២០នាក់ទៀត ដែលត្រូវបានសមត្ថកិច្ច គ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ចាប់និងបញ្ជូនខ្លួន ទៅដាក់ឃុំនៅពន្ធនាគារដដែលយ៉ាងតក់ក្រហល់ កាលពីដើមខែមករា ឆ្នាំ២០១៤។

លោកកឹម សុខា រួមនឹងអង្គរក្សរបស់លោក ចំនួន៨នាក់ទៀត ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន នៅយប់រំលងអាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ ធ្វើឡើង នៅក្រោយការបង្ហោះ នៅតាមបណ្ដាញសង្គម នូវវីដេអូ​នៃការថ្លែងមួយ របស់លោក កឹម សុខា ដែលលោកបាននិយាយ នៅប្រទេសអូស្ត្រាលី កាលពីចុងឆ្នាំ២០១៣។

ការបង្ហោះវីដេអូនោះ ធ្វើឡើងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ តាមរយៈទំព័រហ្វេសប៊ុក​អនាមិកមួយ ដាក់ឈ្មោះ «កូនខ្មែរ» មុននឹងត្រូវយកទៅផ្សាយបន្ត កាលពីរសៀលម្សិលម៉ិញ ដោយសារព័ត៌មានមួយ ដែលល្បីថា ជាសារព័ត៌មានរណបរដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។

នៅក្រោយការចាប់ខ្លួននោះ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់ថា៖ «តាមរយៈវិដេអូក្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodia Broadcasting Network) ដែលមានទីតាំងនៅអូស្រ្តាលី និងភស្តុតាងដទៃទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន គឺបានបង្ហាញឲ្យឃើញច្បាស់ អំពីផែនការសម្ងាត់នៃ ការឃុបឃិតគ្នារវាងឈ្មោះ កឹម សុខា និងបក្សពួក ជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ ដល់ព្រះរាជាណាចក្រកម្ពុជា»។

សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ថា៖ «អំពីនៃការឃុបឃិតគ្នា ជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ធិដ្ឋិភាព ជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។

តាមក្រមព្រហ្មទណ្ឌកម្ពុជា នៅត្រង់មាត្រា ៤៣៩ ដែលចែងពីអំពើក្បត់ជាតិ និងចោរកម្ម បានសរសេរថា៖ «បទល្មើសដែលមានចែង ក្នុងផ្នែកនេះ ជាអំពើក្បត់ជាតិ កាលបើបទល្មើស ប្រព្រឹត្តដោយពលករដ្ឋខ្មែរ ឬដោយយោធិនខ្មែរ និងជាចារកម្ម កាលបើបទល្មើសនេះ ប្រព្រឹត្តដោយបុគ្គលដទៃទៀត»។

រីឯមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌដដែល ចែងបន្តថា៖ «បទសន្និដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នា​ដោយសម្ងាត់ ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើត ឲ្យមានអំពើប្រទូស្ដរ៉ាយ ឬឲ្យមានអំពើឈ្លានពាន ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា»។

ប៉ុន្តែគណបក្សសង្គ្រោះជាតិវិញ បានចេញសេចក្ដីថ្លែងការណ៍មួយ ថ្កោលទោសការចាប់ខ្លួននេះ ដោយបានវាយតម្លៃហេតុការណ៍ ពីសំណាក់អាជ្ញាធរ ថាធ្វើឡើង«ដោយហេតុផលនយោបាយ»។ សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយនៅវេលាម៉ោង ប្រមាណជា៤ទៀបភ្លឺក្នុងថ្ងៃនេះ បានហៅការចាប់ខ្លួនខាងលើ ថាជា«ទង្វើរំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ ដោយសារថា ការចាប់ខ្លួននេះ ធ្វើឡើងទាំងកណ្ដាលយប់​អាធ្រាត និងក្នុងខណៈពេល ដែលលោក កឹម សុខា គឺជាអ្នកតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភា»។

គណបក្សប្រឆាំង ដែលមានសម្លេងភាគតិច នៅក្នុងរដ្ឋសភាសព្វថ្ងៃ បានអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ តាមរយៈសេចក្ដីថ្លែងការណ៍នោះ គណបក្សសង្គ្រោះជាតិ បានអំពាវនាវផងដែរ ទៅដល់សហគមន៍អន្តរជាតិ ឲ្យជួយធ្វើអន្តរាគមន៍ ក្នុងករណីនេះ ហើយទាមទារឲ្យបញ្ឈប់ រាល់ការគម្រាមកំហែង គាបសង្កត់ តាមគ្រប់រូបភាព ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច មកលើគណបក្ស និងមន្ត្រីរបស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...